Yearendyearend1140x150

ក្រុមហ៊ុនអាកាសចរណ៍៦ដាក់ពាក្យស្នើសុំបន្តការហោះហើរឡើងវិញជាមួយកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (រូបភាព៖ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល) 

ភ្នំពេញ៖ចាប់ពីខែធ្នូ ឆ្នាំ២០២១ ទៅ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន៦ បានដាក់ពាក្យស្នើសុំបន្តការហោះហើរឡើងវិញ ក្នុងនោះមាន ក្រុមហ៊ុន Thai Smile Airways មកពីបាងកក (៤ជើង/សប្តាហ៍) , Bangkok Airways មកពីបាងកក (៧ជើង/សប្តាហ៍), Thai Air Asia មកពីបាងកក (៣ជើង/សប្តាហ៍), Philippines Airlines មកពីម៉ានីឡា (១ជើង/សប្តាហ៍), Cathay Pacific Airways មកពីហុងកុង (១ជើង/សប្តាហ៍)។

ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឱ្យដឹងថា ដោយឡែក សម្រាប់ខែធ្នូ ឆ្នាំ២០២១នេះ ក្រុមហ៊ុន Singapore Airlines ក៏បានស្នើសុំបន្ថែមជើងហោះហើរ ឡើងដល់១៤ជើង/សប្តាហ៍ លើដំណាក់ផ្លូវ សិង្ហបុរី-ភ្នំពេញ-សិង្ហបុរី ព្រមទាំងបានស្នើសុំហោះហើរឡើងវិញលើដំណាក់ផ្លូវ សិង្ហបុរី-សៀមរាប-សិង្ហបុរី ចំនួន៧ជើង/សប្តាហ៍ ក្នុងនោះក៏មានក្រុហ៊ុនអាកាសចរណ៍ក្នុងស្រុក ( Lanmei Airlines) នឹងធ្វើការហោះហើរ លើដំណាក់ផ្លូវ ភ្នំពេញ-សៀមរាប-បាងកក ចំនួន២ជើង/សប្តាហ៍។

ឯកឧត្តមបញ្ជាក់ថា ចាប់ពីខែធ្នូ ឆ្នាំ២០២១ទៅ ចំនួនជើងហោះហើរសរុបនឹងមានការកើនឡើងក្នុង១សប្តាហ៍រហូតដល់៤៣ជើង/សប្តាហ៍ ធៀបទៅនឹងខែមុន(ខែតុលា ឆ្នាំ២០២១) គឺមានការកើនឡើង១៦% (កើនឡើងពី៣៧ជើង ទៅ៤៣ជើង/សប្តាហ៍) គិតត្រឹមថ្ងៃទី ២៧ ខែវិច្ឆកា ឆ្នាំ២០២១ ។ ចំនួនជើងហោះហើរនេះអាចនឹងមានការប្រែប្រួល ទៅតាមការវិវត្តនៃស្ថានភាពជាក់ស្តែង នៃការគ្រប់គ្រងការរីករាលដាលនៃ ជំងឺកូវីដ-១៩»។

ឯកឧត្តមក៏បានកំណត់អាទិភាពនៃការចាប់ផ្តើមបើកជើងហោះហើរដឹកអ្នកដំណើរតាមផ្លូវអាកាស ជាមួយបណ្តាប្រទេសអាស៊ាន ជាអាទិភាពទី១ (ចម្បង) ស្របតាមគោលការណ៍បន្ធូរបន្ថយការធ្វើចត្តាឡីស័ក។

អាកាសចរស៊ីវិល នឹងជំរុញនិងពិភាក្សាជាបន្តបន្ទាប់ជាមួយបណ្តាក្រុមហ៊ុនអាកាសចរណ៍ មកពីមជ្ឈឹមបូព៌ាប្រទេសដូចជា Emirates, Qatar Airways និង Etihad Airways ក្នុងការពិចារណារៀបចំជើងហោះហើរឡើងវិញ រួមទាំងក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways មកពីទីក្រុងតូក្យូនៃប្រទេសជប៉ុនផងដែរ។

រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក៏ផ្តោតទៅលើអាទិភាពបន្ទាប់ គឺការបើកជើងហោះហើរជាប្រក្រតីភាពឡើងវិញ រវាងកម្ពុជា និងចិន នៅពេលណាមានការបន្ធូរបន្ថយវិធានការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៃរដ្ឋាភិបាលចិន។

ចំពោះករណីនេះ កំណើននៃអ្នកដំណើរតាមផ្លូវអាកាសនិងជើងហោះហើរ នឹងមិនមានការចាប់អារម្មណ៍ដល់ទីផ្សារអាកាសចរណ៍ និងទេសចរណ៍ខ្លាំងក្លាបានទេ ប្រសិនបើការដឹកជញ្ជូនតាមផ្លូវអាកាសរវាងប្រទេសទាំងពីរនៅមានកម្រិត។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង