Yearendyearend1140x150
Img 0571

អាជ្ញាធរមីនដាក់ផែនការកំណត់«ខេត្តកែប»ជាទឹកដីគ្មានគ្រាប់មីនដំបូងគេនៅកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
រូ​បតំណាងខេត្តកែប (រូបភាព៖ Khmerload)

ខេត្តកែប៖ អាជ្ញាធរមីនកម្ពុជាបានកំណត់ផែនការថា ប្រទេសកម្ពុជាទាំងមូលត្រូវបោសសម្អារមីនឱ្យអស់មុនឆ្នាំ២០២៥ ដោយក្នុងនោះខេត្តកែបនឹងត្រូវប្រកាសជាគោលដៅទឹកដីគ្មានគ្រាប់មីនដំបូងគេក្នុងចំណោមខេត្តក្រុងទាំង២៥។ នេះបើតាមប្រសាសន៍ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប។

ឯកឧត្តម សោម ពិសិដ្ឋ បានប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា បច្ចុប្បន្ននេះ គ្រាប់មីននៅក្នុងខេត្តកែបគឺមិនទាន់បោសសម្អាតបានមួយរយភាគរយនៅឡើយទេ ហើយក៏កំពុងតែដំណើរការ ដោយអាស្រ័យលើថវិកាជាដៃគូសម្រាប់គាំទ្រលើប្រតិបត្តិការដោះមីននៅកម្ពុជា។

ឯកឧត្តមបន្តថា បច្ចុប្បន្នចខេត្តកែបមានចម្ការមីនជាង១១ចម្ការ ហើយចម្ការមីនមួយត្រូវបានបោសសម្អាតរួចរាល់ហើយ ដូចនេះខេត្តកែបនៅសល់ចម្ការមីនជាង១០ទៀតតែប៉ុណ្ណោះ ហើយនេះជាផែនការរបស់អាជ្ញាធរមីនក្នុងការជម្រុញឱ្យខេត្តកែបនឹងត្រូវប្រកាសជាទឹកដីគ្មានគ្រាប់មីនមុនគេក្នុងចំណោម២៥រាជធានីខេត្តនាពេលឆាប់ៗនេះ។

ទន្ទឹមនឹងនេះ អនុប្រធានទី១ អាជ្ញាធរមីនបានឱ្យដឹងថា ខេត្ដកែបជាខេត្ដមានផ្ទៃដីមានចម្ការមីនតិចជាងគេក្នុងចំណោមខេត្ដទាំងអស់ទូទាំងប្រទេស ដូច្នេះទើបរាជរដ្ឋាភិបាលសម្រេចយកខេត្ដនេះ ជាខេត្ដដែលគ្មានមីនមុនគេ។

បើតាមមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជាអះអាងថា ក្នុងឆ្នាំ២០២០ ស៊ីម៉ាក់ (CMAC) បានរុករកឃើញគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទសរុបចំនួនជិត ៤ម៉ឺនគ្រាប់ (៣៩,២៤៩) លើផ្ទៃដីសរុប ជាង ៩ពាន់ហិកតារ (៩,២០០)។ សម្រាប់ផែនការឆ្នាំ២០២១ វិញ មជ្ឈមណ្ឌលស៊ីម៉ាក់ គ្រោងរំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់មិនទាន់ផ្ទុះ ចំនួនប្រមាណជាងមួយម៉ឺន ១ពាន់ហិកតារ (១១,៣០០)។

របាយការណ៍ស៊ីម៉ាក់ឱ្យដឹងថា ចាប់ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ ២០២០ ពលរដ្ឋជិត២ម៉ឺននាក់ (១៩,៧៩៧) បានស្លាប់ និងរងរបួសពិការដាច់ដៃជើងចំនួន ជាង៤ម៉ឺន ៥ពាន់នាក់ (៤៥,១២៣) នាក់ផ្សេងទៀត ដោយសារគ្រាប់មីន និងគ្រាប់សំណល់ជាតិផ្ទុះ។ ចំនួនអ្នកស្លាប់ និងរងរបួស បានថយចុះមកត្រឹម ៦៥នាក់ ក្នុងអំឡុងឆ្នាំ២០២០ ដែលកាលពីឆ្នាំ១៩៩៦ មានអ្នកស្លាប់ជាង ៤ពាន់ ៣រយនាក់ (៤,៣២០)៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង