Smart saver cctime web bannertif

ទីប្រឹក្សាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិនប្រគល់ម៉ាសចំនួន៥ម៉ឺនដល់អគ្គនាយកដ្ឋានគយកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

រូបភាពប្រគល់ម៉ាសរវាងទីប្រឹក្សាពាណិជ្ជកម្មចិន និងអគ្គនាយកដ្ឋានគយ

ភ្នំពេញ៖ លោក Wu Guoquan ទីប្រឹក្សាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម អមស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន និង លោក Jun Jing ប្រធានសភាពាណិជ្ជកម្មចិនប្រចាំកម្ពុជា បានប្រគល់ម៉ាសការពារមេរោគចំនួន ៥០.០០០ ម៉ាស ដល់លោក គុណ ញឹម អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា ក្នុងការទប់ស្កាត់និងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលពិធីប្រគល់អំណោយនេះ ធ្វើឡើងកាលពីថ្ងៃទី២៨ មេសា ឆ្នាំ ២០២០។

នៅក្នុងឱកាសនោះ លោក Jun Jing ប្រធានសភាពាណិជ្ជកម្មចិនប្រចាំនៅកម្ពុជា បានថ្លែងអំណរគុណ ដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលផ្ដល់កិច្ចសហប្រតិបត្តិការល្អ និងកិច្ចសម្រួលពាណិជ្ជកម្ម ដល់ធុរជនចិន ដែលកំពុងធ្វើធុរកិច្ចពាក់ព័ន្ធប្រតិបត្តិការគយនៅកម្ពុជា។

ជាកិច្ចឆ្លើយតប លោក គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ក៏ដូចជាស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ដែលតែងតែផ្ដល់ការគាំទ្រ ពិសេសការផ្ដល់ជំនួយទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសក្នុងការពង្រឹង និងកសាងសមត្ថភាពរដ្ឋបាលគយកម្ពុជា។

សូមបញ្ជាក់ផងដែរថា អំណោយនេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានឹងចែកជូនដល់មន្រ្តីគយនិងរដ្ឋាករដែលកំពុងបំពេញភារកិច្ចនៅតាមព្រំដែន អាកាសយានដ្ឋានអន្តរជាតិ ដែលធ្វើការប្រាស្រ័យទាក់ទងផ្ទាល់ជាមួយអ្នកដំណើរចេញ ចូល និងធុរកិច្ចជនពាក់ព័ន្ធផ្សេងៗ ពិសេសប្រើប្រាស់ក្នុងគោលដៅមនុស្សធម៌ដល់ជនងាយរងគ្រោះ កុមារកំព្រា ដើម្បីទប់ស្កាត់ និងប្រយុទ្ធនឹងជំងឺផ្លូវដង្ហើមប្រភេទថ្មីដ៏គ្រោះថ្នាក់នេះ៕



ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង