Yearendyearend1140x150

មនុស្សរាប់សិបនាក់បានស្លាប់នៅក្នុងការវាយប្រហារលើមន្ទីរពេទ្យយោធាអាហ្វហ្គានីស្ថាន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
មនុស្សរាប់សិបនាក់បានស្លាប់នៅក្នុងការវាយប្រហារលើមន្ទីរពេទ្យយោធាអាហ្វហ្គានីស្ថាន ប្រភពរូប៖ ស៊ីនហួរ

អាហ្វហ្គានីស្ថាន៖ មន្ទីរពេទ្យយោធាមួយនៅកណ្តាលទីក្រុងកាប៊ុល រដ្ឋធានី ប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានវាយប្រហារដោយជនប្រដាប់អាវុធមិនស្គាល់អត្តសញ្ញាណនៅថ្ងៃទី ២ ខែវិច្ឆិកា។ មន្ត្រីសន្តិសុខ និងសុខភាពរបស់រដ្ឋាភិបាលបណ្តោះអាសន្នតាលីបង់អាហ្វហ្គានីស្ថាន បាននិយាយថា មនុស្សរាប់សិបនាក់បានស្លាប់ និងរងរបួសនៅក្នុងការវាយប្រហារនេះ។

លោក Kari Said Husti អ្នកនាំពាក្យក្រសួងមហាផ្ទៃនៃរដ្ឋាភិបាលបណ្តោះអាសន្នតាលីបង់ បាននិយាយថា ទីតាំងនៃឧបទ្ទវហេតុនេះ គឺជាមន្ទីរពេទ្យយោធាដ៏ធំបំផុតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន គឺមន្ទីរពេទ្យ Sardar Mohamed Daoud Khan ដែលមានគ្រែប្រហែល ៤០០។ ការផ្ទុះនេះ កើតឡើងនៅច្រកចូលមន្ទីរពេទ្យ ហើយកម្លាំងសន្តិសុខត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ។

មន្ត្រីមិនទាន់បានបញ្ចេញព័ត៌មានជាក់លាក់អំពីការស្លាប់និងរបួសនៅឡើយទេ។ ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីសន្តិសុខម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ Reuters ថា ការវាយប្រហារនេះបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១៥ នាក់ស្លាប់ និង ៣៤ នាក់រងរបួស។ ទីភ្នាក់ងារសារព័ត៌មាន France-Presse បានយកប្រភពពីមន្ត្រីសុខាភិបាល ដើម្បីរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ១៩ នាក់បានស្លាប់ និង ៥០ នាក់រងរបួសនៅក្នុងការវាយប្រហារនេះ។

អង្គការសង្គ្រោះអ៊ីតាលីបាននិយាយថា មន្ទីរពេទ្យរបួសដែលដំណើរការដោយអង្គការក្នុងទីក្រុងកាប៊ុលមានចម្ងាយប្រហែល៣គីឡូម៉ែត្រពីកន្លែងកើតហេតុ ហើយបានទទួលអ្នករបួស៩នាក់។ រូបថតដែលថតបានដោយអ្នកស្រុកបង្ហាញថា ផ្សែងហុយខ្លាំងចេញពីតំបន់នោះ។ សាក្សីបាននិយាយថា ពួកគេបានឃើញឧទ្ធម្ភាគចក្រយ៉ាងតិចពីរគ្រឿងហោះក្បែរនោះ។

បុគ្គលិកមន្ទីរពេទ្យដែលបានរត់គេចខ្លួនបាននិយាយថា មុនដំបូងគាត់បានឮសំឡេងខ្លាំងៗ បន្ទាប់មកបន្តការបាញ់កាំភ្លើងទៀតប្រហែល១០នាទីក្រោយមកក៏មានការផ្ទុះជាលើកទី២ ហើយសំឡេងកាន់តែខ្លាំងជាងលើកទី១ ។ លោកមិនអាចកំណត់ថា តើការផ្ទុះនិងការបាញ់កាំភ្លើងចេញពីខាងក្នុងអគារមន្ទីរពេទ្យឬយ៉ាងណានោះទេ។

ទីភ្នាក់ងារព័ត៌មាន Bakhta របស់ប្រទេសអាហ្វហ្គានីស្ថានបានរាយការណ៍ថា សាក្សីមួយចំនួនបានអះអាងថា បានឃើញសមាជិកជាច្រើននៃអង្គការជ្រុលនិយម "រដ្ឋអ៊ីស្លាម" បានលួចចូលទៅក្នុងមន្ទីរពេទ្យនៃឧបទ្ទវហេតុនេះ ហើយបានធ្វើការបាញ់ប្រហារជាមួយកងកម្លាំងសន្តិសុខ។

ចាប់តាំងពីក្រុមតាលីបង់បានកាន់កាប់របបអាហ្វហ្គានីស្ថាននៅថ្ងៃទី ១៥ ខែសីហា សាខានៃ "រដ្ឋអ៊ីស្លាម" បានបើកការវាយប្រហារជាច្រើនកន្លែងនៅអាហ្វហ្គានីស្ថាន។ កាលពីថ្ងៃទី ៨ ខែតុលា វិហារអ៊ីស្លាមមួយកន្លែងក្នុងទីក្រុង Kunduz រដ្ឋធានីនៃខេត្ត Kunduz ត្រូវបានវាយប្រហារដោយការបំផ្ទុះ សម្លាប់មនុស្សជាង ៥០ នាក់ និងរបួសជាង ១០០ នាក់ផងដែរ។ ហើយ នៅថ្ងៃទី ១៥ ខែតុលា វិហារអ៊ីស្លាមមួយកន្លែងទៀតនៅទីក្រុង Kandahar នៃខេត្ត Kandahar បានរងការវាយប្រហារដោយការផ្ទុះមួយបានសម្លាប់មនុស្សយ៉ាងតិច ៤៧ នាក់ ជាង ៩០ នាក់បានរងរបួស កាលពីថ្ងៃទី ២១ ខែតុលា ប៉មខ្សែបញ្ជូនមួយនៅភាគពាយព្យនៃទីក្រុងកាប៊ុល ត្រូវបានវាយប្រហារដោយការផ្ទុះ ដែលបណ្តាលឱ្យមានការរំខានបណ្តោះអាសន្ន នៃការផ្គត់ផ្គង់ថាមពលនៅក្នុងទីក្រុងកាប៊ុល និងតំបន់ជុំវិញ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង