Yearendyearend1140x150

ជនជាតិចិនដែលជាសះស្បើយពីមេរោគកូរ៉ូណា នឹងវិលទៅចិនវិញនៅថ្ងៃអង្គារស្អែក

សង្គម
/
អ្នកយកព័ត៌មាន:
គន្ធា អេង
/
 លោក ចា ជិនហូរ ជនជាតិចិនដែលឆ្លងមេរោគកូរ៉ូណាក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានពេលចេញពីមន្ទីពេទ្យ ខេត្តព្រះសីហនុ។

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជាបានអះអាងឱ្យដឹងនៅព្រឹកថ្ងៃចន្ទនេះថា ជនជាតិចិនដែលបានឆ្លងមេរោគកូរ៉ូណានៅក្នុងខេត្តព្រះសីហនុ នឹងចាកចេញពីកម្ពុជាទៅកាន់ប្រទេសចិនវិញនៅថ្ងៃអង្គារស្អែកនេះ។ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីឱ វណ្ណឌីន បានបញ្ជាក់ថា ការចាកចេញទៅស្រុកកំណើតវិញនេះ គឺជាការស្ម័គ្រចិត្តរបស់រូបគាត់ និងក្រុមគ្រួសារ ហើយក្រុមការងាររបស់ក្រសួងសុខភិបាលកំពុងជួយរៀបចំឱ្យរូបគាត់ និងគ្រួសារចាកចេញពីប្រទេសកម្ពុជា។

ជនជាតិចិនរូបនេះឈ្មោះថា ចា ជិនហូរ អាយុ៦០ឆ្នាំ មកពីទីក្រុងវូហាន។ រូបគាត់ និង សមាជិកក្រុមគ្រួសារ៣នាក់ទៀត បានមកដល់ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែមករា និងបានរកឃើញថាមានជំងឺរលាកផ្លូវដង្ហើមបង្កឡើងដោយមេរោគកូរ៉ូណា នៅថ្ងៃទី២៧ ខែមករា កន្លងទៅ។ នៅព្រឹកមិញនេះ លោកចា ជិនហូរត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យខេត្តព្រះសីហនុហើយនៅព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីរូបគេមានសុខភាពល្អប្រសើរក្រោយធ្វើតេស្តអវិជ្ជមានមេរោគកូរ៉ូណាជាលើកទី៣ ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។

ការចាកចេញពីមន្ទីរពេទ្យរបស់បុរសជនជាតិចិនរូបនេះ ត្រូវបានទទួលស្វាគមន៍ដោយរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកសាយ សំអាល់ លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏ដូចជាតំណាងស្ថានទូតចិនប្រចាំនៅកម្ពុជា។ ចំពោះការជាសះស្បើយរបស់ជនជាតិចិននេះ លោកម៉ម ប៊ុនហេង បានសម្តែងនូវការអបអរសាទរ ប៉ុន្តែក៏បានណែនាំឱ្យបុរសចិនរូបនេះ និងក្រុមគ្រួសារ ត្រូវអនុវត្តការការពារខ្លួនឱ្យបានខ្ជាប់ខ្ជាន់បំផុតបើទោះបីលែងរកឃើញមេរោគកូរ៉ូណាថ្មីនេះក៏ដោយ។

សូមបញ្ជាក់ថា កម្ពុជារកឃើញថា មានករណីឆ្លងមេរោគថ្មីនេះ តែមួយករណីនេះប៉ុណ្ណោះគិតដល់ពេលនេះ ហើយក៏ជាករណីទី១ដែលត្រូវបានព្យាបាលជាសះស្បើយដោយក្រុមគ្រូពេទ្យកម្ពុជាផងដែរ។ ទោះជាបែបនេះក្តី អាជ្ញាធរសុខាភិបាលកម្ពុជានៅតែបន្តយកចិត្តដាក់ទុកតាមដាន និង ការពារការឆ្លងរាលដាលនៃមេរោគនេះនៅក្នុងប្រទេសកម្ពុជា។ ក្រសួងសុខាភិបាលនៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បើសិនមានការសង្ស័យថា អាចមានការឆ្លងមេរោគថ្មីនេះ ត្រូវទាក់ទងទៅកាន់មន្ទីរពេទ្យដែលនៅជិតបំផុត ឫទាក់ទងទៅកាន់លេខ១១៥ជាបន្ទាន់៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង