Yearendyearend1140x150

បណ្ឌិត ឈត ប៊ុនថង៖ ការអប់រំសីលធម៌សង្គមធ្លាក់ចុះជាកត្តាពន្យុះការរំលោភផ្លូវភេទលើស្រ្តីនិងកុមារ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោកបណ្ឌិត ឈត ប៊ុនថង ជាមន្រ្តីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា។

ភ្នំពេញ៖ ក្នុងរយៈពេលចុងក្រោយនេះ តាមបណ្តាសារព័ត៌មានជាច្រើនបានចុះផ្សាយពីករណីយុវតីម្នាក់ដែលត្រូវបានគេរំលោភបូក និងសម្លាប់យ៉ាងព្រៃផ្សៃ។ ទទឹមនោះមានមតិមួយចំនួនលើកឡើងថា ករណីរំលោភកើតមានឡើងដោយសារស្រ្តីស្លៀកពាក់មិនសមរម្យ ឬក៏ដើរលេងយប់ ម្នាក់ឯង ក៏ដូចជាការមិនគោរពប្រពៃណីវប្បធម៌អីផ្សេងៗ។ ការលើកឡើងនេះបែរបន្ទោស ឬក៏គាបសង្កត់ទៅលើស្ត្រី ចៀសជាងការអប់រំទៅបុរសដែលជាអ្នកប្រព្រឹត្តបទល្មើសទៅវិញ។

បើតាមការសិក្សាវិភាគតាមបែបទស្សនៈវិជ្ជាគឺមានកត្តាជាច្រើន ដែលពន្យុះឲ្យមានការរំលោភផ្លូវភេទលើស្រ្តីនិងកុមារ ក្នុងនោះកត្តាអប់រំសីលធម៌សង្គមជាគ្រឹះសំខាន់ ដោយហេតុថាកាលណាការអប់រំសីលធម៌សង្គមធ្លាក់ចុះ នោះមនុស្សលែងដឹងខុសត្រូវ មិនមានការបែងចែកពីអ្វីដែលគួរធ្វើឬមិនគួរធ្វើ ហើយប្រសិនបើធ្វើអំពើអាក្រក់ទៅ អ្នករងគ្រោះនឹងមានទុក្ខលំបាក វេទនា និងអាប់ឳនកិត្តិយសយ៉ាងម៉េចខ្លះ ហើយអ្នកប្រព្រឹត្តស្រឡាញ់កិត្តិយស និងការពារកិត្តិយសដែរឬអត់។ នេះបើតាមការបកស្រាយរបស់លោកបណ្ឌិត ឈត ប៊ុនថង ជាមន្រ្តីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា។

បណ្ឌិត ឈត ប៊ុនថង យល់ឃើញថា ករណីរំលោភកើតមានឡើងដោយសារស្រ្តីស្លៀកពាក់មិនសមរម្យ ឬកត្តាផ្សេងៗនោះ គឺនិយាយតាមការមើលឃើញ ឬក៏បទពិសោធន៍តាមការសង្គេតរៀងៗខ្លួន ។ ប៉ុន្តែបើតាមការវិភាគបែបទស្សនៈវិជ្ជាគឺអ្វីក៏ដោយមានហេតុនិងផល និងមានទំនាក់ទំនងរវាងហេតុនិងផល។ សម្រាប់លោកបណ្ឌិតយល់ឃើញថា ការស្លៀកស៊ិចស៊ីរបស់ស្ត្រីជាមូលហេតុនៃការរំលោភផ្លូវភេទ ដូចជាមិនរឹងមាំទេ មិនទាន់ត្រឹមត្រូវទេ។

លោកបណ្ឌិតយល់ថាមានប្រភពច្រើនទៀត ព្រោះមានប្រភពដែលពន្យុះឲ្យទៅចាប់រំលោភ ក្រុមជនល្មើសដែលចាប់រំលោភកន្លងមក ដោយមើលវ័យ លក្ខខណ្ឌនិងលក្ខណៈនៃការរស់នៅរបស់បុគ្គលនោះយ៉ាងម៉េច ហើយមានកត្តាផ្សេងៗទៀតដែលពន្យុះឲ្យមនុស្សមានអារម្មណ៍ផ្លូវភេទ។ ការដែលលើកឡើងពីការស្លៀកស៊ិចស៊ីគឺជាជ្រុងតូចមួយដូចជាការថតជាឃ្លិបវីដេអូ នៅក្នុងបណ្តាញសង្គមនៅក្នុងយូធូប ហ្វេសប៊ុក និងតិកតុក ជារូបភាពកំប្លែងមួយចំនួនប៉ុន្តែវាហាក់ដូចជាពន្យូសឲ្យអ្នកដែលមានអារម្មណ៍ផ្លូវភេទកាន់តែមានអារម្មណ៍ផ្លូវភេទ។

លោកបណ្ឌិតបន្តថា ម្យ៉ាងវិញទៀតការផ្សព្វផ្សាយគ្រប់ទីកន្លែងទ្រង់ទ្រាយតូចធំ គឺគ្រឿងស្រវឹងជាកត្តាជំរុញឲ្យទៅរកសេវាផ្លូវភេទ។ ក្រៅពីនោះទៀតក៏មានជារឿងអាសអាភាស ឬដែលហៅថារឿងក្តៅសាច់ នេះបើនិយាយនៅក្នុងសង្គមកម្ពុជា។ ប៉ុន្តែបណ្តាញសង្គមជាហ្វេសប៊ុក យូធូប ឬបណ្តាញផ្សេងៗទៀត វាជាបណ្តាញសកលដែលពិភពលោកមានវីដេអូអាសអាភាសគ្រប់សព្វឲ្យតែមានទូរសព្ទទំនើបមើលឃើញទាំងអស់ ដែលទាំងនេះគឺជាធាតុផ្សំ។

កត្តាផ្សេងទៀតដែលចាត់ទុកជាកត្តាគ្រឹះ អាចនិយាយជារួមគឺសីលធម៌សង្គមធ្លាក់ចុះ ពោលគឺមិនមែនកត្តាបច្ចេកវិទ្យាទំនើបទាំងអស់ប៉ុន្មានទេ ព្រោះនៅសកលលោកមានវីដេអូ រូបភាពអាសអាភាសដូចគ្នាដែរ ហេតុអ្វីបានជាករណីចាប់រំលោភមិនកើនឡើង។ កត្តាធ្លាក់ចុះការអប់រំសីលធម៌ ទាំងសីលធម៌នៅក្នុងគ្រួសារ សីលធម៌នៅក្នុងសាលា វត្តអារាម ឬសីលធម៌នៅក្នុងស្ថាប័ន សង្គមជារួម គឺសង្គេតឃើញថាដូចជាមានការធ្លាក់ចុះ ដូច្នេះមនុស្សមិនសូវជាមានការបែងចែកខុសត្រូវពីអ្វីដែលគួរធ្វើឬមិនគួរធ្វើ ហើយប្រសិនបើធ្វើអំពើអាក្រក់ទៅ អ្នករងគ្រោះនឹងមានទុក្ខលំបាក វេទនា និងអាប់ឳនកិត្តិយសយ៉ាងម៉េចខ្លះ ហើយអ្នកប្រព្រឹត្តស្រឡាញ់កិត្តិយស និងការពារកិត្តិយសដែរឬអត់។

លោកបណ្ឌិតបញ្ជាក់ថា កត្តាអាជ្ញាធរព្រោះអាជ្ញាធរតិចជាងប្រជាពលរដ្ឋ អាជ្ញាធរតិចហើយការបំពេញការងារមិនបានគ្រប់សព្វជ្រុងជ្រោយទៀត វាជាឳកាស ដូច្នេះអាជ្ញាធរថ្នាក់ឃុំ ថ្នាក់ស្រុក ថ្នាក់ខេត្ត ត្រូវតែប្រមូលព័ត៌មាន និងបទពិសោធន៍ដែលទទួលបានកន្លងមក ថាតើនៅកន្លែងណា តំបន់ណាដែលបទល្មើសឧស្សាហ៍កើតមាន ទោះបីឆក់ប្លន់រំលោភក៏ដោយ អាចមានអាជ្ញាធរជានគរបាល ឬសន្តិសុខភូមិ អាចពង្រាយនៅចាំឃ្លាំមើលនៅកន្លែងស្ងាត់ៗណាមួយចំនួនដែលជនល្មើសឧស្សាហ៍ធ្វើសកម្មភាព។

បន្ថែមនេះរឿងដែលសំខាន់មួយទៀតគឺស្រ្តី ឬកុមារដែលរងគ្រោះខ្លួនឯងនោះ និងឪពុកម្តាយត្រូវឧស្សាហ៍តាមដានព័ត៌មាន ថាបច្ចុប្បន្ននេះថាអ្វីទៅជាព័ត៌មានអសន្តិសុខ អ្វីទៅជាព័ត៌មានដែលត្រូវប្រុងប្រយ័ត្ន និងពេលវេលា និងទីកន្លែងណាដែលមិនគួរទៅ ព្រោះកាលណាតែចាំអាជ្ញាធរជួយគឺមិនបានគ្រប់ជ្រុងជ្រោយអស់ទេ ដូច្នេះស្រ្តី ឬកុមារត្រូវចេះជួយខ្លួនឯង ហើយឪពុកម្តាយក៏ត្រូវចេះអប់រំ និងណែនាំកូន ដើម្បីកុំកូនទៅកន្លែងគ្រោះថ្នាក់ ទោះបីជាធ្វើបែបនេះក៏ដោយវាមិនអាចធ្វើឲ្យយើងផុតពីគ្រោះថ្នាក់ទាំងអស់ ប៉ុន្តែអាចកាត់បន្ថយបានច្រើនជាងមុន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង