សៀមរាប៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាប បានត្រៀមខ្លួនរួចជាស្រេចហើយ ជាមួយនឹងការរង់ចាំស្វាគមន៍ ទទួលភ្ញៀវទេសចរវាក់សាំងពេញលេញ ដែលត្រូវចូលមកទស្សនាសៀមរាប-អង្គរ។ នេះជាបទសម្ភាសន៍ធ្វើឡើងក្រោយការបញ្ចប់កិច្ចប្រជុំពិភាក្សាស្តីអំពីកិច្ចប្រតិបត្តិស្តង់ដារវិធានសុវត្តិភាព SOP ដើម្បីទទួលភ្ញៀវទេសចរវាក់សាំងពេញលេញ ដោយឯកឧត្តម ប៊ុន រដ្ឋា នាយកអាកាសយានដ្ឋានអន្តរជាតិសៀមរាប។
នៅក្នុងកិច្ចប្រជុំនេះ បានវាយតម្លៃថា កិច្ចការធានា ការពារសុវត្ថិភាពភ្ញៀវ វាមិនត្រឹមតែជាការឲ្យតម្លៃលើសេវាបដិសណ្ឋារកិច្ចប៉ុណ្ណោះទេ តែនេះគឺជាកិច្ចរក្សាតម្លៃ និងកិត្តិយសរបស់ជាតិ។ ការពិភាក្សារបស់កិច្ចប្រជុំនេះ បានផ្តោតសំខាន់ទៅលើនីតិវិធីប្រតិបត្តិ ធានាការពារប្រកបដោយប្រសិទ្ធភាព ការឆ្លង-ការចម្លងជម្ងឺកូវីដ-១៩ ដោយឈរលើគោលការណ៍សម្រេចឯកភាពគ្នាកន្លងមករវាងក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍។
ជាមួយគ្នានេះ នាយកអាកាសយានដ្ឋានអន្តរជាតិសៀមរាបបានលើកឡើងថា កម្ពុជា គឺជាប្រទេសបានបើកប្រទេសឡើងវិញក្រោមមោទនភាព នៃការផ្តល់វាក់សាំងជូនប្រជាពលរដ្ឋក្នុងកម្រឹតភាគរយខ្ពស់ដែលពិភពលោកទទួលស្គាល់។ ការបើកទទួលភ្ញៀវទេសចរវ៉ាក់សាំងពេញលេញរបស់កម្ពុជា អាចថាជាការរង់ចាំរបស់ភ្ញៀវទេសចរអន្តរជាតិ។
ឯកឧត្តម បានបង្ហើបឲ្យដឹងថា កម្ពុជាបានកំណត់ក្នុងបញ្ជីសម្រាប់បណ្តាប្រទេសមួយចំនួននៅលើពិភពលោក មកកាន់កម្ពុជាដោយមិនចាំបាច់តម្រូវឲ្យមានវីហ្សា(Visa)នោះឡើយ ជាពិសេសបណ្តាប្រទេសនៅក្នុងតំបន់អាស៊ី ដែលនេះគឺជាគោលនយោបាយបើកចំហរជើងមេឃរបស់កម្ពុជា៕