Yearendyearend1140x150

ក្រុមហ៊ុន ណាវីតា ចុះកិច្ចសន្យាជាមួយក្រុមហ៊ុនដៃគូ ដើម្បីសម្រុកចូលទៅទីផ្សារក្នុង និងក្រៅស្រុក

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
លោកអ៊ុយ ចេងហេង និង លោកស្រី ម៉ៅ សុធា ព្រមទាំងអ្នកតំណាងអង្គការកម្ពុជាហាវែសII ក្នុងពិធីចុះកិច្ចសន្យាភាពជាដៃគូ។ 
រូបភាព៖ ផ្ដល់ឱ្យ

ភ្នំពេញ៖ ក្រុមហ៊ុនណាវីតា ហ៊ែលស៊ីហ៊្វូដ & បេវើរីច បានចុះហត្ថលេខាក្នុងភាពជាដៃគូ ជាមួយក្រុមហ៊ុន SHE Agrocam Products Co.,Ltd ដើម្បីជំរុញ និងចែកចាយផលិតផលចំណីអាហារកែច្នៃរួមមាន មាន ផ្លែមៀន តាង៉ែន ស្រកានាគ ស្វាយ ម្នាស់ និងផ្លែឈើហូបផ្លែជាច្រើនមុខទៀត ចូលទីផ្សារក្នុងស្រុក និងក្រៅស្រុក។

បើតាមលោក អ៊ុយ ចេងហេង ជាអគ្គនាយក ក្រុមហ៊ុន ណាវីតា បានឱ្យដឹងថា ក្រុមហ៊ុនណាវីតា ជាក្រុមហ៊ុនមួយដឹកនាំដោយកូនខ្មែរ បង្កើតឡើងក្នុងគោលបំណងកែច្នៃផ្លែឈើក្នុងស្រុករួមមាន ផ្លែមៀន តាង៉ែន ស្រកានាគ ស្វាយ ម្នាស់ និងផ្លែឈើហូបផ្លែជាច្រើនមុខទៀតឱ្យចេញជាផលិតផលស្ដង់ដា ក្នុងគោលបំណងឱ្យប្រជាជនខ្មែរបានស្គាល់ផលិតផលជាតិ និងនាំចេញទៅក្រៅប្រទេស។

អគ្គនាយកវ័យក្មេងរូបនេះ បន្តទៀតថា ដើម្បីជំរុញការផលិត និងចែកចាយផលិតផលក្នុងស្រុកមួយនេះទៅដល់ដៃអតិថិជន លោបានធ្វើពិធីចុះហត្ថលេខារួមគ្នាកាលពីថ្ងៃពុធទី២៤ខែវិច្ឆិកាឆ្នាំ២០២១ ជាមួយក្រុមហ៊ុន SHE Agrocam Products Co., Ltd ដែលជាក្រុមហ៊ុននាំចេញ និងចែកចាយផលិតផលចំណីអាហារកែច្នៃពីភោគផលកសិកម្ម ដែលមានអ្នកស្រី ម៉ៅ សុធា ជាអគ្គនាយិកា។

នាយក្រុមហ៊ុនណាវីតា បានបញ្ជាក់ថា ការចុះហត្ថលេខានេះ ក្នុងគោលបំណងសហការក្នុងភាពជាដៃគូជាមួយគ្នា និង ជួយជំរុញក្នុងការចែកចាយផលិតផលណាវីតាចូលទៅកាន់ទីផ្សារក្នុងស្រុកនិងទីផ្សារនាំចេញ ក្រោមការជួយជ្រោមជ្រែងនិងឧបត្ថម្ភពីអង្គការកម្ពុជាហាវែសII ឬ Cambodia Harvest II ដែលជាគម្រោងក្រោមជំនួយរបស់សហរដ្ឋអាមេរិកUSAID ។

រូបភាព៖ ផ្ដល់ឱ្យ

បើតាមលោកស្រី ម៉ៅ សុធា ជាអគ្គនាយិកាក្រុមហ៊ុន SHE Agrocam Products បានលើកឡើងថា ក្រុមហ៊ុនលោកស្រីជាក្រុមហ៊ុនដែលមានបទពិសោធន៍ក្នុងការចែកចាយផលិតផលចំណីអាហារទាំងនៅក្នុងស្រុក និងនាំចេញ ដោយមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការជួយជំរុញទីផ្សារផលិតផលជាតិ ស្របពេលដែលក្រុមហ៊ុនណាវីតាមានវិស្វករ និងអ្នកជំនាញច្បាស់លាស់ក្នុងវិស័យកែច្នៃអាហារ។

យ៉ាងណាមិញនាយកក្រុមហ៊ុនណាវីតា ក៏បានប្ដេជ្ញាចិត្តផងដែរ ដោយសិប្បកម្មលោកផ្ដោតសំខាន់លើគុណភាព ភាពច្នៃប្រឌិត ការវេចខ្ចប់ ហើយគ្រប់ផលិតផលគឺផលិតតចេញពីវត្ថុធាតុដើមដែលជាកសិផលក្នុងខេត្តបាត់ដំបងផ្ទាល់តែម្ដង។ លោកថា សន្ទុះនៃការគាំទ្ររបស់អតិថិជនមួយចំនួនធំ គឺហាក់មានការចាប់ផ្ដើមបណ្ដើរៗហើយមកលើផលិតផលដែលផលិតដោយកូនខ្មែរ ដែលជំនួយដល់សុខភាព រួមទាំងមានរសជាតិឆ្ងាញ់ពិសារ។

យ៉ាងណាមិញ ក្រុមហ៊ុនទាំងពីរបានសិក្សាជាមួយគ្នាក្នុងការកែច្នៃ អភិវឌ្ឍផលិតផល ដែលកែច្នៃចេញពីផលិតផលកសិកម្មអោយកាន់តែមានភាពបប្រសើរទាំងគុណភាព និងបរិមាណទៅតាមតម្រូវការទីផ្សារ ទាំងក្នុងស្រុក និងនាំចេញ។

ចំណែកដៃគូក្រៅស្រុក ក្រុមហ៊ុនកែច្នៃចំណីអាហាមួយនេះ កំពុងតែពិចារណលើផលិតផលគម្រូដែលបានផ្ញើទៅ ដូចជាបារាំង អង់គ្លេស អ៊ីតាលី អេស្ពាញ អាឡឺម៉ង់ ខណៈអូស្រ្តាលីកំពុងដាក់លក់ផលិតផលណាវីតាជាបណ្ដើរៗក្នុងកម្រិតសាកល្បង និងមានដៃគូសហការកំពុងសហការនាំចេញទៅជប៉ុន កូរ៉េខាងត្បូង និងត្រៀមតាំងបង្ហាញផលិតផលនៅប្រទេសសាំហ្គាពួរផងដែរ។

បើតាមកិច្ចសម្ភាសកន្លងមក លោក ចេងហេង ដាក់គោលដៅថានឹងកែច្នៃបន្លែផ្លែឈើគ្រប់ប្រភេទគ្រប់ទម្រង់ដូចជាម្សៅ ទឹកភេសជ្ជៈ ផ្លែឈើសម្ងួតផ្សេងៗទៀតដែលមានការដាំដុះច្រើនពីប្រជាជននៅក្នុងតំបន់។

ងាកមកគោលជំហររបស់លោកឆេងហេង ក្នុងនាមជាអ្នកកែច្នៃចំណីអាហារក្នុងស្រុក លោកនឹងណែនាំឱ្យប្រជាជនងាកមកចាប់អារម្មណ៍នូវផលិតផលក្នុងស្រុក ដែលមានគុណភាព មានប្រយោជន៍ដល់សុខភាព ដែល សិប្បកម្មណាវីតាបានផលិត។ ពិសេស គឺផ្លាស់ប្ដូរផ្នត់គំនិតប្រជាជនមួយចំនួន ដែលនិយមតែផលិតផលនាំចូលក្នុងតម្លៃថោក បានច្រើន និងឆ្ងាញ់ ដោយមិនបានខ្វល់ពីគុណភាព។

សូមបញ្ជាក់ថាក្រុមហ៊ុនទាំងពីរមានចក្ខុវិស័យរួមគ្នាក្នុងការជួយលើកស្ទួយទីផ្សារកសិកម្មរបស់ប្រជាកសិករបានមួយកម្រិត ជួយគាំទ្រ និងលើកកម្ពស់វិស័យកសិឧស្សាហកម្មក៏ដូចជាផលិតផលជាតិឱ្យរីកចម្រើនទាំងក្នុងស្រុកនិងក្រៅស្រុក ពិសេសជួយបង្កើតការងារដល់កូនខ្មែរទប់ស្កាត់ការចំណាកស្រុកបានមួយផ្នែក។

រូបភាព៖ ផ្ដល់ឱ្យ
រូបភាព៖ ផ្ដល់ឱ្យ
រូបភាព៖ ផ្ដល់ឱ្យ
រូបភាព៖ ផ្ដល់ឱ្យ


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង