Yearendyearend1140x150

សមាគមទេសចរណ៍៖ការលុបចោលការហាមអ្នកដំណើរទាំង១០ប្រទេសមកកម្ពុជាជារឿងត្រឹមត្រូវ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោកស្រី ឆាយ ស៊ីវលីន ប្រធានទីភ្នាក់ងារទេសចរណ៍កម្ពុជា

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី០៥ ខែធ្នូនេះ បានសម្រេចលុបចោលការហាមអ្នកដំណើរ ឬអ្នកដែលឆ្លងកាត់ប្រទេសតំបន់អាហ្វ្រិកចំនួន១០ ចូលកម្ពុជា។ ដូចនេះ ការសម្រេចនេះជារឿងដ៏ត្រឹមត្រូវមួយ ដើម្បីកុំឱ្យប្រទេសទាំងនោះមានភាពអន់ចិត្ត និងគិតថាកម្ពុជារើសអើង។ នេះបើតាមការលើកឡើងរបស់លោកស្រី ឆាយ ស៊ីវលីន ប្រធានទីភ្នាក់ងារទេសចរណ៍កម្ពុជា។

លោកស្រី ឆាយ ស៊ីវលីន បានប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា ជុំវិញការលុបចោលលើការហាមអ្នកដំណើរពីប្រទេសតំបន់អាហ្វ្រិកចំនួន១០មកកម្ពុជា គឺមានហេតុផលសំខាន់ៗច្រើនយ៉ាង ក៏ដូចជាមានសារៈសំខាន់សម្រាប់កម្ពុជាផងដែរ។ ជារួម ការលុបចោលនេះគឺកម្ពុជាបានគិតរួចហើយថា កម្ពុជាមិនមានជើងហោះហើរដោយត្រង់ពីប្រទេសទាំង១០នោះទេ គឺសុទ្ធតែបានឆ្លងកាត់ប្រទេសផ្សេងៗ ហើយមានការត្រួតពិនិត្យត្រឹមត្រូវរួចជាស្រេចមុនមកកម្ពុជា ដូចនេះគឺមិនមានជាហានិភ័យសម្រាប់កម្ពុជាទេ។

ម្យ៉ាងវិញទៀត លោកស្រីបន្តថា ការសម្រេចនេះ ក៏ជារឿងល្អចំពោះការលុបបំបាត់ចោលនូវការរើសអើងចំពោះប្រទេសទាំងនោះ ហើយកុំឱ្យមានការអន់ចិត្តមកលើកម្ពុជាជាដើម។ រីឯចំនួនអ្នកដំណើរមកពីតំបន់ទាំងនេះ ក៏ពុំសូវមានមកកម្ពុជាស្រាប់ហើយ ដូចនេះកម្ពុជាមិនបាច់ដាក់បម្រាមលើប្រទេសទាំង១០នេះទេ។ ជាពិសេស ការសម្រេចនេះអាចជួយជម្រុញវិស័យទេសចរណ៍កម្ពុជាផងបានមួយផ្នែកផងដែរ។

គួរបញ្ជាក់ថា ក្រសួងសុខាភិបាល កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ បានសម្រេចលុបចោលការហាមឃាត់អ្នកដំណើរ ឬអ្នកដែលបានឆ្លងកាត់ប្រទេសចំនួន១០ នៅទ្វីបអាហ្វ្រិក (Botswana, Eswatini, Lesotho, Mozambique, Namibia, South Africa, Zimbabwe, Malawi, Angola, និង Zambia) ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសទាំង១០នោះ ក្នុងអំឡុងពេល៣សប្តាហ៍មុនធ្វើដំណើរចូលប្រទេសកម្ពុជា។

ការលុបចោលវិធានការខាងលើ នឹងត្រូវដាក់ជំនួសមកវិញដោយការអនុវត្តនីតិវិធីបន្ថែម លើនីតិវិធីប្រតិបត្តិស្តង់ដារ (SOPs) ដើម្បីគ្រប់គ្រងអ្នកដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា អនុលោមតាមការរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩ សម្រាប់អ្នកដំណើរ ឬអ្នកដែលបានឆ្លងកាត់ប្រទេសចំនួន១០ ខាងលើ ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសទាំង១០នោះ ឬបណ្តាប្រទេសផ្សេងទៀតដែលត្រូវបានចាត់ទុកថាជា "ប្រទេសដែលមានការព្រួយបារម្ភ” អំឡុងពេល២សប្តាហ៍មុនធ្វើដំណើរចូលប្រទេសកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង