Yearendyearend1140x150

មេបញ្ជាការអាវុធហត្ថក្រុងក្រចេះម្នាក់ប្រឈមជាប់ពន្ធនាគារ ក្រោយប្រើអំពើហឹង្សាលើក្មេងស្រី

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
មេបញ្ជាការអាវុធហត្ថក្រុងក្រចេះ ខេត្តក្រចេះ។

ភ្នំពេញ៖ មេបញ្ជាការអាវុធហត្ថក្រុងក្រចេះ ខេត្តក្រចេះ ត្រូវបានកម្លាំងអាវុធហត្ថតាមចាប់ខ្លួន ក្រោយប្រើហិង្សា និងទារុណកម្មយ៉ាងធ្ងន់ធ្ងរទៅលើក្មេងស្រីទាំង២នាក់ ដែលជាឈ្នួលបម្រើក្នុងផ្ទះ រហូតត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។មេបញ្ជាការរូបនេះ ត្រូវប្រឈមនឹងជាប់ពន្ធនាគារ ប្រសិនបើតុលារតាលារកឃើញពិតប្រាដកមែន។

យោងតាមការស៊ើបអង្កេតបឋមមន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តក្រចេះ បាននិងកំពុងធ្វើការស៊ើបអង្កេតតាមនីតិវិធី ដោយមានការដឹកនាំ និងសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តក្រចេះ។ លោក ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បានបញ្ជាក់ថា ឈ្មោះ ទេព ហ៊ុយ ភេទប្រុស អាយុ៤២ឆ្នាំ ឋានន្តរសក្តិវរសេនីយ៍ត្រី មុខងារមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ ត្រូវបានឃាត់ខ្លួន នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ មូលហេតុ បុគ្គលនេះ បានប្រព្រឹត្តអំពើហិង្សាទៅលើក្មេងស្រីដែលជាកូនឈ្នួល (អ្នកបម្រើនៅផ្ទះ)។ ទន្ទឹមនឹងនោះ ក៏បានឃាត់ខ្លួនបុគ្គលដែលពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសផងដែរ។

អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអះអាងថា  តាមច្បាប់គោលការណ៍ឯកត្តកម្មនៃការទទួលខុសត្រូវព្រហ្មទណ្ឌ បុគ្គលម្នាក់ៗ ទទួលខុសត្រូវព្រហ្មទណ្ឌតែចំពោះអំពើផ្ទាល់ខ្លួនប៉ុណ្ណោះ។ ដូច្នេះនៅក្នុងករណីអំពើហិង្សានេះ កងរាជអាវុធហត្ថ ចាត់ការតាមនីតិវិធីយ៉ាងម៉ឺងម៉ាត់ចំពោះជនដែលប្រព្រឹត្តរួចហើយ។

បើតាមកងរាជអាវុធហត្ថលើផ្ទៃប្រទេសតាមក្រមព្រហ្មទណ្ឌ មាត្រា២១៩._ ស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ ៖ អំពើហិង្សាដោយចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល កាលបើអំពើហិង្សានេះត្រូវបានប្រព្រឹត្តទៅលើ បុគ្គលដែលទន់ខ្សោយពិសេស ដោយមូលហេតុអាយុនៃបុគ្គលនោះ...។

អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអំពាវនាវដល់ប្រជាពលរដ្ឋជឿជាក់លើកងរាជអាវុធហត្ថ ក្នុងការកសាងសំណុំរឿងនេះបញ្ជូនទៅតុលាការអនុវត្តតាមច្បាប់។ហើយសូមចាំថា ការផ្តន្ទាទោស មិនមែនមានន័យជាការសងសឹកនោះទេ គឺជាការអប់រំស្តារនិតិសម្បទាបុគ្គលនោះ ឱ្យមករួមរស់ក្នុងសង្គមវិញ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង