Cct850x100 1
1800px x h300px kh

ក្រសួងពាណិជ្ជកម្ម៖«ប្រេងសាំង»ឡើងថ្លៃដោយសារការឡើងថ្លៃនៅទីផ្សារអន្តរជាតិ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម

ភ្នំពេញ៖ក្រសួងពាណិជ្ជកម្ពុជា នៅថ្ងៃទី០១វិច្ឆិកា បានបកស្រាយអំពីតម្លៃប្រេងសាំងឡើងថ្លៃថា ការឡើងតម្លៃប្រេងសាំងនៅរយៈពេលចុងក្រោយនេះ ដោយសារការឡើងថ្លៃប្រេងសាំងនៅទីផ្សារអន្តរជាតិ ហើយការឡើងថ្លៃនេះអាចនឹងអូសបន្លាយរយៈពេលពីរខែចុងក្រោយនេះ។ ការលើកឡើងនេះធ្វើឡើងក្រោយពីពលរដ្ឋមួយចំនួនបានត្អូញត្អែរតាមបណ្តាញសង្គមពីការឡើងថ្លៃតម្លៃប្រេងសាំង។

ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា មូលហេតុនៃការឡើងថ្លៃតម្លៃប្រេងសាំងនៅរយៈពេលចុងក្រោយនេះ ដោយសារប្រេងសាំងនៅលើពិភពលោកមានតម្រូវការខ្ពស់ស្របពេលដែលប្រទេសមួយចំនួន បានបើកដំណើរការលើគ្រប់វិស័យ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយពីវិបត្តិកូវីដ-១៩។

ឯកឧត្តម ប៉ែន សុវិជាតិ បន្តថា អង្កការOPECដែលជាអង្កការផលិតប្រេងសាំង និងផ្គត់ផ្គង់ប្រេងសាំងនៅលើពិភពលោកកំពុងតែកែទម្រង់ចង្វាក់ផលិតកម្មរបស់ខ្លួន។ ការឡើងតម្លៃប្រេងសាំងនេះក៏មិនមែនតែមាននៅកម្ពុជាដែរ គឺឡើងថ្លៃទូទាំងពិភពលោក ។ ជាក់ស្តែងប្រទេសជិតខាងកម្ពុជាដូចជា ប្រទេសវៀតណាម ថៃ ដែលជាប្រទេសផលិតប្រេងសាំងក៏មានការឡើងថ្លៃប្រេងសាំងនៅរយៈពេលចុងក្រោយនេះ ។

បើតាមឯកឧត្តម ប៉ែន សុវិជាតិ អ្វីទាំងអស់មិនមានការប្រែប្រួលទេ ទាំងពន្ធគយ ទាំងអាករបន្ថែម អាករពិសេស កម្រិតចំណាយសម្រាប់អាជីវករ និងចំណេញ ហើយរដ្ឋាភិបាលក៏បានបញ្ចុះពន្ធ៤សេនដុល្លារក្នុងលីត្រដោយមានការឧបត្ថម្ភពីវិស័យកជនផងនោះ ដូច្នេះតម្លៃប្រេងសាំងឡើងថ្លៃមិនមែនជាការកំណត់ឡើងថ្លៃរបស់រដ្ឋាភិបាលនោះទេ។ ដោយឡែកកម្ពុជាមិនមែនជាប្រទេសដែលផលិតប្រេងសាំង ហើយការឡើងថ្លៃនោះគឺជាការកំណត់របស់ទីផ្សារអន្តរជាតិអង្កការOPECដែលជាអង្កការផលិតប្រេងសាំងនិងផ្គត់ផ្គង់ប្រេងសាំងនៅលើពិភពលោក។

សូមជម្រាបថា តម្លៃលក់រាយប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូតបានឡើង ប្រេងសាំងធម្មតា = ៤.៥៥០ រៀល/លីត្រ និងប្រេងម៉ាស៊ូត = ៤.១០០ រៀល/លីត្រ។ តម្លៃអតិបរមាលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយ៍លក់រាយប្រេងឥន្ធនៈទាំងអស់ សម្រាប់អនុវត្តចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១៕

Khcct banner

អត្ថបទទាក់ទង