Yearendyearend1140x150

តើកម្ពុជាអាចទាក់ទាញភ្ញៀវទេសចរចិនបានទេនាឱកាសទេសចរណ៍វ៉ាក់សាំងខាងមុននេះ?

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ភ្ញៀវទេសចរចិនមកកម្ពុជាកន្លងទៅ

ភ្នំពេញ៖កម្ពុជាបានប្រកាសបើកទទួលភ្ញៀវទេសចរអន្តរជាតិ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ ដោយការចាប់ផ្ដើមដំបូងនៅក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងនៅតំបន់វិស្សមកាលតារាសាគរ នៃស្រុកបទុមសាគរ ខេត្តកោះកុង។ តាមរយៈការបើនេះ រាជរដ្ឋាភិបាលកម្ពុជារំពឹងថាអាចនឹងទាក់ទាញភ្ញៀវទេសចរច្រើនដើម្បីស្រោចស្រង់សេដ្ឋកិច្ចកម្ពុជា ជាពិសេសគឺភ្ញៀវទេសចរចិនដែលជាទីផ្សារធំរបស់កម្ពុជា។ ដូចនេះ តើកម្ពុជាអាចទាក់ទាញភ្ញៀវទេសចរចិនបានច្រើនទេនាឱកាសបើកទេសចរណ៍វ៉ាក់សាំងខាងមុននេះ?

បើមិនមានការប្រែប្រួលអ្វីនោះទេ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ កម្ពុជានឹងផ្ដើមបើកដំណើរការទទួលភ្ញៀវទេសចរចាក់វ៉ាក់សាំងនៅក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងនៅតំបន់វិស្សមកាលតារាសាគរ ដោយអនុញ្ញាតឱ្យភ្ញៀវទេសចរអន្តរជាតិស្នាក់នៅ និងទស្សនាក្នុងតំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាពរយៈពេល៥ថ្ងៃ ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កក្នុងសណ្ឋាគារ។

ក្រសួងទេសចរណ៍ បានណែនាំឱ្យរដ្ឋបាលខេត្តព្រះសីហនុ និងខេត្តកោះកុង គ្រប់គ្រងស្ថិតិ និងអត្តសញ្ញាណអ្នកដំណើរចេញចូលតំបន់គោលដៅសុវត្ថិភាព ជាកិច្ចការស្នូល និងត្រូវរៀបចំប្រព័ន្ធគ្រប់គ្រងមួយតាមបែបបច្ចេកវិទ្យា និងត្រូវយកចិត្តទុកដាក់ជម្រុញប្រតិបត្តិករទេសចរណ៍ ដែលស្ថិតក្រោមដែនសមត្ថភាពរបស់ខ្លួនអនុវត្តឱ្យបានខ្ជាប់ខ្ជួន។

ជំហាននៃការបើទេសចរណ៍វ៉ាក់សាំងដំបូង ជាការប៉ាន់ស្មានភ្ញៀវទេសចរអន្តរជាតិដែលមកកម្សាន្តនៅកម្ពុជាអាចមានចន្លោះពី៣ពាន់ទៅ៥ពាន់នាក់ ហើយភ្ញៀវទេសចរដែលមកកម្សាន្ត អាចមកពីប្រទេសចិនដែលជាទីផ្សារធំរបស់កម្ពុជា ប្រទេសរុស្ស៊ី និងតំបន់មួយចំនួននៃអាស៊ានផងដែរ។ នេះបើតាម ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។

តើកម្ពុជាអាចទាក់ទាញភ្ញៀវទេសចរជនជាតិចិនបានច្រើនដែរឬទេ?

ជាចម្លើយហាក់ដូចជាមានការរំពឹងតិចតួច ។តិចដោយសាររដ្ឋាភិបាលចិន បានរឹតបន្តឹងចំពោះជនជាតិចិនដែលវិលត្រឡប់ពីបរទេសចូលស្រុកខ្លួនវិញដោយអាជ្ញាធរនៅតាមតំបន់ ឬនៅខេត្តមួយចំនួនក្នុងប្រទេសចិនមានការប្រុងប្រយ័ត្នខ្លាំង និងខ្លះទៀតបិទមិនទទួលជើងហោះហើរជាដើម ក្នុងន័យទប់ស្កាត់ការពារតំបន់របស់ពួកគេកុំឆ្លងរីករាលដាលកូវីដ-១៩។ក្នុងករណីតំបន់របស់ពួកគេត្រូវបានផ្ទុះឆ្លងកូវីដរដ្ឋាភិបាលចិននឹងចាត់វិធានការដកតំណែងមន្ត្រីដែលទទួលខុសត្រូវទាំងនោះរួមទាំងការពិន័យចំនួនទៀត។

ក្រៅពីនេះ សំបុត្រយន្តហោះពីប្រទេសកម្ពុជា ទៅកាន់ប្រទេសចិន បានឡើងថ្លៃខ្ពស់កប់ពពក ដោយក្នុង១ជើងពួកគេត្រូវចំណាយថវិកាចន្លោះពី ៧០០០ដុល្លារ ទៅ១២០០០ដុល្លារអាស្រ័យពេលកក់មុន ឬក្រោយ។តម្លៃសំបុត្រយន្តហោះនេះខ្ពស់មិនធ្លាប់មានឡើងក្នុងប្រវត្តិសាស្ត្ររវាងកម្ពុជានិងចិន។ក្នុងករណីមុនឡើងយន្តហោះតេស្តឃើញកូវីដ-១៩លុយដែលកក់ទិញសំបុត្រយន្តហោះក៏ត្រូវអស់ផងដែរ។នេះបើតាមជនជាតិចិនមួយរូប បានប្រាប់ស៊ីស៊ីថាមស៍។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា កន្លងមកភ្ញៀវចិនបានទាក់ទងមកសមាគមជាញឹកញាប់ដែរអំពីលក្ខខណ្ឌនានាក្នុងការមកកម្សាន្តនៅកម្ពុជា។ ប៉ុន្តែអ្វីដែលសំខាន់គឺប្រទេសចិនមិនទាន់បើកប្រទេសពេញលេញនៅឡើយទេ ដោយតំបន់ជាច្រើននៅប្រទេសចិននៅតែបន្តបិទនៅឡើយ ហើយគោលនយោបាយប្រទេសចិនក៏នៅមានការរឹតបន្តឹងនៅឡើយ។ ដូចនេះទីភ្នាក់ងារទេសចរណ៍កម្ពុជាអាចលក់សំបុត្រឱ្យភ្ញៀវចិនបានរាយៗតែប៉ណ្ណោះ។

ស្ថានទូតចិនប្រចាំកម្ពុជា ព្រមានចំពោះក្រុមហ៊ុនអាកាសចរណ៍ដែលបានលួចបន្ថែមលក្ខខណ្ឌដោយខ្លួនឯង ដូចជារកលេះតំឡើងថ្លៃសំបុត្រយន្តហោះកប់ពពក។ការព្រមាននេះ ធ្វើឡើងក្រោយពីស្ថានទូតចិន ទទួលពាក្យបណ្តឹងជាច្រើនពីប្រជាពលរដ្ឋចិន ដោយពួកគេអះអាងថា សំបុត្រយន្តហោះពីប្រទេសកម្ពុជាត្រឡប់ទៅកាន់ប្រទេសចិនវិញមានតម្លៃថ្លៃខ្លាំង បង្កការលំបាកដល់ភ្ញៀវទេសចរ។

ស្ថានទូតចិន បានពន្យល់ថា កន្លងទៅស្ថានទូតបានតម្រូវឱ្យក្រុមហ៊ុនអាកាសចរណ៍កំណត់ឱ្យអ្នកធ្វើដំណើរត្រូវតែធ្វើចត្តាឡីស័ករយៈពេល១៤មុនឡើងយន្តហោះដោយតម្រូវស្នាក់នៅក្នុងសណ្ឋាគារមិនអនុញ្ញាតឱ្យចេញក្រៅជាដាច់ខាត។ប៉ុន្តែចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា នេះតទៅការធ្វើចត្តាឡីស័កត្រូវបានកាត់បន្ថយមកត្រឹមរយៈពេល៤ថ្ងៃវិញ។

បើតាមសេចក្តីជូនដំណឹងស្ថានទូតចិនបន្តថា បច្ចុប្បន្ន អ្នកដំណើរទៅប្រទេសចិនត្រូវឆ្លងកាត់ការធ្វើតេស្តរកវីរុសកូវីដ១៩ ចំនួន ៣លើក និងការធ្វើតេស្តឈាមរកអង់ទីគ័រចំនួន ១លើក។ ហើយការធ្វើតេស្តរកវីរុសកូវីដ១៩ចំនួន២លើកដំបូងគឺ នៅមុនពេលឡើងយន្តហោះចំនួន១៤ថ្ងៃ និងមុនពេលឡើងយន្តហោះ៣ថ្ងៃ(មិនរាប់បញ្ចូលថ្ងៃឡើងយន្តហោះ) ដែលការធ្វើតេស្តនេះត្រូវធ្វើឡើងនៅមន្ទីរពេទ្យព្រះកេតុមាលា(ពេទ្យយោធា)។ចំណែកឯការធ្វើតេស្តលើកទី ៣ និងការធ្វើតេស្តឈាមរកអង់ទីគ័រចំនួន ១លើកគឺត្រូវធ្វើនៅវិទ្យាស្ថាន NIPH ក្នុងរយៈពេល ២ថ្ងៃមុនពេលឡើងយន្តហោះ។

ស្ថានទូតចិន អះអាងថា តម្លៃសំបុត្រយន្តហោះទៅប្រទេសចិន បានឡើងលើសពីតម្លៃសំបុត្រយន្តហោះតម្លៃពេញទៅហើយ ក្រុមហ៊ុនអាកាសចរណ៍ដែលពាក់ព័ន្ធទាំងអស់ត្រូវបានស្នើសុំឱ្យលុបចោលជាបន្ទាន់នូវឃ្លា “ហាមមិនអោយផ្លាស់ប្តូរជើងយន្តហោះ រឺ សងប្រាក់វិញ” ដើម្បីកុំឱ្យខូចខាតធ្ងន់ធ្ងរកិត្តិនាមក្រុមហ៊ុន ដែលការណ៍នេះអាចបណ្តាលឱ្យក្រុមហ៊ុនទទួលផលវិបាកដ៏ធ្ងន់ធ្ងរដោយមិនអាចធ្វើការហោះហើរទៅកាន់ប្រទេសចិនទៀតបាន ។

ចំណុចលើកឡើងខាងលើ សុទ្ធតែឧបសគ្គនិងផលលំបាកដែលជនជាតិចិនយល់ថាពួកគេមិនងាយស្រួលក្នុងការសម្រេចចិត្តធ្វើដំណើរមកលំហែរកាយនៅប្រទេសកម្ពុជា។ជនជាតិចិនជាច្រើនបាននិយាយដូចៗគ្នាបែបលេងសើចថា នៅពេលដែរជនជាតិចិនមកលេងកម្ពុជាហើយ ពួកគាត់ទៅស្រុកវិញតាមរបៀបណា។

ម៉្យាងវិញទៀត គោលនយោបាយរបស់រដ្ឋាភិបាលប្រទេសចិន មិនជំរុញអោយប្រជាជនខ្លួនចេញទៅកំសាន្តទៅតំបន់ណាដែលមានកាស៊ីណូច្រើនឡើយ ហើយតាមច្បាប់នៃប្រទេសនេះ ពលរដ្ឋខ្លួនចូលកាស៊ីណូលេងល្បែង គឺជាអំពើរខុសច្បាប់។ដូច្នោះ ដូចជាទីតាំងក្រុងព្រះសីហនុដែលមានកាស៊ីណូដ៏ច្រើនដែលប្រុងនឹងបើកទទួលភ្ងៀវអន្តរជាតិនៅចុងខែនេះ ដូចជាមិនមែនជាទីតាំងដែលអាជ្ងាធរប្រទេសចិនជំរុញអោយពលរដ្ឋខ្លួនមកទស្សនានោះទេ ដូចខេត្តសៀមរាបអង្គរនោះទេ។

ទោះយ៉ាងណាក៏ គេមើលឃើញថា ក្រសួងពាក់ព័ន្ធកំពុងប្រើគ្រប់មធ្យោបាយ ដើម្បីទាក់ទាញភ្ងៀវអន្តរជាតិ ពិសេសភ្ងៀវចិនអោយត្រឡប់មកទស្សនាកម្ពុជា ដើម្បីស្រោចស្រង់សេដ្ឋកិច្ចអោយរស់រវើកឡើកវិញ។ប៉ុន្តែ បើមើលពីទិដ្ឋភាពជាក់ស្តែងនៅពេលនេះ មិនទាន់ឃើញពន្លឺល្អដែលជំរុញភ្ញៀវទេសចរចិនមានចិត្តចង់មកលេងប្រទេសមិត្តដែកថែបខ្លួននោះឡើយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង