Yearendyearend1140x150

ពលរដ្ឋនៅជាប់ស្ទឹងព្រែកត្នោតត្រូវជួយសង្រ្គោះនិងជម្លៀស ខណៈកម្រិតទឹកជំនន់ខ្ពស់ជាងឆ្នាំមុន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ប្រជាពលរដ្ឋនៅជាប់«ស្ទឹងព្រែកត្នោត»ក្នុងសង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ រងការជន់លិច។

ភ្នំពេញ៖ប្រជាពលរដ្ឋរស់ក្បែរស្ទឹងព្រែកត្នោត កំពុងប្រឈមនឹងទឹកជំនន់លិចផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ពួកគេ។បច្ចុប្បន្នេះ អាជ្ញាធររាជធានីភ្នំពេញ បានចុះធ្វើប្រតិបត្តិការជួយ សង្រ្គោះ និងជម្លៀស ប្រជាពលរដ្ឋរងគ្រោះ កម្រិតទឹកជំនន់ឆ្នាំនេះ បានហក់ឡើងលឿន និង ខ្ពស់ជាងឆ្នាំមុនទៅទៀត ។

ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងមាននៅតាមចំណុច ផ្លូវសណ្តរស្ទឹង ទំនប់៧មករា ស្ថិតក្នុង ភូមិខ្វិត និងភូមិពោធិរលំ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ និងមាននៅតំបន់មួយចំនួនទៀត។កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានប្រើប្រាស់មធ្យោបាយទូកម៉ាស៊ីនជួយដល់មនុស្សចាស់ ស្រ្តីមានផ្ទៃពោះ ស្រ្តីឆ្លងទន្លេ និងកុមារ រួមនឹងសម្ភារៈចាំបាច់មួយចំនួន ប្រកបដោយសុវត្ថិភាព។

ជាមួយគ្នានេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញក៏បាននឹងកំពុងត្រៀមលក្ខណៈ រួចជាស្រេច ទាំងកម្លាំងមនុស្ស មធ្យោបាយ សម្ភារៈ ត្រៀមចេញជួយប្រជាពលរដ្ឋគ្រប់ពេលវេលាផងដែរ។

ប្រជាពលរដ្ឋនៅក្នុងតំបន់ បានអះអាងថា ទឹកឆ្នាំនេះហក់ឡើងខ្លាំងជាងឆ្នាំ២០២០ ដែលកាលពីឆ្នាំមុន កម្រិតទឹកស្មើជាង១ម៉ែត្រតែប៉ុណ្ណោះ ប៉ុន្តែឆ្នាំនេះ ទឹកឡើងជាង២ម៉ែត្រ បណ្តាលឲ្យលិចផ្ទះ និងខូចខាតទ្រព្យសម្បត្តិមួយចំនួនរបស់អ្នកស្រីនិងអ្នកភូមិផ្សេងទៀត។

រដ្ឋបាលខណ្ឌដង្កោ នៅថ្ងៃទី២៥ ខែតុលា បានអះអាងថា ស្ថានភាពទឹកស្ទឹងព្រែកត្នោតបានហក់ឡើងជាបន្តបន្ទាប់ បណ្តាលមកពីជំនន់ផ្នែកខាងលើ ធ្វើឲ្យស្ទឹងព្រែកត្នោត មានកម្ពស់ដល់កម្រិតត្រូវប្រុងប្រយ័ត្នខ្ពស់។អាជ្ញាធរខណ្ឌ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅជាប់សណ្តស្ទឹងព្រែកត្នោត ដែលរួមមានសង្កាត់ដង្កោ សង្កាត់ព្រៃស សង្កាត់ព្រៃវែង សង្កាត់ក្រាំងពង្រ សង្កាត់ស្ពានថ្ម សង្កាត់ទៀន សង្កាត់សាក់សំពៅ សង្កាត់ជើងឯក សង្កាត់ព្រែកកំពឹស និងសង្កាត់គងនយ ឲ្យត្រៀមខ្លួនទុកជាមុន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង