Yearendyearend1140x150

ពិធីថ្វាយព្រះភ្លើងព្រះសពសម្ដេចក្រុមព្រះនរោត្តម រណរិទ្ធិបញ្ចាប់ដោយភាពសោកសៅ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ពិធីថ្វាយព្រះភ្លើង(បូជាសព) សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ 

ភ្នំពេញ៖ ពិធីថ្វាយព្រះភ្លើង(បូជាសព) សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បានបញ្ជាប់ជាផ្លូវការហើយនៅព្រឹកថ្ងៃទី ៨ ធ្នូ ឆ្នាំ២០២១នេះ។ពិធីនេះបញ្ចប់ទៅដោយបន្សល់នូវភាពសោកសៅ  និងការអាឡោះអាល័យជាពន់ពេកពីអង្គព្រះមហាក្សត្រ និង ប្រជាពលរដ្ឋដែលស្រឡាញ់សម្តេចក្រុមព្រះ។

តាំងពីព្រឹកព្រលឹមគេឃើញមានមន្ត្រីអ្នកមុខអ្នកការសាច់សារលោកហិតនៃរាជវង្សអង្គព្រះមហាក្សត្រ បានរៀបចំជាពិធីដង្ហែរព្រះសពសម្ដេចព្រះនរោត្ដម រណឫទ្ធិ ឆ្ពោះទៅកាន់មេរុ នៅមុខវត្តបទុមវតី ដើម្បីធ្វើការបូជារំលាយព្រះសពនៅវេលាម៉ោង៩ និង៣០នាទីនាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហាក្សត្រី ព្រះវរាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់។

ជាមួយគ្នានោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំជាតិ ជាច្រើនរូបទៀត បានអញ្ជើញចូលរួមក្នុងពិធីថ្វាយព្រះភ្លើង(បូជាសព) សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលត្រូវបានសោយទីវង្គតកាលពីពេលថ្មីៗកន្លងទៅនេះ។

ពិធីបានប្រព្រឹត្តិទៅ បានបង្ហាញនូវ ក្តីក្តុកក្តួល និង សោកស្ដាយជាទីបំផុត ចំពោះការបាត់បង់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ។ សម្តេច ហ៊ុន សែន បានចាត់ទុកថា នេះគឺជាការបាត់បង់ព្រះរាជឥស្សរជនក្នុងព្រះរាជវង្សដ៏ល្អឆ្នើមមួយព្រះអង្គដែលទ្រង់ពេញព្រះហឫទ័យ ស្នេហាជាតិ សាសនា ព្រះមហាក្សត្រ ប្រកបដោយព្រះឆន្ទៈមនសិការមោះមុត និង វាងវៃជាអតិបរមា និង លំឱនកាយវាចាចិត្ត ឧទ្ទិសបួងសួងយាងដួងព្រះវិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ យកកំណើតក្នុងព្រះសុគតិភពគ្រប់ៗព្រះជាតិកុំបីឃ្លៀងឃ្លាតឡើយ។

គួរបញ្ជាក់ថា ព្រះសពសម្តេច​ក្រុម​ព្រះ ​នរោត្តម​ រណឫទ្ធិ ​ដែល​ជា​អតីត​នាយក​រដ្ឋមន្រ្តី​កម្ពុជា ​ត្រូវ​បាន​បញ្ជូន​មក​ដល់​ព្រលាន​យន្តហោះ​ក្នុង​រាជធានី​ភ្នំពេញ ​នា​ពេល​ថ្ងៃ​ត្រង់ ​កាល​ពី​ថ្ងៃ​អាទិត្យ ​ទី​៥​ ខែ​ធ្នូ​ ឆ្នាំ​២០២១។​ព្រះអង្គ​​ជា​អ្នក​នយោបាយ​ជើង​ចាស់​មួយ​អង្គ​ បាន​យាង​សោយ​ទិវង្គត​ក្នុង​ព្រះ​ជន្មាយុ​៧៧​ព្រះ​វស្សា ​កាល​ពី​ថ្ងៃ​ទី​២៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១ ​នៅ​ប្រទេស​បារាំង​៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង