Yearendyearend1140x150

កម្ពុជា-កូរ៉េខាងត្បូងឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិថែមទៀតដើម្បីទាក់ទាញភ្ញៀវទេសចរ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ (ស្តាំដៃ) និង  លោក ផាក ឃឿងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា (ឆ្វេងដៃ)
រូបភាព៖ ក្រសួងទេសចរណ៍

ភ្នំពេញ៖ កម្ពុជា និងសាធារណរដ្ឋកូរ៉េ បានឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិជាច្រើនថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរពីប្រទេសកូរ៉េឱ្យមកទស្សនាកម្ពុជា ខណៈកម្ពុជាក៏ត្រៀមបើកទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញ ក្នុងក្របខណ្ឌយុទ្ធសាស្ត្របើកទទួលទេសចរចាក់វ៉ាក់សាំង និងដើម្បីពង្រីកការអភិវឌ្ឍវិស័យទេសចរណ៍នៃប្រទេសទាំងពីរ។ ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។

នាឱកាសនោះ ឯកឧត្ដម ថោង ខុន បានលើកឡើងថា ក្រោមការដឹកនាំ និងចង្អុលបង្ហាញដោយផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាបានសម្រេចការចាក់វ៉ាក់សាំងប្រមាណជាង ៨០% ដល់ប្រជាពលរដ្ឋទូទាំងប្រទេស។ ជាលទ្ធផល កម្ពុជាគ្រោងនឹងបើកទទួលទេសចរអន្តរជាតិនៅតំបន់ក្រុងព្រះសីហនុ ក្រុងកោះរ៉ុង និងតំបន់តារាសាគរនៃខេត្តកោះកុង ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ ហើយសៀមរាបអង្គរនឹងបើកឡើងវិញនៅខែមករា ឆ្នាំ២០២០ រួចនឹងបន្តពិនិត្យបើករាជធានីភ្នំពេញ និងទូទាំងប្រទេសជាបន្តបន្ទាប់។

ជាកិច្ចឆ្លើយតប លោក ផាក ឃឿងយ៉ុង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានគាំទ្រនូវគំនិតផ្តួចផ្តើមលើការបើកទេសចរណ៍អន្តរជាតិចាក់វ៉ាក់សាំងពេញលេញ និងចូលរួមជំរុញកិច្ចសហប្រតិបត្តិការជំរុញទេសចរកូរ៉េមកទស្សនាកម្ពុជាបន្ថែមទៀត ដោយប្រជាពលរដ្ឋនៃប្រទេសទាំងពីរមានអត្រាខ្ពស់ក្នុងការទទួលបានការចាក់វ៉ាក់សាំងពេញលេញ ក្រោមយុទ្ធសាស្ត្របើកទេសចរណ៍វ៉ាក់សាំង ដែលរាជរដ្ឋាភិបាលបានប្រកាសដាក់ចុះតាមគោលដៅសុវត្ថិភាព ជាពិសេសនៅតាមតំបន់ទេសចរណ៍បែបធម្មជាតិ និងខេត្តសៀមរាបដែលប្រជាជនកូរ៉េចូលចិត្តមកទស្សនា។

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េបានគាំទ្រជំរុញសហការលើគំនិតផ្តួចផ្តើមបង្កើតព្រឹត្តិការណ៍ធំៗនៅឆ្នាំ២០២២ ដែលជាការអបអរសាទរខួបលើកទី២៥ នៃចំណងការទូតកម្ពុជា-កូរ៉េ ដើម្បីទាក់ទាញទេសចរ និងវិនិយោគកូរ៉េមកកម្ពុជា។ លោកក៏បានអញ្ជើញក្រសួងទេសចរណ៍ចូលរួមព្រឹត្តិការណ៍អន្តរជាតិធំៗ ក្នុងក្របខណ្ឌទ្វេភាគី ក៏ដូចជាក្របខណ្ឌមេគង្គ-កូរ៉េផងដែរ។

ឆ្លើយតបទៅនឹងសំណើរបស់កម្ពុជា រដ្ឋាភិបាលសាធារណកូរ៉េនឹងពិចារណាជំរុញការរៀបចំឱ្យផ្ដល់បង្គន់អនាម័យសាធារណៈបន្ថែម ឆ្ពោះទៅការផ្សព្វផ្សាយភាពស្អាត និងអនាម័យ ព្រឹត្តិការណ៍ SEA Game នៅឆ្នាំ២០២៣ និងបន្តរៀបចំបន្ថែមតាមគោលដៅទេសចរណ៍ជាពិសេសខេត្តភូមិភាគឦសាន។

ភាគីកូរ៉េនឹងជំរុញឱ្យមានការចូលរួមពីកីឡាករកូរ៉េ ក្នុងកម្មវិធីប្រណាំងទូកក្តោងនៅកម្ពុជានាខែធ្នូ ឆ្នាំ២០២១ ខាងមុខ។

ទន្ទឹមនឹងនោះ ភាគីកូរ៉េក៏បានពិចារណាជំរុញការរៀបចំអនាម័យសាធារណៈបន្ថែម និងត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបី នាឱកាសព្រឹត្តិការណ៍ទេសចរណ៍អាស៊ាន ២០២២ (ATF 2022)ចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ ខាងមុខ។

ស្ថានទូតសាធារណរដ្ឋកូរ៉េក៏នឹងជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា ក៏ដូចជាកិច្ចសហប្រតិបត្តការល្អៗជាមួយកម្ពុជាដល់ពលរដ្ឋកូរ៉េ តាមរយៈការចុះផ្សាយអត្ថបទជាដើម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង