Cct850x100 1
1800px x h300px kh

លោកមឿន សំណាងម្ចាស់សៀវភៅកំណាព្យ«ក្លិនស្នេហ៍»បង្ហាញពីស្នេហាមួយគូក្នុងសង្គមខ្មែរ

បទយកការណ៍
/
អ្នកយកព័ត៌មាន:
ឌី ចិន្តា
/
លោក មឿន សំណាង នាមប៉ាកការថា កវីមេគង្គ ម្ចាស់សៀវភៅកំណាព្យ«ក្លិនស្នេហ៍»។

ភ្នំពេញ៖សៀវភៅកំណាព្យរឿង«ក្លិនស្នេហ៍» ជាស្នាដៃនិពន្ធរបស់លោក មឿន សំណាង នាមប៉ាកការថា កវីមេគង្គ។លោក មឿន សំណាង មានអាយុ ៣២ឆ្នាំហើយ មានស្រុកកំណើតនៅ ភូមិចេក ឃុំស្ដុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។លោកទទួលបានជ័យលាភី ពានអក្សរសិល្ប៍ទន្លេមេគង្គ លើកទី១០ ឆ្នាំ២០១៩ នៅទីក្រុងយ៉ាងហ្គូន ប្រទេសមីយ៉ាន់ម៉ា (ភូមា) ដែលជាការដាក់ប្រលងលើកទីមួយរបស់លោក ចូលក្នុងវិស័យការនិពន្ធកំណាព្យ ហើយទទួលបានជោគជ័យនឹកស្មានមិនដល់។

សៀវភៅកំណាព្យរឿង ក្លិនស្នេហ៍ ជាស្នាដៃដំបូងរបស់កវីមេគង្គ ព្រោះលោកទើបតែប្រឡូកក្នុងឆ្នាំ២០១៩ នេះទេជាមួយការតែងនិពន្ធកំណាព្យរឿង។ កំណាព្យរឿងក្លិនស្នេហ៍ ចេញជារូបរាងគឺដោយសារលោកមានបំណងចង់បន្សល់ស្នាដៃ ដល់អ្នកជំនាន់ក្រោយបានចងចាំឈ្មោះទុក និងការតាំងចិត្តនិពន្ធបែបប្លែកៗ ប្រកបដោយប្រតិដ្ឋទៅតាមការស្រមៃរបស់កវីនិពន្ធរូបនេះ គឺមិនចម្លងរបៀបតែងតាមអ្នកនិពន្ធជំនាន់ចាស់ឡើយ។

ក្នុងពេលជួបសម្ភាសន៍ជាមួយអ្នកយកសារព័ត៌មានស៊ីស៊ីថាមស៍ លោក មឿន សំណាង(កវី មេគង្គ) និយាយថា «ខ្ញុំនិពន្ធសៀវភៅប្រភេទកំណាព្យ ដោយសារខ្ញុំ សង្កេតឃើញថា ការនិពន្ធរឿងជាកំណាព្យហាក់បានសាបរលាបជាខ្លាំង ពីក្នុងចិត្តអ្នកនិពន្ធ ពិសេសជាមួយអ្នកចូលចិត្តសៀវភៅ ដោយមានបទមួយចំនួនពួនរស់តែនៅក្នុងក្រាំងមិនដឹងថា គាត់ស្រក់ទឹកភ្នែកយ៉ាងណាទេ កំណាព្យខ្លះចេញហើយក៏មិនទទួលបានការគាំទ្រ ដែលមានភាគតិចជោគជ័យ ខ្ញុំតែងតែសួរខ្លួនឯងថាហេតុអី? ការតែងកំណាព្យរឿង ខុសពីប្រលោមលោកត្រង់ទាំងការប្រើពាក្យមានគោរពទៅតាមក្បួន ការចាប់ចុងជួន រណ្ដំណែងណង ដែលទាមទារឱ្យអ្នកនិពន្ធត្រូវចេះពាក្យច្រើន ដាក់អារម្មណ៍ច្រើនទើបរឿងមានសម្ផស្ស អាចទាក់ទាញអារម្មណ៍អ្នកអាន ខ្ញុំបកស្រាយបានតែប៉ុណ្ណឹងទេ ព្រោះថាខ្ញុំក៏មិនបានរៀននិយមន័យឱ្យបានច្បាស់លាស់ដែរ»។

ដោយហេតុចង់អភិរក្សកំណាព្យខ្មែរឱ្យរស់ទាំងអស់ឡើងវិញ និងអាចថាឱ្យរុងរឿងម្ដងទៀត លោក មឿន សំណាង បានប្រឹកប្រែងសរសេរកំណាព្យតាមតែអាចធ្វើទៅបាន ។ បញ្ហាជួបប្រទះគឺលោកមិនសូវមានពេលក្នុងការនិពន្ធ ព្រោះលោកត្រូវមានការងារផ្សេងទៀត ដើម្បីផ្គត់ផ្គង់ការរស់នៅប្រចាំថ្ងៃ ពេលជួបញ្ហាក្នុងការងារច្រើន ក៏មិនមានអារម្មណ៍និពន្ធអ្វីឡើយ តែពេលល្ងាច និងសៅរ៍ អាទិត្យ បុណ្យទានរបស់លោក ភាគច្រើនត្រូវបានចំណាយជាមួយការតែងនិពន្ធ ហើយក៏សម្រេចបានស្នាដៃមួយនេះ។

កវីមេគង្គ រូបនេះ បន្ថែមថា « កំណាព្យមួយចំណងជើងនេះទទួលបានការគាំទ្រច្រើនគួរសម ទោះបីជា ក្លិនស្នេហ៍ ជាស្នាដៃទីមួយក៏ដោយ ហើយទទួលបានការសរសើរពីមិត្តអ្នកអានឆ្លើយតបមកយ៉ាងត្រជាក់ចិត្ត ដោយពួកគាត់សរសើរពីរបៀបតែងដែលមិនធ្លាប់មានកន្លងមកក្នុងវិស័យតែងនិពន្ធកំណាព្យ ព្រមទាំងមានការអប់រំច្រើន ជាមួយសីលធម៌សង្គម ការប្រឹងប្រែង កសាងវាសនា អំពើខុសច្បាប់របស់អ្នកមាន និងអ្នកមានអំណាច ស្នេហាដែលគួរពិចារណា និងការគោរពទៅតាមក្បួនកាព្យរបស់ដូនតាខ្មែរបានល្អប្រសើរ »។

សៀវភៅកំណាព្យរឿង«ក្លិនស្នេហ៍» តំណាងឱ្យស្នេហាមួយគូដែលមិនបានចាកប្រពៃណី តែមិនបានគ្នា មានការគោរពឱ្យតម្លៃគ្នាទៅវិញទៅមក ការមានកំហុសឆ្គងក្នុងស្នេហា ការមានអធ្យាស្រ័យគ្នាខ្ពស់ពេលអ្នកណាម្នាក់ខុស។ លក្ខណៈពិសេសរបស់កំណាព្យរឿង ក្លិនស្នេហ៍ គឺតែងឡើងដោយចម្រុះបទ ដែលមានរហូតដល់ ១៧បទ ក្នុងរឿងតែមួយ។ មានតម្លៃអប់រំតាំងពីការប្រកបរបរចិញ្ចឹមជីវិត ការស្វែងយល់ពីរឿងបោកប្រាស់ក្នុងសង្គម គេចឱ្យផុតពីការមើលងាយគ្នា ម្លប់សាសនាព្រះពុទ្ធដែលជាសាសនារបស់រដ្ឋ ភាពជ្រើមជ្រួលរបស់មនុស្សនាពេលបច្ចុប្បន្ន ចៀសវាងរបរខុសច្បាប់ដែលនាំតែទុក្ខទោសដល់ខ្លួន និងគ្រូសារ សេចក្ដីស្នេហាដែលមិនមែនជារឿងព្រេង។

លោក មឿន សំណាង សែនសប្បាយចិត្តជាមួយកំណាព្យរឿង«ក្លិនស្នេហ៍»នេះខ្លាំងណាស់ ។ ហើយលោកបានត្រៀមចេញរឿងទីពីររបស់ខ្ញុំដែរ នៅក្នុងទិវាពិព័រណ៍សៀវភៅចុងឆ្នាំ២០២០ នេះ ដែលជាលក្ខណៈកំណាព្យរឿងដដែល ដែលត្រៀមដាក់ចំណងជើង៖ «ស្នេហ៍អូន ស្នេហ៍ជាតិ» និយាយចម្បងគឺទឹកចិត្តស្មោះជាតិ ឱ្យធំជាងស្នេហា និងគ្រួសារ រៀបរាប់ពីអត្តចរិករបស់ខ្មែរ ដែលខ្ញុំធ្លាប់បានជួប និងសិក្សាកន្លងមក ការសាមគ្គីពេលមានទុក្ខ ហើយបែកបាក់ពេលបានសុខ និយាយពីប្រវត្តិជនក្បត់ជាតិនៅសម័យឧត្ដុង្គ។

កវីមេគង្គ និយាយតាមត្រង់ថា លោកគ្មានបំណងនិពន្ធសៀវភៅប្រភេទបែបផ្សេងទេ ក្រៅពីកំណាព្យនោះទេ ក្នុងពេលឥឡូវនេះ ព្រោះលោកយល់ថា ការនិពន្ធសៀវភៅប្រភេទផ្សេងមានគេនិពន្ធច្រើនណាស់ហើយ ដូច្នេះនិពន្ធបែបកំណាព្យ ក៏ល្អម្យ៉ាងដែរ ហើយប្រឹងថែរក្សាតែកំណាព្យវិញ តែនៅថ្ងៃខាងមុខ លោកអាចនឹងនិពន្ធសៀវភៅបែបប្រភេទផ្សេងក៏ថាបាន។

ជាសារមតិរបស់កវីមេគង្គនិពន្ធកំណាព្យ មឿន សំណាង សូមស្នើរចិត្តដល់មិត្តអ្នកអាន សូមជួយអាន និងរៀននិពន្ធកំណាព្យរបស់ដូនតាខ្មែរផង ព្រោះវាងាយរងគ្រោះជាងសៀវភៅផ្សេងៗឆ្ងាយណាស់ ទាំងអ្នកនិពន្ធសូមជួយលើកយកបទជាច្រើនដែលមានក្នុងក្បួនឱ្យបានរស់ជាថ្មីផង ទាំងសម្រាប់សិស្សានុសិស្ស និស្សិត ជនរួមជាតិ និងថ្នាក់ដឹកនាំ សូមជួយដល់វិស័យកំណាព្យទាំងអស់គ្នា៕ 


ពាក្យទាក់ទង: កំណាព្យ និពន្ធ
Khcct banner

អត្ថបទទាក់ទង