Yearendyearend1140x150

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា៖ ការកសាងសហគមន៍ជោគវាសនារួមគ្នាចិន-កម្ពុជា សម្រេចនូវសមិទ្ធិផលសំខាន់ច្រើន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកWang Wentianឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។

ភ្នំពេញ៖នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ ប្រទេសចិន និងកម្ពុជាបានចុះហត្ថលេខាលើផែនការសកម្មភាពការ កសាងសហគមន៍ជោគវាសនារួមគ្នាចិន-កម្ពុជា។ លោកWang Wentianឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានថ្លែងនៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរនៅថ្ងៃទី២៨ថា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ដោយសារការដឹកនាំជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនិងការខិតខំរួមគ្នារបស់រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ការកសាងសហគមន៍ជោគវាសនារួមគ្នារវាងចិននិងកម្ពុជាទទួលបានលទ្ធផលជាដំណាក់កាលសំខាន់ៗ។

បើតាមលោក Wang Wentian ផែនការសកម្មភាពនេះ គឺជាឯកសារយ៉ាងសំខាន់នៃការនាំផ្លូវក្នុងការអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយនៃទំនាក់ទំនងទ្វេភាគី។ នៅក្នុងឆ្នាំកន្លងមក ថ្នាក់ដឹកនាំរវាងចិន និងកម្ពុជាមានការផ្លាស់ប្តូរទៅវិញទៅមកជាញឹកញាប់ ហើយការជឿទុកចិត្តគ្នាទៅវិញទៅមកជាយុទ្ធសាស្ត្របានបន្តកាន់តែស៊ីជម្រៅ។ ចិននៅតែគាំទ្រកម្ពុជាក្នុងការដើរលើមាគ៌ាអភិវឌ្ឍន៍មួយដែលស្រមទៅនឹងស្ថានភាពប្រទេសជាតិរបស់ខ្លួន។ ភាគីកម្ពុជាយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហានានាទាក់ទងនឹងផលប្រយោជន៍ស្នូលរបស់ប្រទេសចិន និងបញ្ហាធំៗ។ ភាគីទាំងពីរបានក្លាយជាសហគមន៍ជោគវាសនាតែមួយដែលអាចជឿជាក់និងទុកចិត្តគ្នាបានយ៉ាងពិតប្រាកដ។

នៅក្នុងឆ្នាំកន្លងមក កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងចិននិងកម្ពុជាបានបង្កើនគុណភាព និងធ្វើឱ្យស៊ីជម្រៅនូវការធ្វើសមាហរណកម្មនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងកម្ពុជាបានកើនឡើងដល់៩,៤២ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៩ ហើយនៅឆ្នាំ២០១៩ប្រទេសចិនបានវិនិយោគ៦៩០លានដុល្លារអាមេរិកនៅកម្ពុជា។ គិតត្រឹមចុងឆ្នាំ២០១៩ ការវិនិយោគសរុបរបស់ចិននៅកម្ពុជាបានកើនឡើងដល់៧,៩៦ពាន់លានដុល្លារអាមេរិក។ គម្រោងសំខាន់ៗមានដូចជា៖ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុដំណាក់កាលទី២ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កម្រោងជំនួយកសាងពហុកីឡដ្ឋានជាតិ គម្រោង “ខ្សែក្រវាត់ ផ្លូវមួយ”និងគម្រោងសម្រាប់ផលប្រយោជន៍ប្រជាជនជាច្រើនទៀត។ ការចរចាជុំទី២ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជា ត្រូវបានធ្វើឡើងកាលពីពេលថ្មីៗនេះតាមរយៈខ្សែវីដេអូពីចម្ងាយ។ ភាគីទាំងពីរបានឈានដល់ការព្រមព្រៀងគ្នាយ៉ាងទូលំទូលាយលើខ្លឹមសារនៃកិច្ចព្រមព្រៀងដែលត្រូវបានគេរំពឹងថានឹងត្រូវចុះហត្ថលេខានៅឆ្នាំនេះ។

សម្រាប់ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ការជួយទៅវិញទៅមកក្នុងគ្រាលំបាក គឺជាលក្ខណៈពិសេសគួរឱ្យកត់សម្គាល់បំផុតនៃទំនាក់ទំនងរវាងចិននិងកម្ពុជា។ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺរាតត្បាតថ្មីកូវីដ-១៩ ចិននិងកម្ពុជាតែងតែឈររួមគ្នាយ៉ាងរឹងមាំ ដើម្បីជំនះរាល់ការលំបាក។ នាយករដ្ឋមន្រ្តីកម្ពុជាសម្តេចតេជោ ហ៊ុន សែន ជា «វីរៈបុរសធ្វើដំណើរបញ្ច្រាសទិស» ដោយបានធ្វើទស្សនកិច្ចទៅប្រទេសចិននៅពេលដ៏លំបាកបំផុតនៃការប្រឆាំងនឹងការរាតត្បាតជំងឺរបស់ចិន នេះបង្ហាញឲ្យឃើញថាកម្ពុជាគាំទ្រយ៉ាងខ្លាំងចំពោះប្រទេសចិន។

ភាគីចិនបានបញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្រ្តប្រឆាំងនឹងការរាតត្បាតជំងឺរបស់រដ្ឋាភិបាលជាលើកដំបូងទៅកាន់ប្រទេសកម្ពុជា និងក្រុមអ្នកជំនាញវេជ្ជសាស្ត្រយោធាលើកដំបូងទៅកាន់ពិភពលោក ដើម្បីផ្តល់នូវសម្ភារៈ និងចែករំលែកបទពិសោធន៍ក្នុងការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺ។ រដ្ឋាភិបាលចិន សហគ្រាសចិន និងអង្គការមិនមែនរដ្ឋាភិបាលនានាបានពង្រីកការ ផ្តល់ជំនួយដល់ប្រទេសកម្ពុជា។

លោកWang Wentianបានថ្លែងថា ប្រជាជនចិននិងកម្ពុជាមានការផ្លាស់ប្តូរទៅវិញទៅមកជាញឹកញាប់ ហើយភាគីចិននឹងបន្តផ្តល់ជំនួយ និងការគាំទ្រដល់ប្រទេសកម្ពុជាតាមរយៈបណ្តាញ និងទម្រង់ផ្សេងៗក្នុងការប្រឆាំងនឹងជំងឺរាតត្បាត “ក្នុងនាមជាសហគមន៍ជោគវាសនាតែមួយ ប្រសិនបើស្ថានភាពជំងឺរាតត្បាតនៅកម្ពុជាមិនទាន់បានលុបបំបាត់ទេ ចិននឹងមិនបញ្ឈប់ក្នុងការផ្តល់ជំនួយដល់កម្ពុជាឡើយ”៕(បកប្រែពី ទី​ភ្នាក់​ងារ​ព័ត៌មាន ​ស៊ីនហួ)

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង