Yearendyearend1140x150

យុវជនយ៉ុង សារ៉ូត តស៊ូរហូតសម្រេចក្តីសុបិន្តក្លាយជាគ្រូបង្រៀន«ភាសាចិន»

យុវជន
/
អ្នកយកព័ត៌មាន:
ទី សុវណ្ណី
/
យុវជនយ៉ុង សារ៉ូត ក្នុងពេលបង្រៀនសិស្ស 

ភ្នំពេញ៖ យ៉ុង សារ៉ូត ជាយុវជនម្នាក់មានស្រុកកំណើតនៅ ភូមិសំព័រ ឃុំត្រពាំងសាលាខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។សព្វថ្ងៃសា រ៉ូត ជាគ្រូបង្រៀន ភាសាចិន មួយរូបដ៏ល្បីនៅសាលាអន្តរជាតិ ប្រាយវេយ៍ ក្នុងខេត្តកំពង់ឆ្នាំង។

មុនក្លាយជាគ្រូបង្រៀនភាសាចិន សា រ៉ូត ស្ថិតក្នុងស្ថានភាពគ្រួសារដ៏ក្រលំបាក ក្រោយពេលដែលម្តាយស្លាប់ចោលក្នុងឆ្នាំ២០១៤។ សា រ៉ូត ត្រូវរស់នៅជាមួយឪពុក មានជំងឺពិការស្លាប់មួយចំហៀងខ្លួន ដែលរងរបួសតាំងពីសម័យប្រល័យពូជសាសន៍ឆ្នាំ១៩៧៩។កាលនៅកុមារភាព សា រ៉ូត មិនបានសិក្សារៀនសូត្រខ្ពង់ខ្ពស់ដូចគេទេ ដោយគ្រួសារនៅមានការលំបាកហើយផ្ទះក៏នៅឆ្ងាយពីសាលា។ក្រោយពីត្រូវម្តាយស្លាប់ ។ សា រ៉ូត សម្រេចចិត្តសុំឪពុក ដើម្បីបានទៅរៀនភាសាចិន នៅទីរួមខេត្តកំពតដោយជិះម៉ូតូជាមួយមិត្តភក្តិ។

ក្រោយរៀនភាសាចិន នៅទីរួមខេត្តកំពតបានមួយឆ្នាំ ពោលនៅក្នុង២០១៥ សា រ៉ូត ក៏បានមកបន្តការសិក្សាភាសាចិន នៅសាលាភាសាចិនមួយ ឈ្មោះ <<ទួន ហ្វា>> ដែលស្ថិតក្នុងទីក្រុងភ្នំពេញ។ សា រ៉ូត បានស្នាក់នៅកុដិលេខ១២ វត្តបទុមវតី រាជធានីភ្នំពេញ ក្នុងស្ថានភាពជាបព្វជិត(អ្នកបួស)។ រៀនភាសាចិនបាន១ឆ្នាំ នៅសាលា ទួន ហ្វា ឆ្នាំ២០១៥ដល់២០១៦។ជាឱកាសល្អបានធ្លាក់មកសម្រាប់សា រ៉ូត នោះគឺនៅសាកលវិទ្យាល័យមួយក្នុងទីក្រុងភ្នំពេញ បានប្រកាសជ្រើសរើសសិស្ស និស្សិត ចូលសិក្សាផ្នែកអក្សរសាស្រ្តចិន (អាស៊ីអ៊ឺរ៉ុប)។

ដើម្បីសម្រេចក្តីសុបិន្ត យុវជន សា រ៉ូត ក៏បានចុះឈ្មោះចូលរៀនផ្នែកអក្សរសាស្រ្តចិន នៅសាកលវិទ្យាល័យអាស៊ីអ៊ឺរ៉ុប រយៈពេល៣ឆ្នាំ។ក្រោយពីចប់ផ្នែកអក្សរសាស្រ្តចិនបាន៣ឆ្នាំ សា រ៉ូត បានក្លាយជាគ្រូភាសាចិន មួយរូបក្រោមការទទួលស្គាល់ពី <<សាលាអន្តរជាតិវើលវ៉ាយ>> WIS ទីក្រុងភ្នំពេញ ហើយនៅចុងឆ្នាំ២០១៩ បានប្តូរទៅជាគ្រូបង្រៀនភាសាចិន ក្នុងសាលាអន្តរជាតិ <<ប្រាយ វេយ៍>> ដ៏ល្បីមួយដែលស្ថិតក្នុង ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ជាបទពិសោធន៍ យុវជន សា រ៉ូត យល់ថា «ការសិក្សាមិនមែនជារឿងងាយស្រួល ឬលេងសើចនោះទេ បើមិនតស៊ូ ព្យាយាម ក៏វាមិនអាចសម្រេចបានជាលទ្ធផលដូចក្នុងថ្ងៃនេះដែរ។ភាសាចិនជាភាសាមួយក្នុងចំណោមភាសាទាំងប្រាំរដែលត្រូវបានដាក់ក្នុងភាសាអន្តរជាតិ។បើយើងបោះបង់ការសិក្សារបស់យើងចោល នោះវាមិនខុសអ្វីពីយើងបោះបង់អនាគតរបស់យើងនោះទេ។»

ចំពោះ សា រ៉ូត ផ្ទាល់យល់ថា ធ្វើជាគ្រូបង្រៀនភាសាចិនគឺល្អ ហើយពេញនិយមសម្រាប់ទីផ្សារនៅកម្ពុជាហើយធ្វើការងារជាគ្រូបង្រៀនអាចជួយមនុស្សបានច្រើន ជាពិសេសក្មេងៗដែលកំពុងសិក្សាភាសាចិនសព្វថ្ងៃ។យុវជន យ៉ុង សា រ៉ូត នីយាយថា« សព្វថ្ងៃជីវភាពខ្ញុំបានល្អប្រសើច្រើនជាងមុនឆ្ងាយណា នេះគឺមកពីការខំប្រឹងប្រែងរបស់ខ្ញុំជាច្រើនឆ្នាំកន្លងមក។ ក្តីសុបិន្តរបស់ខ្ញុំពេលនេះបានសម្រេចហើយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង