Foton on ads news final
Cct850x100 1
Sme laon web banner(1800 x 300)

កម្ពុជារកឃើញកូនក្រពើភ្នំជិតផុតពូជក្នុងដែនជម្រកសត្វព្រៃស្រែពក

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

មណ្ឌលគិរី៖ ក្រុមស្រាវជ្រាវសត្វព្រៃរបស់ក្រសួងបរិស្ថាននៅកម្ពុជា ថ្មីៗនេះ បានរកឃើញកូនក្រពើភ្នំចំនួន ៨ ក្បាល ដែលជាកូនក្រពើជិតផុតពូជ (Crocodylus siamensis) នៅក្នុងដែនជម្រកសត្វព្រៃស្រែពក ខណៈដែលក្រុមការងារបានតាមដានសត្វក្រពើទើបនឹងកើតមួយចំនួន ដោយកាមេរ៉ាស្វ័យប្រវត្តិដែលបានដាក់នៅទីតាំងនោះ។

នាយកអង្គការ WWF ប្រចាំកម្ពុជា លោក សេង ទៀក មានប្រសាសន៍ថា ការរកឃើញ សត្វក្រពើដ៏កម្រនេះនឹងបង្កើតកំណត់ត្រាថ្មីមួយសម្រាប់ប្រទេសកម្ពុជា ដោយដាក់តំបន់នេះថា “ កន្លែងក្រពើភ្នំពងកូនជោគជ័យ” ហើយចាត់ថ្នាក់វានៅក្នុងផ្នែកមួយ តំបន់ដែលមានសក្តានុពលការពារខ្ពស់បំផុតនៅលើពិភពលោក មិនត្រឹមតែសម្រាប់ក្រពើកម្រនោះទេ ដោយសារប្រភេទសត្វជិតផុតពូជជាច្រើនទៀតត្រូវបានមើលថែក្នុងប្រទេសកម្ពុជា។

លោក សេង ទៀក ថា ក្រពើភ្នំនេះជាសត្វមួយប្រភេទដែលជិតផុតពូជបំផុតនៅក្នងពិភពលោក។ ហើយក្រពើប្រភេទនេះត្រូវបានចុះបញ្ជីក្នុងសៀវភៅក្រហមរបស់ IUCN(International Union for Conservation of Nature) ដែលវាជិតផុតពូជ។ ប្រទេសកម្ពុជាគឺជាតំបន់ដែលមានសក្តានុពលសម្រាប់ក្រពើភ្នំ ដែលមានចំនួនប្រហែលជា ៥០%នៃចំនួនសត្វក្រពើភ្នំទូទាំងពិភពលោក។

លោក សេង ទៀក បន្តថា ចំនួនក្រពើភ្នំដែលមានច្រើនជាងគេគឺនៅតំបន់ជួរភ្នំក្រវាញ។ សម្រាប់ពេលថ្មីៗនេះគឺកម្ពុជាបានរកឃើញសត្វក្រពើភ្នំនេះនៅតំបន់ស្រែពក ដែលជាកំណត់ត្រាថ្មី។ ការរុករកក្រពើភ្នំមិនមែនជាការងារងាយស្រួលនោះទេ ព្រោះវាជាប្រភេទសត្វព្រៃ ហើយវាមានចំនួនតិច ដូច្នេះការរុករកតម្រុយរបស់វាគឺជារឿងពិបាក។ ហើយសត្វក្រពើគឺជាសត្វដែលពូកែខ្មាស់អៀនណាស់ ដូច្នេះការរុករកនៅក្នុងតំបន់ដែលវារស់នៅគឺជារឿងដែលពិបាកបំផុត។

លោក សេង ទៀក បានឲ្យដឹងថា ក្រោមកិច្ចសហការរវាង WWF និង ក្រសួងបរិស្ថាន ក៏ដូចជាអង្គការដៃគូមួយចំនួន បានសិក្សាស្រាវជ្រាវស៊ីជម្រៅ តាំងពីឆ្នាំ២០១៩ រហូតដល់ឆ្នាំ ២០២១ ហើយទើបតែខែកញ្ញាឆ្នាំ២០២១ នាពេលថ្មីៗនេះ ក្រុមការងារស្រាវជ្រាវ បានជួបរឿងមួយដែលមិនគួរឲ្យជឿ ដោយបានផ្តិតរូបផ្តាល់តាមរយៈកាមេរ៉ាស្វ័យប្រវត្តិដែលបានដាក់ក្នុងព្រៃ នូវកូនក្រពើរដែលទើបនឹងកើតចំនួន៨ក្បាល។

លោក សេង ទៀក បានបញ្ជាក់ថា ការរកឃើញរបស់ក្រុមការងារស្រាវជ្រាវនឹងគឺបានផ្តល់សារ៤ សំខាន់ៗ ទីមួយគឺជាកំណត់ត្រាថ្មីសម្រាប់ប្រទេសកម្ពុជា ដែលគេហៅថា កន្លែពងកូនរបស់សត្វក្រពើភ្នំ ដែលសត្វក្រពើដ៏កម្រនេះអាចបន្តពូជដោយជោគជ័យ ហើយប្រទេសកម្ពុជាមិនទាន់ចុះបញ្ជីតំបន់មួយនេះទៅក្នុងបញ្ជីនោះទេ។

សារទី២ គឺកម្ពុជានឹងដាក់តំបន់នេះទៅក្នុង Global Mark ដើម្បីឲ្យពិភពលោកដឹងថាតំបន់ស្រែពកនេះគឺជាកន្លែង សត្វក្រពើភ្នំពងកូន ដោយជោគជ័យ។ សារទី៣ គឺជាសារសំខាន់ដែលចង់បង្ហាញថាតំបន់ស្រែពក គឺជាតំបន់មួយដែលមានសក្តានុពលផ្នែកអភិរក្ស ខ្ពស់បំផុតនៅក្នុងពិភពលោក មិនមែនត្រឹមតែសត្វក្រពើភ្នំនោះទេ ក៏មានប្រភេទសត្វដែលជិតផុតពូជជាច្រើន ទៀតដែលកំពុងតែយកចិត្តទុកដាក់។ "

ចំណែកសារទី៤ដែលជាសារសំខាន់ផងដែរនោះគឺ ការអនុវត្តន៍ច្បាប់របស់មន្រ្តីល្បាតដែលស្ថិតនៅក្រោមក្រសួងបរិស្ថាន កាន់កាប់នៅតំបន់នោះ បានអនុវត្តន៍ច្បាប់បានល្អ។ ការការពារតំបន់នោះបានល្អទើបអាចរកឃើញវត្តមានរបស់សត្វដ៏កម្រមួយនេះ៕


Khcct banner

អត្ថបទទាក់ទង