Yearendyearend1140x150

តើគួរគ្រប់គ្រង«ហិរញ្ញវត្ថុ»បែបណាកុំឱ្យជំពាក់បំណុលគេវណ្ឌក?

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក ង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុ និងវិនិយោគិន។

ភ្នំពេញ៖ នៅរយៈពេលចុងក្រោយនេះគេឃើញមានការចាប់អារម្មណ៍ជាច្រើនពីតារាកំប្លែងល្បីមួយរូប គឺអ្នកនាងខ្ញុងដែលបានដាក់ពាក្យប្តឹងខ្លួនឯង ក្រោយខ្លួនជំពាក់បំណុលគេជាង ៥០ម៉ឺនដុល្លារ ដោយសារការស្រឡាញ់ កិត្តិយស។ ករណីនេះ ត្រូវបានអ្នកជំនាញយល់ឃើញថាអាចដោយសារភាពកង្វះនូវចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ តើគួរគ្រប់គ្រង«ហិរញ្ញវត្ថុ»បែបណាកុំឱ្យជំពាក់បំណុលគេវណ្ឌក?

យោងតាមការស្រាវជ្រាវរបស់ធនាគារអភិវឌ្ឍអាស៊ី បានរកឃើញថា ប្រជាពលរដ្ឋកម្ពុជាមានប្រហែលជា១៨ភាគរយ ដែលមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ ចំណែកជាង៨០ភាគរយទៀតមិនមានចំណេះដឹងហិរញ្ញវត្ថុ ហើយកាលណាដែលមិនមានចំណេះដឹងហិរញ្ញវត្ថុ នឹងមិនយល់អំពីការប្រើប្រាស់កម្ចី មិនយល់ពីការប្រភពកម្ចីណាខ្លះដែលគួរខ្ចី និងយកទៅប្រើប្រាស់យ៉ាងម៉េច ដើម្បីឱ្យចំគោលដៅ ជាដើម។ ប្រការនេះដែលធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនបានជាប់ជំពាក់បំណុលវណ្ឌក ឬការខ្ចីប្រាក់ហួសពីសមត្ថភាពសងរបស់ខ្លួន។

លោក ង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុ និងវិនិយោគិន បានលើកឡើងថា ដើម្បីគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួន កុំឱ្យឈានដល់ការជំពាក់បំណុលគេវណ្ឌក គឺត្រូវចៀសវាងដាច់ខាតនូវការខ្ចីប្រាក់ពីឈ្មួញចងការ ឬប្រភពផ្តល់កម្ចីក្រៅប្រព័ន្ធមិនមែនជាធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដូចជាការលេងតុងទីនជាដើម គឺថាវាជាឧបករណ៍ដែលគ្រោះថ្នាក់ណាស់សម្រាប់ប្រជាពលរដ្ឋដែលមិនមានចំណេះដឹងផ្នែកខាងហិរញ្ញវត្ថុ ព្រោះប្រភពទាំងអស់នោះ អាចមានការប្រាក់ថ្លៃ ឬការបង្កើតផលិតផលកម្ចីទាំងអស់នោះមិនសមស្របជាមួយនឹងស្ថានភាពជីវភាព ឬលំហូរសាច់ប្រាក់របស់ពួកគាត់។

លោក ង៉ែត ជូ បានបន្តថា សម្រាប់ប្រជាពលរដ្ឋ ដើម្បីចៀសវាងការជំពាក់បំណុលវណ្ឌក គឺទី១ ខ្ចីតែកម្ចីពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានវិជ្ជាជីវៈក្នុងការផ្តល់កម្ចីប្រកបដោយភាពត្រឹមត្រូវ មិនបង្កនូវហានិភ័យដល់អ្នកទទួលកម្ចី។ ត្រង់ចំណុចនេះ លោកបញ្ជាក់ថា ពលរដ្ឋដែលបានខ្ចីពីធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានវិជ្ជាជីវៈត្រឹមត្រូវ ហើយមានភាពស្មោះត្រង់ ផ្តល់នូវព័ត៌មានពិតដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺកាលណាមន្ត្រីឥណទានធ្វើការសិក្សាវាយតម្លៃ ហើយយល់ថាអាចឱ្យខ្ចីបាន មានន័យថាអតិថិជននោះមានសុខភាពហិរញ្ញវត្ថុល្អអាចទទួលបានកម្ចី។ ប៉ុន្តែអ្វីដែលជាបញ្ហាគឺអតិថិជនមួយចំនួនគឺមិនមានភាពស្មោះត្រង់ ឬទទួលប្រាក់កម្ចីច្រើនកន្លែងពេក ហើយបញ្ហាដែលធំនោះគឺខ្ចីពីប្រភពផ្សេងៗដូចជាឈ្មួញចងការ ឬការលេងតុងទីន ជាដើម។ ពេលបានកម្ចីរួចគឺត្រូវប្រើឱ្យចំគោលដៅ មានន័យថាយកទៅបង្កើតចំណូល ទៅរកចំណេញ ឧទាហរណ៍៖យកទៅប្រកបរបរអាជីវកម្ម។

បន្ថែមលើនេះ លោក ង៉ែត ជូ បានថ្លែងថា នៅពេលដែលពលរដ្ឋខ្ចីពីប្រភពដែលមានវិជ្ជាជីវៈដូចជាធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហើយយកទៅប្រើឱ្យចំគោលដៅ ឬយកទៅបង្កើតចំណូលដើម្បីរកផលចំណេញ គឺពេលបានផលចំណេញហើយ ត្រូវចេះសន្សំសំចៃ ប្រើប្រាស់ការចាយវាយទៅលើតែរបស់ណាដែលចាំបាច់។

ចំណាយតែទៅលើកិច្ចការងារណាចាំបាច់សម្រាប់តែទ្រទ្រង់ជីវភាពគ្រួសារដូចជា ថ្លៃម្ហូបអាហារ ថ្លៃថ្នាំសង្កូវ ថ្លៃព្យាបាលជំងឺ ថ្លៃសាលារបស់កូន។ នៅពេលដែលយើងចំណាយតែលើតម្រូវការចាំបាច់ នោះយើងនឹងអាចសន្សំសំចៃ ហើយធ្វើឱ្យយើងមានលទ្ធភាពសងទៅម្ចាស់បំណុលដូចជាធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង