Yearendyearend1140x150

លោកស្រី លឹម ប៊ុននី៖ផលិតផល«ត្រីកែច្នៃ»មានតម្រូវការខ្ពស់នៅទីផ្សារក្នុងស្រុក

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

កំពង់ចាម៖ លោកស្រី លឹម ប៊ុននី ជាវារីវប្បករ រស់នៅក្នុងស្រុកជើងព្រៃ ភូមិថ្មី ឃុំសូទិព្វ ខេត្តកំពង់ចាម។ សព្វថ្ងៃលោកស្រីប្រកបអាជីវកម្មផលិតកែច្នៃត្រីស្រស់ទៅជាត្រីងៀតប្រៃ ផ្អែម ហិរ និងផ្អកចាវ សម្រាប់លក់នៅទីផ្សារក្នុងស្រុក។ ទោះបីជារងផលប៉ះពាល់ពីបញ្ហាកូវីដមួយចំនួនក្តី ក៏ផលិតផល«ត្រីកែច្នៃ»មានតម្រូវការខ្ពស់នៅលើទីផ្សារក្នុងស្រុកនាពេលបច្ចុប្បន្ននេះ។

លោកស្រី លឹម ប៊ុននី បានប្រាប់ស៊ីស៊ីថាមស៍ថា បច្ចុប្បន្ននេះផលិតផល«ត្រីកែច្នៃ»មានតម្រូវការខ្ពស់ មានអតិថិជនគាំទ្រច្រើន ព្រោះសិប្បកម្មរបស់លោកស្រីស្របតាមស្តង់ដា មានអនាម័យ និងមានក្បួនខ្នាតម្ហូបអាហារត្រឹមត្រូវ និងមានសុវត្ថិភាព។ នេះជាមូលហេតុដែលលោកស្រីទទួលបានការគាំទ្រ និងជឿទុកចិត្តពីអតិថិជនជាច្រើន។

លោកស្រី លឹម ប៊ុននី បានឲ្យដឹងថា ការផលិតត្រីកែច្នៃរបស់សិប្បកម្មរបស់លោកស្រី ផ្តោតសំខាន់ទៅលើត្រី៤ប្រភេទដូចជា ត្រីឆ្តោ ត្រីអណ្តែង ត្រីប្រា ត្រីរ៉ស់ ដោយត្រី៣ប្រភេទតយកមកពីក្នុងកសិដ្ឋានដែលនៅក្នុងស្រុកជើងព្រៃ ចំណែកត្រីរ៉ស់បាននាំចូលពីព្រែកព្នៅ។ លោកស្រីបន្តថា ក្នុងមួយថ្ងៃត្រូវការត្រីជាង១តោនសម្រាប់ធ្វើការលក់ចេញនៅតាមទីផ្សារ។

លោកស្រី បន្តថាចំពោះតម្លៃលក់វិញគឺគិតទៅតាមទីផ្សារលក់ដុំ និងលក់រាយ។ ចំណែកទីផ្សារលក់ផ្តោតសំខាន់ជាងគេគឺនៅក្នុងស្រុកជើងព្រៃទាំងមូល និងមួយចំណែកទៀតលក់នៅទីផ្សារទីក្រុងភ្នំពេញដោយមានអតិថិជនគាំទ្រខ្លាំងជាងគេនោះគឺផ្សារបៃតងស្រស់ដែលមានរហូតដល់៥សាខា រួមទាំងផ្សារតូចៗជាច្រើនទៀត។

លោកស្រី បានបញ្ជាក់ថា កន្លងទៅធ្លាប់មានខាងក្រសួងកសិកម្ម បានចុះមកធ្វើការពិនិត្យ និងវាយតម្លៃពីសិប្បកម្មរបស់លោកស្រីថាត្រឹមត្រូវតាមស្តង់ដាម្ហូបអាហារ អនាម័យ និងមានសុវត្ថិភាព។ ទន្ទឹមនោះ ក្រសួងក៏បានចេញជាវិញ្ញាបនបត្រទទួលស្គាល់សិប្បកម្មផលិត ត្រីកែច្នៃ របស់លោកស្រីផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង