Cct850x100 1
1800px x h300px kh

៩ខែកម្ពុជានាំចេញចេកអំបូងលឿងជាង៣៤ម៉ឺនតោនទៅចិន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ការរៀបចំវេចខ្ចប់ចេកអំបូងកម្ពុជាទៅទីផ្សារចិន (ប្រភពរូបភាព៖ លោកឧកញ៉ា ហ៊ុន ឡាក់)

ភ្នំពេញ៖ រយៈពេល៩ខែ ឆ្នាំ២០២១ ចេកអំបូងលឿងរបស់កម្ពុជាបាននាំចេញជាង ៣៤ ម៉ឺនតោន កើនឡើង៤៦ភាគរយធៀបនឹងពេលវេលាដូចគ្នាកាលពីឆ្នាំ២០២០។ នេះបើតាមការលើកឡើងរបស់លោកឧកញ៉ា ហ៊ុន ឡាក់ អ្នកវិនិយោគកសិ-ផលិតកម្ម និងនាំចេញដំណាំឈើហូបផ្លែ និងបន្លែសុវត្ថិភាពបានប្រាប់ស៊ីស៊ីថាមស៍។

លោកឧកញ៉ា ហ៊ុន ឡាក់ បានប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា កំណើនេះក៏ដោយសារមានកិច្ចព្រមព្រៀងពិធីសារអនាម័យ និងភូតគាមអនាម័យនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទកម្ពុជា និងអគ្គរដ្ឋបាលគយសាធារណរដ្ឋប្រជាមានិត្យចិន បើកផ្លូវឲ្យផលិតផលផ្លែចេកស្រស់ដាំក្នុងប្រទេសកម្ពុជា នាំចេញផ្ទាល់ទៅកាន់ទីផ្សារប្រទេសចិន ដោយមិនបានកំណត់ចំនួនកូតា។

លោកឧកញ៉ាបន្តថា កត្តានេះបានទាក់ទាញអ្នកវិនិយោគិនធំៗទាំងក្នុងស្រុក និងក្រៅប្រទេសបណ្តាក់ទុន។ ម៉្យាងទៀតផ្ទៃដីដាំដុះដំណាំចេកមានលក្ខណៈសមស្របមានទំហំធំ និងនៅថ្មីមិនទាន់បានប្រើប្រាស់ក្នុងការដាំដំណាំចេកនៅឡើយ។

ទន្ទឹមនឹងនេះ លោកឧកញ៉ាបន្ថែមថា ផ្លែចេកស្រស់នេះជាប្រភេទផ្លែឈើដែលនាំចេញជាប្រចាំ មិនមានរដូវកាលឡើយ ព្រោះវាជាដំណាំហូបផ្លែដែលមានសភាពវិលជុំ អាចនិយាយបានថាផ្លែចេកមានការនាំចេញជារៀងរាល់ថ្ងៃ។

មួយវិញទៀត លោកឧកញ៉ាបានប៉ាន់ស្មានថា បើមើលតាមកំណើនសម្រាប់ឆ្នាំនេះ ការនាំចេញផ្លែចេករបស់កម្ពុជាអាចមានកំណើនលើស៥០ភាគរយនៅដំណាច់ឆ្នាំ២០២១ ព្រោះត្រឹមតែរយៈពេល៩ខែ (ត្រីមាសទី៣)ឆ្នាំ២០២១ កម្ពុជាអាចកើនឡើងការនាំចេញផ្លែចេកជាង៤០ភាគរយ ដូចនេះបើគិតទាំងត្រីមាសទី៤ទៀត នោះកម្ពុជាអាចមានកំណើននៃការនាំចេញលើស៥០ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។

គួរបញ្ជាក់ថា រយៈពេល ៩ខែនៃឆ្នាំ២០២០ កម្ពុជាបាននាំចេញផ្លែចេកអំបូងលឿង ទៅកាន់ទីផ្សារក្រៅប្រទេសដល់ទៅប្រមាណ ២៣,៥ ម៉ឺនតោន កើនឡើងដល់ទៅ ២២៥ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

រីឯតម្លៃក្នុងរយៈពេល៩ខែឆ្នាំ២០២១ ដែលទទួលបានពីការនាំចេញកសិផល (ឯកតាតម្លៃផ្អែកតាមវិក្កយបត្ររបស់អ្នកនាំចេញ) មានចំនួន ៣ ៤៨៩ ៧៧៦ ៩៩៩,០៥ ដុល្លារអាមេរិក ដែលក្នុងនោះ៖ ការនាំចេញអង្ករមានចំនួន ៣៤៩ ៩១៤ ៦៩៦ ដុល្លារអាមេរិក, ការនាំចេញស្រូវមានចំនួន ៤២៨ ៩៥៤ ៧១០ ដុល្លារអាមេរិក, ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ២ ៧១០ ៩០៧ ៥៩៣,០៥ ដុល្លារអាមេរិក៕


Khcct banner

អត្ថបទទាក់ទង