Yearendyearend1140x150

កម្ពុជាផលិតលោហៈមាសបានជាង៧០០គីឡូក្រាមក្នុងរយៈពេល៣ខែ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ការដ្ឋាន​អាជីវកម្ម​រ៉ែ​មាស​នៅ​តំបន់​អូរខ្វាវ ស្រុក​កែវសីមា​។ រូបថត Renaissance Minerals

ភ្នំពេញ៖ កម្ពុជា​បានប្រកាស​ដាក់ឱ្យ​ដំណើរការ​ការដ្ឋាន​អាជីវកម្ម និង​ រោងចក្រ​ចម្រាញ់​រ៉ែ​មាស​ជា​លក្ខណៈ​ឧស្សាហកម្ម​ជា​លើកដំបូង​ កាលពី​ថ្ងៃទី​ ២១ ខែ មិថុនា ឆ្នាំ​ ២០២១។ក្នុងរយៈពេល ៣ខែកន្លងមកនេះ កម្ពុជាផលិតលោហៈមាសបានជាង ៧០០គីឡូក្រាម។

ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនៅថ្ងៃនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា “ក្នុងរយៈពេល ៣ខែកន្លងមកនេះ កម្ពុជាផលិតលោហៈមាសបានជាង ៧០០គីឡូក្រាម”។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២៧ កញ្ញា ឆ្នាំ២០២១នេះ ក្រុមហ៊ុនវិនិយោគ Renaissance Minerals (Cambodia) Ltd របស់ប្រទេសអូស្ដ្រាលី បានចម្រាញ់រ៉ែមាសបានចំនួន៤៨ដុំស្មើនឹងប្រមាណ៥៥៥គីឡូក្រាម។ ក្នុងនោះ«ដុំរ៉ែមាស»ចំនួន៣៥៥គីឡូ ត្រូវបានក្រុមហ៊ុននាំចេញទៅអូស្រ្តាលី ដើម្បីបន្សុទ្ធជាមាសទឹក៩៩,៩៩%។

លោក អ៊ឹង ឌីប៊ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ បានប្រាប់ស៊ីស៊ីថាមស៍ថា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ កម្ពុជាចម្រាញ់រ៉ែមាស បានប្រមាណ៥៥៥គីឡូក្រាមហើយ ក្រោយប្រតិបត្ដិការ៣ខែ ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។

បើតាមលោក អ៊ឹង ឌីប៊ូឡា ក្នុងចំណោមនោះ មាន«ដុំរ៉ែមាស»ចំនួន៣៥៥គីឡូ ត្រូវបំពេញបែបបទតាមនីតិវិធីគយ និងបាននាំចេញ ដើម្បីយកទៅបន្សុទ្ធ ជាមាសទឹក៩៩.៩៩% នៅប្រទេសអូស្ត្រាលី។

គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ១០ មិថុនា បានប្រកាសដាក់ឲ្យដំណើរការរោងចក្រចម្រាញ់រ៉ែមាសជាលើកដំបូងនៅកម្ពុជាដោយរំពឹងថានឹងទទួលបានចំណូលដុលជាមធ្យម១៨៥លានដុល្លារ ក្នុងនោះរដ្ឋនឹងទទួលបានពន្ធជាថវិកា៤០លានដុល្លារក្នុងមួយឆ្នាំ។ ការដាក់ឲ្យដំណើរការរោងចក្រចម្រាញ់រ៉ែមាសនេះ គឺធ្វើឡើងក្រោយពីក្រុមហ៊ុនអូស្ត្រាលី ដែលជាម្ចាស់អាជ្ញាប័ណ្ណ បានធ្វើការស្រាវជ្រាវ និងរុករកដោយប្រើពេលអស់១៤ឆ្នាំ។

ការធ្វើអាជីវកម្មរ៉ែមាស គឺត្រូវការការវិនិយោគប្រកបដោយវិជ្ជាជីវៈ និងមានបច្ចេកទេសខ្ពស់។រាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋបោះបង់ចោលនូវបំណងធ្វើអាជីវកម្មរ៉ែជាលក្ខណៈគ្រួសារ ខណៈការធ្វើអាជីវកម្មរ៉ែមាសខ្នាតអន្តរជាតិ នៅតំបន់អូខ្វាវ ត្រូវបានដាក់ជាគំរូមួយសម្រាប់នាំមុខដល់ការធ្វើអាជីវកម្មរ៉ែដទៃទៀត តាមគោលការណ៍អភិវឌ្ឍន៍ប្រកបដោយចីរភាព៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង