Yearendyearend1140x150

ឯកឧត្តម ងួន ញិល អនុប្រធានទី១រដ្ឋសភាជានរណា?

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ មុននឹងបានឡើងកាន់ដំណែងជាអនុប្រធានទី១រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា លោកបណ្ឌិតងួន ញិល ធ្លាប់ជាគ្រូបង្រៀនក្នុងឆ្នាំ១៩៦៤ ដល់ឆ្នាំ១៩៧០ និងផ្លាស់ប្ដូរការងារបន្តបន្ទាប់រហូតមកដល់ឆ្នាំ១៩៩៨មកដល់បច្ចុប្បន្នជាអនុប្រធានទី១រដ្ឋសភា ហើយបានទទួលមរណភាពក្នុងអាយុ ៧៩ឆ្នាំនៅថ្ងៃនេះ។


តើឯកឧត្តម ងួន ញិល អនុប្រធានទី១រដ្ឋសភាជានណា?

ឯកឧត្តម ងួន ញ៉ិល កើតនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៤២ ឪពុកឈ្មោះ ងួន សេន ម្ដាយឈ្មោះ ឡុង រុំា មានទីកន្លែងកំណើត ភូមិត្រពាំងជ្រៃ ឃុំបល្ល័ង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ក្នុងត្រកូលអ្នកកសិករ។

ត្បិតតែស្ថិតក្នុងគ្រួសារកសិករ លោក ងួន ញិល បានបញ្ចប់ការសិក្សារកម្រិតវប្បធម៌ សញ្ញាប័ត្រឧត្តមសិក្សាវិទ្យាសាស្រ្តសង្គម ចំណេះដឹងភាសាបរទេស ភាសាបារាំង និងអង់គ្លេស។

លោកបណ្ឌិត មានកូនប្រុសស្រីចំនួន៦នាក់ តែកូនពីរនាក់បានស្លាប់ក្នុងរបរប្រល័យពូជសាសន៍ប៉ុលពត ចំណែកប្រពន្ធរបស់លោកបានទទួលមរណៈភាពកាលពីឆ្នាំ២០១១ កន្លងទៅ។

និយាយពីប្រវត្តិនៃការសិក្សារវិញពីឆ្នាំ១៩៤៨ ដល់ឆ្នាំ១៩៥៦ រៀននៅបឋមសិក្សាវត្តព្រៃត្រាវ និងបឋមសិក្សាកំពង់ថ្ម វិញ្ញាបនប័ត្របឋមសិក្សា។ ពីឆ្នាំ១៩៥៦ ដល់ឆ្នាំ១៩៦១ រៀននៅអនុវិទ្យាល័យបំពេញវិទ្យាកំពង់ធំ មធ្យមសិក្សាប័ត្រ។

ចំណែកពីឆ្នាំ១៩៦២ ដល់ឆ្នាំ១៩៦៣ លោករៀននៅវិទ្យាល័យបំពេញវិជ្ជាកំពង់ធំ មធ្យមសិក្សាប័ត្រភាគមួយ។ ពីឆ្នាំ១៩៦៣ ដល់ឆ្នាំ១៩៦៤ រៀននៅមហាវិទ្យាល័យគរុកោសល្យសញ្ញាបត្រ មហាវិទ្យាល័យគរុកោសល្យ។

ដោយឡែក ឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩២ តាមរយៈក្រសួងអប់រំបានបញ្ចប់ការសិក្សារ និងទទួលសញ្ញាបត្រ ឧត្តមសិក្សាផ្នែកវិទ្យាសាស្រ្តសង្គម។ លោកទទួលបានសញ្ញាបត្រកិត្តិយស ក្នុងឆ្នាំ២០១១ បានទទួលសញ្ញាបត្រថ្នាក់បណ្ដិតកិត្តិយស ផ្នែកវិទ្យាសាស្រ្តនយោបាយ ពីសាកលវិទ្យាល័យ ហ្វា អែស្ត នៃសាធារណរដ្ឋកូរ៉េ និងឆ្នាំ២០១៩ បានទទួលសញ្ញាបត្រកិត្តិយស ថ្នាក់ក្រោយបណ្ឌិត ផ្នែកវិទ្យាសាស្រ្តសង្គម ពីសាកវិទ្យាល័យ ឆាត្រាប៉ាទី សាហូ ជី មហារាជ នៃសាធារណរដ្ឋឥណ្ឌា។

ប្រវត្តិការងាររបស់លោកងួន ញិល ក្នុងឆ្នាំ១៩៦៤ ដល់ឆ្នាំ១៩៧០ លោកធ្លាប់ធ្វើជាគ្រូបង្រៀននៅតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ បន្ទាប់មកលោកធ្វើជា មន្រ្តីដឹកនាំធ្វើការនៅអធិការដ្ឋាន ខេត្តកំពង់ធំ ផ្នែកបច្ចេកទេសគរុកោសល្យ ឆ្នាំ១៩៧៩ ដល់១៩៨០ លោកជាប្រធានភូមិ ជាប្រធានឃុំ និងជាប្រធានស្រុកបារាយណ៍។

រហូតដល់ឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨៥ លោកជាប្រធានខេត្តកំពង់ធំ លុះដល់ឆ្នាំ១៩៨៥ ដល់ឆ្នាំ១៩៨៩ លោកកជាលេខាបក្សរដ្ឋធានីភ្នំពេញ។ ឆ្នាំបន្ទាប់លោកឡើងជារដ្ឋមន្រ្តីក្រសួងកសិកម្ម និងពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៨ ជាសមាជិករដ្ឋសភាមណ្ឌលកំពង់ធំ និងជាអនុប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា និងពីឆ្នាំ១៩៩៨ ដល់បច្ចុប្បន្ន លោកជាអនុប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។ស្នាដៃដែលលោកបានសម្រេចក្នុងរដ្ឋសភា គឺបានអនុម័តចាប់ពីនីតិកាលទី១ ដល់បច្ចុប្បន្ន ខែកក្ក ឆ្នាំ២០២០ មាន៥៧៥ច្បាប់។

លោកត្រូវបានព្រះមហាក្សត្រ ប្រទានគោរមងារកិត្តិយសជូន ឯកឧត្តមបណ្ឌិត ជា កិត្តិនីតិកោសលបណ្ឌិតចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០។

សូមជម្រាបជូនថា លោកបណ្ឌិត ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភា បានទទួលមរណភាព នៅម៉ោង១០៖៣៦នាទី ព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅមន្ទីរពេទ្យរុស្សី។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង