Yearendyearend1140x150

មន្រ្តីពុករលួយប្រាក់១ពាន់លានយ័នកសាងគុណសម្បតិ្តធំបានរួចពីទោសប្រហារជីវិត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
មន្រ្តីពុករលួយប្រាក់១ពាន់លានយ័នកសាងគុណសម្បតិ្តធំបានរួចពីទោសប្រហារជីវិត

ចិន៖ លោក ចាង ចុងសឹង(Zhang Zhong Sheng)មន្ត្រីជាន់ខ្ពស់ពាក់ព័ន្ធនឹងករណីទទួលសំណូកជាង ១ ពាន់លានយ័ន បានកសាងគុណសម្បត្តិធំ ដោយបានរាយការណ៍តម្រុយទទួលសំណូករបស់ថ្នាក់ដឹកនាំខេត្ត បានរួចផុតពីទោសប្រហារជីវិត។

លោក ចាង ចុងសឹង អតីតអភិបាលរងក្រុងលូ ឡាំង (Lu liang) ខេត្ត សានស៊ីប្រទេសចិន ដែលត្រូវបានគេស្គាល់ថាជា “មន្ត្រីពុករលួយទឹកប្រាក់មួយពាន់លានយ័ន” ដោយដំបូង គាត់ត្រូវបានកាត់ទោសប្រហារជីវិត។

ក៏ប៉ុន្តែដោយសារតែលោក ចាង ចុងសឹង បានរាយការណ៍ពី មន្ត្រីថ្នាក់ដឹកនាំខេត្តមួយរូបទទួលសំណូក បែរជាបានសាងគុណសម្បត្តិធំមួយ ហើយនៅក្នុងសវនាការលើកទី២កាលពីថ្ងៃសុក្រទី២៩ខែតុលាកន្លងទៅថ្មីៗនេះ លោកត្រូវបានតុលាការកំពូលខេត្តសានស៊ី ប្រកាសព្យួរទោសប្រហារជីវិត ដែលធ្វើអោយរូបលោកគេចផុតពីការស្លាប់។

លោក ចាងចុងសឹង ត្រូវបានគេរកឃើញថា បានប្រព្រឹត្តអំពើពុករលួយដែលមានទឹកប្រាក់ប្រមាណជាង ១០៤០ លានយ័ន។ ចំនួនទឹកប្រាក់សំណូកនេះ គឺជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមមន្ត្រីពុករលួយនៃបក្សកុម្មុយនិស្តចិន ដូច្នេះហើយលោកត្រូវបានគេដាក់រហស្សនាមថា “មន្ត្រីពុករលួយទឹកប្រាក់មួយពាន់លានយ័ន”។

តុលាការកំពូលខេត្តសានស៊ីកាលពីថ្ងៃទី២៩នេះ បានបើកសវនាការករណីរបស់លោក ចាង ចុងសឹងដែលពាក់ព័ន្ធនឹងការទទួលសំណូក និងប្រភពទ្រព្យសម្បត្តិដ៏ធំដែលមិនស្គាល់អត្តសញ្ញាណនេះ។ តុលាការបានសម្រេច បានព្យួរទោសប្រហារជីវិតរបស់លោក ចាងចុងសឹ ងរយៈពេលពីរឆ្នាំ នៅពេលការព្យួរទោសប្រហារជីវិតរយៈពេលពីរឆ្នាំផុតសុពលភាព នឹងត្រូវតាមនិតិវិធីនៃច្បាប់ផ្លាស់ប្តូរទៅជាការជាប់ពន្ធនាគារអស់មួយជីវិតវិញ ដោយមិនអាចកាត់បន្ថយទោស ឬមានការធានានៅក្រៅឃុំឡើយ។

លោក Yang Hong ប្រធានចៅក្រមនៃសំណុំរឿងនេះ និងជាអនុប្រធានតុលាការកំពូលខេត្តសានស៊ី បាននិយាយថា លោកចាងចុងសឹង បានរាយការណ៍យ៉ាងសកម្មពីតម្រុយចំពោះឧក្រិដ្ឋកម្មសូកប៉ាន់ដ៏ធំនៃករណីពុករលួយរបស់ថ្នាក់ដឹកនាំថ្នាក់ខេត្ត។ ហើយការរាយការណ៍ពីតម្រុយនេះ ត្រូវបានផ្ទៀងផ្ទាត់ថាពិតជាត្រឹមត្រូវ ដែលអាចបង្កើតជាការសាងគុណសម្បត្តិដ៏ធំមួយ យោងតាមបទប្បញ្ញត្តិពាក់ព័ន្ធនៃច្បាប់ គឺយើងអាចកាត់បន្ថយទោសចំពោះលោកចាងចុងសឹងបាន។ ដោយដកហូតសិទ្ធិនយោបាយអស់មួយជីវិត និងរឹបអូសទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់គាត់ទាំងអស់។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០១៨ លោក ចាងចុងសឹង ត្រូវបានកាត់ទោសប្រហារជីវិត ពីបទឧក្រិដ្ឋនៃការទទួលសំណូក និងទ្រព្យសម្បត្តិជាច្រើនពីប្រភពដែលមិនច្បាស់លាស់ ប៉ុន្តែរហូតមកដល់ពេលនេះទោសនេះមិនទាន់ត្រូវបានអនុវត្តនៅឡើយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង