Cct850x100 1
1800px x h300px kh

សម្តេចហ៊ុន សែនផ្ដើមចេញ«សម្ពោធ»សមិទ្ធផលនានាឡើងវិញក្រោយខកខានដោយកូវីដ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេច ហ៊ុន សែន ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃទី ២២ តុលា ឆ្នាំ២០២១។ 

ភ្នំពេញ៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេច ហ៊ុន សែន នៅថ្ងៃទី ២២ តុលានេះ បានប្រកាសថានឹងអញ្ជើញចូលរួម«សម្ពោធ»​សមិទ្ធផលនា​នាឡើងវិញ ក្រោយពីលុបចោលដោយសារកូវីដ-១៩កាលពីពេលកន្លងទៅ។ការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាយ៉ាងដូច្នេះ ធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ដ្រីនៅថ្ងៃនេះ។

បើមិនមានអ្វីប្រែប្រួលនោះទេ កម្មវិធីទី១ដែលសម្តេច ហ៊ុន សែន គ្រោងអញ្ជើញចូលរួមជាអធិបតីនោះ គឺសម្ពោធ អគារស្ដីទីការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ថ្មី ដែលនឹងគ្រោងរៀបចំឡើងនៅ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ។

បើតាមសម្តេច ហ៊ុន សែន ក្រោយពីគម្រោងសម្ពោធអគារទីស្តីការថ្មីរបស់ក្រសួងរៀបចំដែនដី សម្តេចក៏បាននឹងកំពុងត្រូវពិនិត្យមើលកម្មវិធីមួយចំនួន ដែលបានលុបនាពេលកន្លងមក ដោយសាសរជំងឺកូវីដ-១៩ ដូចជា ៖ ស្ពានមិត្តចិនស្ទឹងត្រង់-ក្រូចឆ្មារ និងសម្ពោធសមិទ្ធផលខេត្តព្រះសីហនុ និងកម្មវិធីផ្សេងៗទៀត ដើម្បីរៀបចំឡើងវិញ។

គួរបញ្ជាក់ថា ដោយសារកូវីដ-១៩ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ធ្លាប់បានចេញបញ្ជាលុបចោល​កម្មវិធី​ជួបជុំ​ទាំងអស់ដែល​បាន​គ្រោងទុក ហើយណែនាំឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធមួយចំនួនប្រជុំ​តាម ZOOM ។ធ្វើយ៉ាងដូច្នេះ ក្នុងគោលបំណងកាត់បន្ថយការជួបជុំប្រមូលផ្តុំគ្នាមនុស្សច្រើនដែលនាំឱ្យឆ្លងកូវីដ-១៩។

ចំណែកការចេញសម្ពោធកម្មវិធីឡើងវិញនៅពេលនេះ ត្រូវបានសម្តេច ហ៊ុន សែន បន្យល់ថា ដោយសារស្ថានភាពចាក់វ៉ាក់សាំងនៅកម្ពុជាដំណើរការទៅបានល្អ ហើយការគ្រប់គ្រោងជំងឺកូវីដ-១៩នៅកម្ពុជាបានល្អជាផ្លូវដើម្បីអនុញ្ញាតឱ្យរដ្ឋាភិបាលកម្ពុជាបើកសេដ្ឋកិច្ចឡើងវិញតាមគន្លងថ្មីនៃកូវីដ-១៩៕

Khcct banner

អត្ថបទទាក់ទង