Yearendyearend1140x150
Img 0571

អង្គការហេឡែនខេលល័របង្កើតគម្រោងលើកកម្ពស់សុខភាពនិងអាហារូបត្ថម្ភនៅតាមបណ្តារោងចក្រកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (ស្តាដៃ) និង លោកស្រី Gwyneth Cotes នាយិកាប្រចាំប្រទេស អង្គការ ហេឡែន ខេលល័រ អន្តរជាតិ
រូបភាព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ភ្នំពេញ៖បច្ចុប្បន្ននេះ អង្គការ ហេឡែន ខេលល័រ កំពុងរៀបចំដំណើរការសាកល្បងគម្រោងលើកកម្ពស់ សុខភាព និងអាហារូបត្ថម្ភ ស្ត្រី និងកុមារនៅតាមបណ្តារោងចក្រមួយចំនួនតាមរយៈការគាំទ្រថវិការបស់គម្រោង GIZ-MUSEFO ដើម្បីរួមចំណែកលើកកម្ពស់ សុខភាព ផលិតភាព និងសេដ្ឋកិច្ចកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគាំទ្រចំពោះអង្គការ ហេឡែន ខេលល័រ ដែលនឹងត្រូវអនុវត្តសាកល្បងគម្រោងលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភនៅតាមបណ្តារោងចក្រមួយចំនួន ដោយឯកឧត្តមដ្ឋមន្ត្រី ស្នើឲ្យមានការរៀបចំជាកិច្ចព្រមព្រៀងអនុស្សារណៈនៃការយោគយល់គ្នា(MOU) រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយអង្គការ ដើម្បីធ្វើឲ្យគម្រោងនេះអនុវត្តទៅទទួលបានប្រសិទ្ធភាព និងជោគជ័យរួម។

បើតាមសេចក្តីប្រកាស កម្មវិធីនេះនឹងផ្តោតលើការអប់រំដល់បុគ្គលិក កម្មករ កម្មការិនីអំពីសារៈសំខាន់នៃសុខភាពនិងអាហារូបត្ថម្ភដូចជា៖ សារៈសំខាន់នៃអាហារូបត្ថម្ភក្នុងការលើកកម្ពស់សុខភាព និងការពារជំងឺផ្សេងៗអត្ថប្រយោជន៍ការបរិភោគអាហារចម្រុះ ដែលមានសារជាតិចិញ្ចឹមខ្ពស់ដើម្បីសុខភាព និងថាមពលមាំមួន ការថែទាំសុខភាពពេលលំហែមាតុភាព និងក្រោយសម្រាលកូន ការអប់រំស្តីពីការចិញ្ចឹមទារក និងកុមារតូចក្នុងកំឡុងពេលធ្វើការដើម្បីឲ្យកូនរបស់ពួកគេមានសុខភាពល្អ និងក្លាយជាពលរដ្ឋមានសក្តានុពលប្រកបដោយផលិតភាពខ្ពស់ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិនាពេលអនាគត។

មួយវិញទៀតចំពោះគម្រោងនេះ ក៏ជាការផ្ញើសារមួយទៅកាន់ទីផ្សារបញ្ជាទិញអន្តរជាតិធំៗផងដែរអំពី កិច្ចគាំពារ លក្ខខណ្ឌការងារ និងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ នៅកម្ពុជា។ ឯកឧត្តម បញ្ជាក់ថា គម្រោងនេះគឺត្រូវធ្វើនៅតាមរោងចក្រមិនមែនអនុវត្តនៅតាមសហគមន៍ទេ ដូច្នេះនៅទីតាំងរោងចក្រ គឺជាទីកន្លែងអាជីវកម្មមួយដែលមានការគ្រប់គ្រងពីនិយោជក មានម៉ោងធ្វើការច្បាស់លាស់ យើងត្រូវប្រាកដថាមានទំនាក់ទំនងវិជ្ជាជីវៈល្អជាមួយអ្នកពាក់ព័ន្ធ ដូច្នេះឯកឧត្តមបណ្ឌិត ស្នើឲ្យមានកិច្ចសហការផ្លូវការ ដោយមានអនុស្សរណៈរវាងអង្គការជាមួយក្រសួង ដើម្បីមានសកម្មភាពសម្រាប់យកទៅអនុវត្ត និងមានគោលដៅច្បាស់លាស់ ទទួលបាននូវលទ្ធផលគាប់ប្រសើរថែមទៀត។

ទន្ទឹមនឹងនេះ លោកស្រី Gwyneth Cotes នាយិកាប្រចាំប្រទេស អង្គការ ហេឡែន ខេលល័រ អន្តរជាតិ បានថ្លែងអរគុណចំពោះឯកឧត្តម ដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិការដែលឈានឲ្យមានការចុះកិច្ចព្រមព្រៀងជាមួយគ្នាក្នុងការអនុវត្តគម្រោងនេះ ហើយរំពឹងថា គម្រោងលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភនៅតាមបណ្តារោងចក្រនេះនឹងទទួលបានលទ្ធផលជោគជ័យ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង