Yearendyearend1140x150

អូស្ត្រាលីចូលរួមជាមួយអាមេរិកធ្វើពហិការការទូត ខណៈចិនគម្រាមឆ្លើយតបយ៉ាងតឹងរឹងចំពោះទង្វើនេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អូស្ត្រាលីចូលរួមជាមួយអាមេរិកធ្វើពហិការការទូត ខណៈចិនគម្រាមឆ្លើយតបយ៉ាងតឹងរឹងចំពោះទង្វើនេះ ប្រភពរូប៖ RT

អូស្ត្រាលី៖ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison បានបញ្ជាក់ថា ប្រទេសរបស់លោកនឹងមិនបញ្ជូនមន្ត្រីរដ្ឋាភិបាលទៅចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងឆ្នាំ ២០២២ នៅឆ្នាំក្រោយនោះទេ ដោយការសម្រេចចិត្តនេះគឺដើរតាមគន្លងរបស់សហរដ្ឋអាមេរិក។

លោក Morrison បាននិយាយនៅថ្ងៃពុធថា វានឹងមិនមានការភ្ញាក់ផ្អើលទេដែលអូស្ត្រាលីនឹងមិនបញ្ជូនអ្នកតំណាងផ្លូវការណាមួយទៅការប្រកួតកីឡាអូឡាំពិកទីក្រុងប៉េកាំងឆ្នាំ២០២២ ក្នុងប្រទេសចិននាពេលខាងមុខនោះទេ ដោយលើកឡើងពីការចោទប្រកាន់ថា "ការរំលោភសិទ្ធិមនុស្សនៅស៊ីនជាំង និងបញ្ហាជាច្រើនទៀត ដែលអូស្ត្រាលីបានលើកឡើងជាបន្តបន្ទាប់"។

ទោះជាយ៉ាងនេះក្តី លោកនាយករដ្ឋមន្ត្រីបានទទូចថា ខណៈពេលដែលមន្ត្រីអូស្ត្រាលីនឹង "មិនទៅប្រទេសចិន" សម្រាប់ការប្រកួតកីឡាអូឡាំពិក តែអត្តពលិកអូស្ត្រាលីនឹងនៅតែអាចប្រកួតប្រជែងបាន។

រដ្ឋាភិបាលរបស់លោក Morrison ដើរតាមគន្លងរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden ដែលរដ្ឋបាលរបស់លោកក៏បានប្រកាសធ្វើពហិការការទូតចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាកាលពីថ្ងៃចន្ទផងដែរ។

ទោះជាយ៉ាងណា ជុំវិញការសម្រេចចិត្តនេះ បានធ្វើឲ្យចិនប្រតិកម្មយ៉ាងខ្លាំង ចំពោះការធ្វើពហិការការទូតរបស់សហរដ្ឋអាមេរិក ចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារនៅទីក្រុងប៉េកាំងឆ្នាំ 2022 ដោយចោទទង្វើនេះថា ជាការរំលោភលើស្មារតីនៃកីឡាអូឡាំពិក។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារនៅទីក្រុងប៉េកាំងថា សហរដ្ឋអាមេរិកនឹងទទួលរងការបាត់បង់ “សិទ្ធិអំណាចខាងសីលធម៌ និងភាពជឿជាក់” ពីការធ្វើពហិការ ហើយនឹងជះឥទ្ធិពលអវិជ្ជមានដល់ “កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ” ទ្វេភាគីក្នុងវិស័យសំខាន់ៗ។ ហើយប្រទេសចិននឹងចាត់វិធានការ "តបត" ប្រសិនបើទីក្រុងវ៉ាស៊ីនតោនធ្វើពហិការការទូតនេះ។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននិយាយកាលពីខែមុនថា លោកកំពុងពិចារណាលើការធ្វើពហិការការទូត ដោយសារតែការរិះគន់លើការរំលោភសិទ្ធិមនុស្សរបស់ប្រទេសចិន រួមទាំងការឃុំខ្លួនជនមូស្លីម Uyghurs នៅក្នុងខេត្ត Xinjiang និងការបង្ក្រាបលើកងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្នុងទីក្រុងហុងកុង។

ការធ្វើពហិការផ្នែកការទូតរបស់សហរដ្ឋអាមេរិក ជៀសវាងការកើតឡើងម្តងទៀតនៃឆ្នាំ 1980 នៅពេលដែលប្រធានាធិបតីជំនាន់នោះគឺលោក Jimmy Carter បានរារាំងអត្តពលិកអាមេរិក ពីការចូលរួមក្នុងការប្រកួតកីឡារដូវក្តៅនៅទីក្រុងម៉ូស្គូ ដោយសារតែការលុកលុយរបស់សហភាពសូវៀតលើអាហ្វហ្គានីស្ថាននៅចុងឆ្នាំ 1979 ។

សូមបញ្ជាក់ថា ការប្រកួតកីឡារដូវរងានៅទីក្រុងប៉េកាំងនឹងដំណើរការចាប់ពីថ្ងៃទី 4 ដល់ថ្ងៃទី 20 ខែកុម្ភៈ ឆ្នាំ ២០២២ ខាងមុខ ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង