Yearendyearend1140x150

ក្រសួងពាណិជ្ជកម្ម៖ការនាំចេញសម្លៀកបំពាក់កម្ពុជានឹងធ្លាក់ចុះ បើកង្វះវត្ថុធាតុដើមនៅបន្តកើតមាន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
អេង គន្ធា
/
 អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា លោកសៀង ថៃ 

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា លោកសៀង ថៃ បានលើកឡើងឱ្យដឹងនៅរសៀលថ្ងៃចន្ទនេះថា បើបញ្ហាកង្វះវត្ថុធាតុដើមពីប្រទេសចិននៅតែអូសបន្លាយពេល នោះផលិតកម្មសម្លៀកបំពាក់នៅក្នុងស្រុកនឹងថយចុះ។ ដូច្នេះហើយ ការនាំចេញរបស់កម្ពុជាលើផ្នែកសម្លៀកបំពាក់នេះ ក៏នឹងមានការថយចុះតាមហ្នឹងផងដែរ។

ការអះអាងរបស់អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មនេះ ធ្វើឡើងបន្ទាប់ពីក្រសួងការងារបានប្រកាសឱ្យដឹងថា រោងចក្រចន្លោះពី១០ ទៅ១៥ កំពុងពិចារណាសុំព្យួរកិច្ចសន្យាការងារមួយរយៈដោយសារតែខ្វះ«វត្ថុធាតុដើម»ដើម្បីដំណើរការសង្វាក់ផលិតកម្មរបស់ខ្លួន។ កង្វះខាតវត្ថុធាតុដើមនេះ គឺដោយសារតែការរីករាលដាលនៃមេរោគកូរ៉ូណានៅក្នុងប្រទេសចិន ដែលធ្វើឱ្យរោងចក្រផលិតវត្ថុធាតុដើមនៅទីនោះផ្អាកដំណើរការសង្វាក់ផកលិតកម្មរបស់ខ្លួន។

បើទោះបីប្រឈមនឹងបញ្ហានេះ ប៉ុន្តែ លោកសៀង ថៃ បានគូសបញ្ជាក់ថា ដំណោះស្រាយ គឺម្ចាស់រោងចក្រដែលកំពុងជួបបញ្ហាបង្វែរការបញ្ជាទិញវត្ថុធាតុដើមពីប្រទេសផ្សេងក្រៅពីប្រទេសចិន ហើយលោកថា រោងចក្រខ្លះក៏កំពុងធ្វើបែបនេះដែរ។ ក៏ប៉ុន្តែក៏មានរោងចក្រមួយចំនួនបានបញ្ជាទិញវត្ថុធាតុដើមពីចិនក្នុងចំនួនច្រើនដែលអាចត្រៀមដល់រយៈពេលប្រមាណជា៤០ថ្ងៃបន្តទៀត។

បើតាមលោកសៀង ថៃ ដដែល បញ្ហាកង្វះវត្ថុធាតុដើមពីប្រទេសចិន គឺអាស្រ័យទាំងស្រុងលើបញ្ហាមេរោគឆ្លងកូរ៉ូណា ពោល គឺថាបើសិនមេរោគនេះ ត្រូវបានលុបបំបាត់បានក្នុងពេលខ្លី នោះវានឹងមានភាពល្អប្រសើរសម្រាប់រោងចក្រនានានៅកម្ពុជា។ ប៉ុន្តែបើអូសបន្លាយពេលវេលាយូរ នោះវាក៏មានផលប៉ះពាល់យូរតាមនោះដែរ។ តែទោះជាយ៉ាងណា លោកសៀង ថៃ គូសបញ្ជាក់ថា ការផ្អាករោងចក្រ ឫព្យួរការងារកម្មករនាពេលខាងមុខនេះ គឺមកពីបញ្ហាមេរោគកូរ៉ូណា មិនមែនដោយសារតែបញ្ហាប្រព័ន្ធអនុគ្រោះពន្ធEBAនោះទេ។ លោកថា បញ្ហាEBA អាចប៉ះពាល់ប៉ុនណានោះ គឺរង់ចាំមើលនៅថ្ងៃទី១២ កុម្ភៈខាងមុខនេះសិន៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង