Yearendyearend1140x150

អង់គ្លេសពិន័យប្រាក់ជាង៥០លានផោនពីហ្វេសប៊ុកដោយសារលាក់បាំងព័ត៌មានទិញភាគហ៊ុន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អង់គ្លេសពិន័យប្រាក់ជាង៥០លានផោនពីហ្វេសប៊ុកដោយសារលាក់បាំងព័ត៌មានទិញភាគហ៊ុន ប្រភពរូប៖ ស៊ីនហួរ

អង់គ្លេស៖ និយតករទីផ្សារអង់គ្លេសបានប្រកាសនៅថ្ងៃទី ២០ ថា ខ្លួនបានដាក់ពិន័យជាប្រាក់ចំនួន ៥០.៥ លានផោន (ប្រហែល ៦៩.៥ លានដុល្លារអាមេរិក) ទៅលើក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមយក្សហ្វេសប៊ុករបស់អាមេរិក ដោយសារលាក់បាំងព័ត៌មានដោយចេតនា ក្នុងការទិញយកភាគហ៊ុនពីទីភ្ញាក់ងារ Giphy ដែលជាវេទិកាស្វែងរក GIF របស់អាមេរិក។

លោក ចូអេល បេមហ្វដ (Joel Bamford) អាជ្ញាធរការប្រកួតប្រជែងនិងទីផ្សារចក្រភពអង់គ្លេសទទួលបន្ទុកការរួមបញ្ចូលគ្នានិងការទិញយកភាគហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ហ្វេសប៊ុកបានបដិសេធមិនបញ្ជូនព័ត៌មានប្រតិបត្តិការ ដែលធ្វើឲ្យអាជ្ញាធរយល់ថា សកម្មភាពនេះគួរឲ្យសង្ស័យ។ ទោះបីជាបាត់បង់បណ្តឹងឧទ្ធរណ៍ពីរក៏ដោយ ក៏ហ្វេសប៊ុកនៅតែមិនគោរពកាតព្វកិច្ចផ្លូវច្បាប់របស់ខ្លួន ធ្វើឲ្យអង់គ្លេសយល់ឃើញថា នេះគឺការបំពានរបស់ហ្វេសប៊ុកដោយចេតនា។ សេចក្តីថ្លែងការណ៍នេះ បាននិយាយទៀតថា ការដាក់ទណ្ឌកម្មហ្វេសប៊ុក គឺជាការព្រមានដល់ក្រុមហ៊ុនផ្សេងទៀត ដែលគិតថា ខ្លួននៅពីលើច្បាប់។

ហ្វេសប៊ុក បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃដដែល ដើម្បីជាការឆ្លើយតបដោយនិយាយថា ខ្លួនប្រឆាំងដាច់ខាតចំពោះការសម្រេចចិត្តដាក់ទណ្ឌកម្មដោយអយុត្តិធម៌របស់ភាគីអង់គ្លេស ហើយនឹងសិក្សាពីវិធានការប្រឆាំង។ ហ្វេសប៊ុកបានប្រកាសពីការទិញយក Giphy នៅខែឧសភាឆ្នាំមុនក្នុងទឹកប្រាក់ចំនួន ៤០០ លានដុល្លារអាមេរិក។ ប៉ុន្តែអាជ្ញាធរការប្រកួតប្រជែងនិងទីផ្សារចក្រភពអង់គ្លេសបាននិយាយថា ខ្លួននឹងបន្តស៊ើបអង្កេតលើប្រតិបត្តិការនេះ។

ក្រុមហ៊ុនហ្វេសប៊ុកត្រូវបានដាក់ទណ្ឌកម្មជាញឹកញាប់ ដោយនិយតករទីផ្សារអ៊ឺរ៉ុបនិងអាមេរិកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយចោទថាបានលេចធ្លាយព័ត៌មានអ្នកប្រើប្រាស់ផ្តាច់មុខក្នុងផ្សព្វផ្សាយ ពាក្យចចាមអារ៉ាម ការរំលោភផ្លូវច្បាប់ និងបទបញ្ជាផ្សេងៗ។

និយតករអាមេរិកបាននិយាយនៅថ្ងៃទី ១៩ ថា ហ្វេសប៊ុកបានយល់ព្រមទូទាត់ប្រាក់ចំនួន ១៤ លានដុល្លារអាមេរិក ដើម្បីទូទាត់ការចោទប្រកាន់របស់រដ្ឋាភិបាលអាមេរិកថា គោលនយោបាយការងាររបស់ខ្លួនមានភាពលំអៀង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង