Yearendyearend1140x150

ឯកអគ្គរដ្ឋទូតឆែកសន្យាជំរុញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ឆ្លើយតបសំណូមពររបស់ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ចំពោះប្រទេសឆែក បន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ឲ្យកាន់តែល្អប្រសើរថែមទៀត ក្រោយជំងឺកូវីដ ១៩ បានធូរស្បើយនោះ ឯកឧត្តម Martin Vavra ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឆែក ប្រចាំកម្ពុជា បានសន្យានឹងខិតខំជំរុញអ្នកវិនិយោគិនឆែកមកបណ្តាក់ទុននៅកម្ពុជាឲ្យបានច្រើនឡើង។

ឯកឧត្តមបានជម្រាបជូនសម្តេចថា ក្រុមហ៊ុនរបស់ឆែកបានកំពុងវិនិយោគនៅក្នុងប្រទេសថៃ និងប្រទេសវៀតណាត ដូច្នេះឯកឧត្តមនឹងសិក្សាដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទំាងពីរឲ្យកាន់តែមានទំហំធំឡើង។

ទោះយ៉ាងណា ឯកឧត្តម ម៉ាទីន វែវរ៉ា លើកឡើងថាឆែកបានផ្តល់ជំនួយទ្វេភាគីមកកម្ពុជាជាច្រើននៅក្នុងវិស័យសុខាភិបាល និងអប់រំ។ កាលពីពេលថ្មីនេះជំនួយឧបករណ៍បរិក្ខារពេទ្យជាច្រើនបានផ្តល់ជូនមន្ទីរពេទ្យខេត្តតាកែវ ហើយឆែកនៅបន្តផ្តល់ជំនួយមនុស្សធម៌មកកម្ពុជាបន្តបន្ទាប់ទៀត ពិសេសអាហារូបករណ៍ដល់សិស្ស និស្សិត និងមន្រ្តីរាជការកម្ពុជាបានទៅសិក្សានៅសាធារណរដ្ឋឆែក។

សម្តេច ហេង សំរិន ប្រធានរដ្ឋសភា អនុញ្ញាតឲ្យ ឯកឧត្តម ម៉ាទីន វែវរ៉ា ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវិមានរដ្ឋសភា។ ក្រៅពីសំណូមពរខាងលើ សម្តេចប្រធានរដ្ឋសភាបានស្វាគមន៍ និងអបអរសាទរ ឯកឧត្តម ម៉ាទីន វែវរ៉ា ដែលត្រូវបានរដ្ឋាភិបាលឆែក តែងតាំងជាឯកអគ្គរដ្ឋទូត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

សម្តេចបានមានប្រសាសន៍បញ្ជាក់ថា ប្រជាជនកម្ពុជាសុទ្ធតែបានដឹងថា ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានសិក្សារៀនសូត្រនៅសាធារណរដ្ឋឆែក ដែលមានប្រព័ន្ធអប់រំល្អប្រកបដោយគុណភាពខ្ពស់ តំាងពីសម័យមុនមកម្លេះ។

សម្តេចប្រធានរដ្ឋសភាមានជំនឿថា បេសកកម្មការទូតថ្មីរបស់ឯកឧត្តម នៅកម្ពុជាពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងការបន្តលើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស ទំាងពីរ ដែលមានស្រាប់ ឱ្យកាន់តែល្អប្រសើរមួយកម្រិតថែមទៀត៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង