Yearendyearend1140x150

ម៉ូតូហោះលើអាកាសបានចេញលក់ក្នុងតម្លៃមួយគ្រឿង៧០ម៉ឺនដុល្លារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ម៉ូតូហោះលើអាកាសបានចេញលក់ក្នុងតម្លៃមួយគ្រឿង៧០ម៉ឺនដុល្លារ 

ជប៉ុន៖ ម៉ូតូដែលអាចហោះលើអាកាសបានរបស់ជប៉ុន បានដាក់លក់ពីថ្ងៃអង្គារនោះ ដោយមានតម្លៃ ៧៧,៧ លានយ៉េន (ប្រហែល ៧០ ម៉ឺនដុល្លារ) ក្នុងមួយគ្រឿង។

ក្រុមហ៊ុន A.L.I.Technologies ដែលជាក្រុមហ៊ុនStart-up មកពីទីក្រុងតូក្យូ បានចាប់ផ្តើមស្រាវជ្រាវនិងអភិវឌ្ឍម៉ូតូហោះ លើអាកាសតាំងពី ៤ ឆ្នាំមុន ហើយក៏ទទួលបានកាវិនិយោគពីក្រុមហ៊ុនយក្សឧស្សាហកម្មជប៉ុន Mitsubishi Electric Kyocera និងកីឡាករបាល់ទាត់ល្បីឈ្មោះ Keisuke Honda ផងដែរ។

ម៉ូតូ “XTurismo Limited Edition” ដែលដាក់តាំងបង្ហាញកាលពីថ្ងៃអង្គារនៅជិតភ្នំហ្វូជី មានប្រវែងប្រហែល ៣,៧ ម៉ែត្រ និងទម្ងន់ប្រហែល ៣០០ គីឡូក្រាម វាត្រូវបានបំពាក់ដោយម៉ាស៊ីនសាំងធម្មតា និងម៉ូទ័រដើរដោយថ្ម ៤ គ្រាប់ ហើយវាប្រើប្រាស់កង្ហារអគ្គិសនីតូចធំចំនួន ៦ ដើម្បីអាចអណ្តែតលើអាកាសបាន ។

នៅក្នុងការតាំងពិព័រណ៌ អ្នកបើកបរមួយរូប បានបង្ហាញពីប្រតិបត្តិការជិះម៉ូតូហោះលើអាកាសនេះ ជាមួយនឹងសំឡេងម៉ាស៊ីន ដែលអណ្តែតពីដីបានកម្ពស់ ២ ទៅ ៣ ម៉ែត្រ និងអាចហោះលើអាកាសក្នុងល្បឿន ៣០ គីឡូម៉ែត្រក្នុងមួយម៉ោង។

ម៉ូតូនេះ អាចឡើងល្បឿនអតិបរមាប្រហែលដល់ ៨០ ទៅ ១០០ គីឡូម៉ែត្រ ក្នុងមួយម៉ោងវាអាចហោះបានយូរបំផុត៤០នាទី ហើយគ្រោងនឹងនៅរដូវផ្ការីកឆ្នាំក្រោយប្រគល់ម៉ូតូ ។

ទោះជាយ៉ាងណាក៏ដោយ ដោយសារតែច្បាប់បច្ចុប្បន្នរបស់ប្រទេសជប៉ុន ម៉ូតូហោះលើអាកាសនេះមិនទាន់អាចបើកបរលើផ្លូវបានទេ វាអាចប្រើប្រាស់បានតែនៅកន្លែងឯកជន និងកន្លែងកម្សាន្តតែប៉ុណ្ណោះ ដូច្នេះហើយការលក់ម៉ូតូនេះមានកំណត់ ត្រឹមតែចំនួន ២០០ គ្រឿង។

បច្ចុប្បន្នក្រុមហ៊ុន បានចុះកិច្ចសន្យាជាមួយអាជ្ញាធរខេត្ត Yamanashi ដើម្បីសាកល្បងថា តើវាអាចត្រូវបានប្រើក្នុងប្រតិបត្តិការជួយសង្គ្រោះក្នុងអំឡុងពេលមានគ្រោះមហន្តរាយដែរ ឬ ទេ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង