Cct850x100 1
1800px x h300px kh

កម្ពុជាមានភ្ញៀវទេសចរដើរកម្សាន្តជាង១លាននាក់ពេញមួយខែតុលា ឆ្នាំ២០២១

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
បណ្តុំរូបភាពភ្ញៀវទេសចរដើរកម្សាន្តក្នុងខែតុលា (រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ កម្ពុជាមានភ្ញៀវទេសចរសរុបដែលបានចេញដើរកម្សាន្តមានចំនួន ១,៤៨៣,០៩៩ នាក់ សម្រាប់រយៈពេលពេញមួយខែតុលា ឆ្នាំ២០២១។ ចំនួននេះកើនឡើង ៤០៣.១៦% ពោលគឺកើនឡើងប្រមាណ៤ដង ធៀបនឹងខែកញ្ញាកន្លងមក។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។

យោងតាមរបាយការណ៍ សម្រាប់សប្ដាហ៍ទី៤ខែតុលា ឬរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣១ ខែតុលា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុបចំនួន ១៩៣,៤១៧ នាក់ កើនឡើង ៣៨.២៨% ធៀបនឹងចុងសប្តាហ៍ទី៣នៃខែតុលា។ ដូចនេះ បើគិតរយៈពេញមួយខែតុលា កម្ពុជាមានភ្ញៀវចេញដើរកម្សាន្តជាង១លាន៤៨ម៉ឺននាក់ កើនឡើងជាង៤០០%។

របាយការណ៍បន្តថា ក្នុងចំណោមភ្ញៀវទេសចរសរុបជាង១៩ម៉ឺននាក់នៃសប្តាហ៍ទី៤ មានភ្ញៀវជាតិចំនួន ១៨៨,៤៧២ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៤,៩៤៥ នាក់។ ចំនួនភ្ញៀវទេសចរបរទេសផ្ទៃក្នុងនៅចុងសប្ដាហ៍ទី៤នៃខែតុលានេះ គឺមានការកើនឡើងគួរឱ្យកត់សម្គាល់។

ចំពោះគោលដៅទេសចរណ៍សំខាន់ៗក្នុងខែតុលា រួមមាន៖ ខេត្តកំពត ២៣០,០៤៦ នាក់, ខេត្តព្រះសីហនុ ១៩៨,៩៦៥ នាក់, ខេត្តកែប ១៤៨,២១៣ នាក់, រាជធានីភ្នំពេញ ១២២,៣១៥ នាក់, ខេត្តពោធិ៍សាត់ ១០៨,១៤០ នាក់, ខេត្តសៀមរាប ៨៣,៣៩៤ នាក់, ខេត្តបាត់ដំបង ៧៤,៣៧១ នាក់ និងខេត្តកំពង់ចាម ៧២,១២៩ នាក់។

ទន្ទឹមនឹងនេះ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានបង្ហាញការកត់សម្គាល់ដែរថា ចំនួនទេសចរណ៍ផ្ទៃក្នុងដែលមានចំនួនច្រើនក្នុងខែតុលានេះ គឺបានមកអាស្រ័យដោយរាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងប្រទេសបើកដំណើរការឡើងវិញតាមគន្លងប្រក្រតីភាពថ្មី ខណៈដែលវិធានការរដ្ឋបាលដោយឡែករបស់រាជធានី-ខេត្ត ពាក់ព័ន្ធនឹងការផ្អាកដំណើរការរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាក៏ត្រូវបានបិទបញ្ចប់ ស្របពេលដែលខែតុលានេះមានថ្ងៃឈប់សម្រាកច្រើន ពិសេសពិធីបុណ្យភ្ជុំបិណ្ឌ៕

Khcct banner

អត្ថបទទាក់ទង