Cct850x100 1
1800px x h300px kh

កម្ពុជា-វៀតណាមកំណត់យកឆ្នាំ ២០២២ជា “ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម”

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ប្រទេសកម្ពុជា និងវៀតណាម នៅថ្ងៃទី ២១ តុលានេះ បានបើកកិច្ចប្រជុំពិគ្រោះយោបល់នយោបាយរវាងកម្ពុជា និងវៀតណាម លើកទី៧តាមប្រព័ន្ធវីដេអូ។ក្នុងកិច្ចប្រជុំ កម្ពុជា និងវៀតណាម បានជម្រាបជូនគ្នាអំពីស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសរៀងខ្លួន និងអាទិភាពរបស់រដ្ឋាភិបាលដែលផ្ដោតជាចំបងទៅលើការដោះស្រាយបញ្ហារីករាលដាលសកលនៃវីរុសកូរ៉ូណា និង ស្ដារសេដ្ឋកិច្ចរបស់ប្រទេសឡើងវិញស្របគ្នាក្នុងពេលតែមួយ ហើយកម្ពុជា-វៀតណាមកំណត់យកឆ្នាំ ២០២២ជា “ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម”។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា ក្នុងកិច្ចប្រជុំភាគីកម្ពុជា និងវៀតណាម បានបញ្ជាក់ជាថ្មីម្ដងទៀតនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងរួមទ្វេដង ក្នុងការធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ដើម្បីបន្តធ្វើឱ្យទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងវៀតណាមកាន់តែល្អប្រសើរឡើងថែមទៀត និងស្វែងរកនូវសក្តានុពលនានា របស់ប្រទេសទាំងពីរបន្ថែមទៀត ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជនទាំងពីរ។

ភាគីទាំងពីរបានកោតសរសើរនូវវិធានការដ៏មានប្រសិទ្ធភាពដែលបានដាក់ចេញដោយប្រទេសទាំងពីរ និងកិច្ចសហការជិតស្និទ្ធក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលកូវីដ-១៩។ ភាគីទាំងពីរបានឯកភាពគ្នាអំពីភាពចាំបាច់ក្នុងការបន្តធ្វើការជិតស្និទ្ធ ដើម្បីជម្នះវិបត្តិសុខភាពសកលដែលមិនធ្លាប់មានពីមុនមកនេះ។ 

ចំពោះកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងសន្តិសុខ ភាគីទាំងពីរបានគូសបញ្ជាក់ពីសារៈសំខាន់ នៃការពង្រឹងការសម្របសម្រួល ដើម្បីបង្ការ និងប្រយុទ្ធប្រឆាំងនឹងបទល្មើសព្រហ្មទណ្ឌ រួមមានបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន ការរត់ពន្ធ និងជួញដូរឈើ និងអាវុធខុសច្បាប់ តាមរយៈការផ្លាស់ប្តូរព័ត៌មានឱ្យបានទាន់ពេលវេលា។

ក្រៅពីនេះ ប្រទេសទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគី ដូចជា អាស៊ាន កិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) អង្គការសហប្រជាជាតិ និងក្របខ័ណ្ឌអនុតំបន់មេគង្គ ផងដែរ។ភាគីទាំងពីរក៏បានជម្រាបជូនអំពីទំនាក់ទំនងក្រៅប្រទេសរបស់ខ្លួនជាមួយដៃគូសំខាន់ៗ ក៏ដូចជាការផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាប្រយោជន៍ និងកង្វល់រួម រួមមានទិដ្ឋភាពទូទៅនៃភូមិសាស្រ្តនយោបាយតំបន់ និងសកល បញ្ហាមីយ៉ាន់ម៉ា បញ្ហាសមុទ្រចិនខាងត្បូង និងកិច្ចសហប្រតិបត្តិការត្រីភាគីអូស្ត្រាលី-អង់គ្លេស-អាមេរិក (AUKUS)។

ទន្ទឹមនឹងការសម្តែងនូវការត្រៀមខ្លួនរួចរាល់របស់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ និងការទទួលតំណែងជាប្រធានអាស៊ានឆ្នាំ២០២២ វៀតណាមក៏បានបញ្ជាក់សាជាថ្មីម្ដងទៀតអំពីការគាំទ្រ យ៉ាងពេញលេញចំពោះកម្ពុជាផងដែរ។ ភាគីទាំងពីរបានគូសបញ្ជាក់ពីសារៈសំខាន់នៃការធ្វើការជិតស្និទ្ធជាមួយគ្នា ដើម្បីពង្រឹងឯកភាពអាស៊ាន មជ្ឈភាពអាស៊ាន និងសារៈសំខាន់របស់អាស៊ាននៅក្នុងនិម្មាបនកម្មតំបន់ ដែលកំពុងវិវត្តន៍ ដើម្បីថែរក្សាសន្តិភាព សន្តិសុខ និងស្ថេរភាពសម្រាប់ការអភិវឌ្ឍន៍ ប្រកបដោយចិរភាពនៅក្នុងតំបន់ និងពិភពលោក។

ភាគីទាំងពីរបានពិភាក្សាអំពីការត្រៀមរៀបចំកិច្ចប្រជុំលើកទី ១៩ នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែធ្នូ ឆ្នាំ២០២១ នៅកម្ពុជា និងការប្រារព្ធខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា- វៀតណាម។ ប្រទេសទាំងពីរបានឯកភាពកំណត់យកឆ្នាំ ២០២២ ជា “ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម”។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់អំពីសកម្មភាពនានា ដើម្បីរួមគ្នាអបអរសាទរនូវសមិទ្ធផលសំខាន់ៗ នៅក្នុងទំនាក់ទំនងកម្ពុជា-វៀតណាម។

គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មកម្ពុជា និងវៀតណាម បានកើនឡើងជាលំដាប់ពីចំនួន ៥,២៦ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៩ ដល់ ៥,៣៣ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ និងបានកើនដល់ ៦,០៣ ប៊ីលានដុល្លារអាមេរិក ត្រឹមរយៈពេល៧ខែក្នុងឆ្នាំ២០២១៕

Khcct banner

អត្ថបទទាក់ទង