Yearendyearend1140x150

អង្គការសហប្រជាជាតិត្រៀមរួចជាស្រេចក្នុងការគាំទ្រអភិវឌ្ឍកម្ពុជាប្រកបដោយចីរភាព

នយោបាយ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (ស្តាំដៃ) និង ឯកឧត្តម ឃែលិដ ឃៀរី ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ (ឆ្វេងដៃ)  (រូបភាព៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ)

ភ្នំពេញ៖ ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ នៅថ្ងៃទី១០ ខែខិច្ឆិកានេះ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ នៅក្នុងជំនួបនេះ អង្គការសហប្រជាជាតិ បានគូសបញ្ជាក់អំពីការត្រៀមរួចជាស្រេចរបស់ខ្លួនក្នុងការគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងប្រទេសកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ឃែលិដ ឃៀរី ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ បានលើកសរសើរកម្ពុជាចំពោះវឌ្ឍនភាពជាលំដាប់ ការចូលរួមយ៉ាងធំធេងក្នុងការរក្សាសន្តិសុខអន្តរជាតិ និងការគាំទ្រពហុភាគីនិយម និងសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់។

ឯកឧត្តម ក៏បានកោតសរសើរកម្ពុជាចំពោះយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ដ៏ជោគជ័យ ដែលនាំមកនូវការស្តារឡើងវិញដ៏ល្អនាពេលខាងមុខ និងគូសបញ្ជាក់អំពីការត្រៀមរួចជាស្រេចរបស់អង្គការសហប្រជាជាតិ ក្នុងការគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងប្រទេសកម្ពុជា។

ទន្ទឹមនឹងនេះ ចំពោះតួនាទីកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ ឯកឧត្តម ប្រាក់សុខុន បានលើកពីអាទិភាពដែលកម្ពុជាបានកំណត់ដើម្បីកសាងសហគមន៍អាស៊ានបន្ថែមទៀត ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»។

ចំពោះភាពដៃគូសន្ទនាគ្រប់ជ្រុងជ្រោយអាស៊ាន-អង្គការសហប្រជាជាតិ ដែលឈានដល់ខួបអនុស្សាវរីយ៍លើកទី១០ នៅឆ្នាំនេះ ឯកឧត្តម ប្រាក់ សុខុន និង ឯកឧត្តម ឃែលិដ ឃៀរី បានពិភាក្សាអំពីការពន្លឿនកិច្ចសហប្រតិបត្តិការអាស៊ាន-អង្គការសហប្រជាជាតិក្នុងវិស័យមួយចំនួន ដែលមានកំណត់ក្នុងក្របខ័ណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន ការបង្រួមគម្លាតអភិវឌ្ឍក្នុងអាស៊ានតាមរយៈការអនុវត្តផែនការការងារ IAI ទី៤ និងផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥សុខុមាលភាពពលករចំណាកស្រុក ស្ត្រីក្នុងរបៀបវារៈសន្តិភាព និងសន្តិសុខ និងការគាំទ្រមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC)។

ឯកឧត្តមទាំងពីរក៏បានចែករំលែកនូវទស្សនដូចគ្នាស្ដីពីការលើកទឹកចិត្តអោយមានការសហការគ្នាជិតស្និទ្ធ រវាងប្រសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងប្រេសិតពិសេសនៃប្រធានអាស៊ានស្តីពីបញ្ហាមីយ៉ាន់ម៉ា។

ឯកឧត្តម ប្រាក់ សុខុន និង ឯកឧត្តម ឃលិដ ឈៀរី បានរំពឹងដល់វឌ្ឍនភាពបន្ថែមទៀតក្នុងការអនុវត្តផែនការសកម្មភាពអាស៊ាន-អង្គការសហប្រជាជាតិ ២០២១-២០២៥ រួមទាំងការជំរុញភាពបំពេញគ្នាទៅវិញទៅមករវាងចក្ខុវិស័យអាស៊ានឆ្នាំ២០២៥ និងរបៀបវារៈស្តីពីគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ឆ្នាំ២០៣០ , និងការរៀបចំកិច្ចប្រជុំអាស៊ាន-អង្គការសហប្រជាជាតិនៅគ្រប់កម្រិតដោយផ្ទាល់នៅឆ្នាំក្រោយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង