Yearendyearend1140x150

បណ្ឌិត គិន ភា៖ជំហរកម្ពុជាបង្ហាញពីភាពថ្នាំងថ្នាក់ចំពោះទណ្ឌកម្មអាមេរិកជុំវិញបញ្ហាអាវុធ

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា។

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន នៅថ្ងៃទី ១០ធ្នូ បានចេញបញ្ជាឱ្យប្រមូលអាវុធ និង សម្ភារៈយោធាអាមេរិកទាំងអស់ ប្រសិនបើមាន យកទៅរក្សាទុកក្នុងឃ្លាំង ឬយកទៅកម្ទេចចោល។ ការប្រកាន់ជំហររបស់សម្តេចបែបនេះ គឺចង់បង្ហាញថាការថ្នាំងថ្នាក់របស់សម្តេច ចំពោះទណ្ឌកម្មរបស់អាមេរិក ដែលមានឆ្លុះបញ្ចាំងពីតថភាពជាក់ស្តែងទៅលើហេតុផលដែលអាមេរិកបានលើកឡើងកន្លងមក។ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា។

លោកបណ្ឌិត គិន ភា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ជាការឆ្លើយតបរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លោកបណ្ឌិតយល់ថា ជាការឆ្លើយតបបង្ហាញពីការថ្នាំងថ្នាក់របស់សម្តេច ចំពោះទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដោយលោកបណ្ឌិតមើលឃើញ ទិដ្ឋភាពទី១ និយាយពីដំណើរការប្រជាធិបតេយ្យ ពីសិទ្ធិមនុស្ស នីតិរដ្ឋនៅកម្ពុជា ហើយអ្វីដែលធ្ងន់ធ្ងរគឺអាមេរិកភ្ជាប់ទណ្ឌកម្មនេះ ជាមួយទំនាក់ទំនងរបស់កម្ពុជាជាមួយនឹងចិន។

លោកបណ្ឌិត បានបញ្ជាក់ថា ជាក់ស្តែងទំនាក់ទំនងរវាងកម្ពុជានិងចិន គឺដូចទំនាក់ទំនងជាមួយបណ្តាប្រទេសផ្សេងទៀត គឺឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក គោរពលើអធិបតេយ្យឯករាជ្យ បូរណភាពទឹកដី និងមិនជ្រៀតជ្រែកលើរឿងផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក។

លោកបណ្ឌិត បានបន្តថា ទិដ្ឋភាពទី២ លោកមើលឃើញថា ជំហររបស់រដ្ឋាភិបាលគឺចង់បង្ហាញថាប្រព័ន្ធអាវុធរបស់កម្ពុជា គឺមិនមានភាពពឹងអាស្រ័យទៅលើអាវុធដែលនាំចូលពីអាមេរិកទេ ដូច្នេះមិនមានការចាំបាច់អ្វីដែលត្រូវមានការប្រឈម ឬក៏មិនបង្កជាឧបសគ្គ ព្រោះអាវុធដែលកងយុទ្ធពលខេមរភូមិន្ទប្រើប្រាស់ ភាគច្រើនបំផុតគឺរដ្ឋាភិបាលទិញមកពីប្រទេសចិន រុស្ស៊ី និងប្រទេសមួយចំនួនទៀតមកពីអឺរ៉ុបខាងកើត។

ចំណែកទិដ្ឋភាពទី៣ ពាក់ព័ន្ធការប្រមូលទុក ឬកម្ទេចចោលនូវអាវុធរបស់អាមេរិក ដែលអាចមាននៅកម្ពុជា លោកបណ្ឌិតយល់ថា ការលើកឡើងនេះជាការបញ្ជាក់ឲ្យឃើញថា កម្ពុជាមិនពឹងផ្អែកលើអាវុធរបស់អាមេរិកទេ ប៉ុន្តែជាការឆ្លើយតប បែបការទូតមួយរបៀបជាការបង្ហាញការថ្នាំងថ្នាក់ខ្លាំងរបស់ប្រមុខរាជរដ្ឋាភិបាលចំពោះឥរិយាបទរបស់អាមេរិកចំពោះកម្ពុជា។

លោកបណ្ឌិត សង្កត់ធ្ងន់ថា ចំពោះការថ្នាំងថ្នាក់នេះ ផលប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជានិងអាមេរិក តិចឬច្រើនប្រាកដជាមាន។ ធម្មតាគោលបំណងរបស់សហរដ្ឋអាមេរិកចំពោះកម្ពុជាដែលបានលើកហេតុផលផ្សេងៗ គឺហេតុផលធំរបស់អាមេរិកសម្រាប់កម្ពុជាគឺ អាមេរិកមិនចង់ឃើញឥទ្ធិពលចិននៅក្នុងប្រទេសកម្ពុជា។ លោកបណ្ឌិតយល់ថានេះជាចំណុចចាប់ផ្តើម អាមេរិកអាចនឹងបន្តជំហានមួយចំនួនទៀត ពាក់ព័ន្ធនឹងទណ្ឌកម្មរបស់ខ្លួននៅប្រទេសកម្ពុជា ព្រោះគោលបំណងរបស់អាមេរិកនៅកម្ពុជា គឺមិនចង់ឃើញពីប្រជាធិបតេយ្យនៅកម្ពុជានោះទេ គឺចង់មើលឃើញការបាត់បង់ទៅវិញនូវឥទ្ធិពលរបស់ចិននៅកម្ពុជា។

គួរបញ្ជាក់ថា អាមេរិក នៅថ្ងៃទី ៨ធ្នូ បានសម្រេចដាក់ទណ្ឌកម្មមកលើកម្ពុជា ដោយរឹតបន្តឹងការលក់ដូរអាវុធ និងសម្ភារៈយោធាដល់កម្ពុជា។ ការដាក់ទណ្ឌកម្មនេះ ត្រូវបានក្រសួងពាណិជ្ជកម្មអាមេរិកពន្យល់ថា ធ្វើឡើងនៅចំពោះមុខការកើនឡើងនៃឥទ្ធិពលយោធាចិននៅកម្ពុជា។ សម្រាប់អាមេរិក ទណ្ឌកម្មនេះ ក៏ដាក់ចេញដើម្បីជំរុញឲ្យកម្ពុជា ងាកមកគិតគូរពីការរំលោភសិទ្ធិមនុស្ស និងអំពើពុករលួយនៅក្នុងប្រទេស៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង