Yearendyearend1140x150

លោក រ៉ុង ឈុន និង​សកម្ម​ជននយោបាយត្រូវបានដោះលែងឱ្យមានសេរីភាព

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក រ៉ុង ឈុន ទីប្រឹក្សាគ្រូបង្រៀនឯករាជ្យកម្ពុជា

ភ្នំពេញ៖សាលាឧទ្ធរណ៍រាជធានីភ្នំពេញ នៅថ្ងៃទី ១២ វិច្ឆិកានេះ បានសម្រេច​តម្កល់​ការ​ផ្ដន្ទា​ទោស ប៉ុន្តែ​ព្យួរ​ទោស លោក រ៉ុង ឈុន កញ្ញា ស កន្និកា និង​លោក តុន និមល ។ អ្នក​ទាំង​បី ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​ពី​បទ​ញុះញង់ តាម​បញ្ញត្តិ​មាត្រា ៤៩៤ និង​មាត្រា ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ កាល​ពី​ថ្ងៃទី១៨ ខែ​សីហា ឆ្នាំ​២០២១ ដោយសារ​ការ​អនុវត្ត​សិទិ្ធ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​អ្នក​ទាំង​នោះ ។

សាលាឧទ្ធរណ៍ បានសម្រេចឱ្យលោក រ៉ុង ឈុន ជាប់​ពន្ធនាគារ​រយៈពេល ១៥ ខែ និង​១១ថ្ងៃ នៃ​ទោស​ពន្ធនាគារ​សរុប ២៤ខែ ហើយ​ទោស​ដែល​នៅ​សល់​ត្រូវ​បាន​ព្យួរ ។ កញ្ញា កន្និកា ត្រូវ​បាន​សាលា​ឧទ្ធរណ៍​សម្រេច​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន ១៥ ខែ និង ៥ថ្ងៃ នៃ​ទោស​សរុប​ចំនួន ២០ខែ ដោយ​ទោស​ដែល​នៅ​សល់​ត្រូវ​ព្យួរ ។ រីឯ​លោក និមល ត្រូវ​បាន​សាលា​ឧទ្ធរណ៍​សម្រេច​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន ១៤ ខែ និង ២៤ ថ្ងៃ​នៃ​ទោស​សរុប​ចំនួន ២០ ខែ ដោយ​ទោស​ដែល​នៅ​សល់​ត្រូវ​ព្យួរ ។

 លោក រ៉ុង ឈុន និងកញ្ញា ស កន្និកា បាន​ជាប់​ពន្ធនាគារ​អស់​រយៈពេល​ជាង ១៥ខែ មក​ហើយ រីឯ​លោក តុន និមល បាន​ជាប់​ពន្ធនាគារ​អស់​រយៈពេល​ជាង ១២ខែ ។ ក្រៅ​ពី​នេះ អ្នក​ទាំង​បី​ក៏​ត្រូវ​បាន​សាលា​ឧទ្ធរណ៍ បាន​សម្រេច​ព្យួរ​ទោស​សាកល្បង​ចំនួន ៣ឆ្នាំ ផងដែរ ក្រោយ​ពេល​ដោះ​លែង ដោយ​តម្រូវ​ឱ្យ​អ្នក​ទាំង​បី គោរព​នូវ​វិធានការ​ដ៏​តឹង​រ៉ឹង​ជាច្រើន ដូចជា​មិន​អាច​ទាក់​ទង​ជាមួយ​គ្នា ហើយ​ត្រូវ​រាយ​ការណ៍​ជូន​ព្រះ​រាជ​អាជ្ញា​នៅ​ពេល​អ្នក​ទាំងបី​ផ្លាស់​ប្តូរ​ទី​លំនៅ ឬ​ការងារ យោង​តាម​មាត្រា ១១៩ និង ១២០ នៃ​ក្រម​ព្រហ្មទណ្ឌ ។

សាលាឧទ្ធរណ៍ក៏សម្រេចតម្កល់សេចក្តី​សម្រេច​របស់​សាលា​ដំបូង ដែល​ឱ្យ​សកម្មជន​ទាំង​៣​នាក់ បង់​ប្រាក់​ពិន័យ​ម្នាក់ៗ​ចំនួន ២លាន​រៀល (៥០០ដុល្លារ) និង​បង្គាប់​ឱ្យ​អ្នក​ទាំង​៣នាក់ សង​សំណង​ជំងឺ​ចិត្ត​រួម​ចំនួន ៤០០​លាន​រៀល (១០០.០០០ ដុល្លារ) សម្រាប់​ការ​ខូចខាត​ផ្សេងៗ ដែល​ការ​ពិន័យ​ទាំងពីរ​នេះ គឺ​ជា​ការ​ពិន័យ​ដែល​មាន​ទឹក​ប្រាក់​ច្រើន​ហួស​ហេតុ ។

លោក រ៉ុង ឈុន ដែលជាប្រធានសហជីព និង​ជា​សកម្មជន​ការពារ​សិទ្ធិ​ការងារ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​នោះ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០២០ ជុំវិញ​ការ​អត្ថាធិប្បាយ​របស់​លោក​ទាក់ទង​នឹង​បញ្ហា​ព្រំដែន​ប្រទេស​កម្ពុជា-វៀតណាម ក្រោយ​ពេល​ដែល​លោក បាន​ចុះ​ជួប​សំណេះ​សំណាល​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ។ កញ្ញា កន្និកា និង​លោក និមល ត្រូវ​បាន​ចាប់ខ្លួន អំឡុង​ពេល​តវ៉ា​ដោយ​អហិង្សា កាល​ពី​ខែ​សីហា និង​កញ្ញា ឆ្នាំ​២០២០ ដើម្បី​អំពាវនាវ​ឱ្យ​មាន​ការ​ដោះលែង​លោក រ៉ុង ឈុន៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង