Cct850x100 1
1800px x h300px kh

ការផ្ទុះថ្មីចំនួនពីរនៅភ្នំភ្លើងអេស្ប៉ាញបង្ករឲ្យមានគ្រោះរញ្ជួយដី៨លើកក្នុងពេលតែមួយយប់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ភ្នំភ្លើង Cumbre នៅលើកោះឡាប៉ាម៉ាប្រទេសអេស្ប៉ាញ ប្រភពរូប៖ សារព័ត៌មានស៊ីនហួរ

អេស្ប៉ាញ៖ ភ្នំភ្លើង Cumbre នៅលើកោះឡាប៉ាម៉ាប្រទេសអេស្ប៉ាញ បានបន្ថែមស្នាមប្រេះចំនួនពីរនៅថ្ងៃទី១ នៃខែតុលា ហើយកំអែលភ្នំភ្លើងជាច្រើនទៀតបានផ្ទុះឡើង។ រដ្ឋាភិបាលក្នុងតំបន់បានរាយការណ៍ថា សកម្មភាពភ្នំភ្លើងបាន“កាន់តែខ្លាំងឡើង” ហើយអ្នកវិទ្យាសាស្ត្របានកត់ត្រាការគ្រោះរញ្ជួយដី៨លើកក្នុងពេលតែមួយយប់។

យោងតាមសារព័ត៌មាន Associated Press បានដកស្រង់សម្តីលោក Miguel Angel Morkund នាយកបច្ចេកទេសនៃនាយកដ្ឋានឆ្លើយតបបន្ទាន់ភ្នំភ្លើងកោះកាណារីនៅថ្ងៃទី ២ បានរាយការណ៍ថា ភ្នំភ្លើង Cumbre បានក្លាយជា“សាហាវជាងមុន” ។ ការប្រេះស្រាំថ្មីទាំងពីរនេះ មានចម្ងាយប្រហែល ១៥ ម៉ែត្រ ហើយកំអែលភ្នំភ្លើងហូរឆ្ពោះទៅសមុទ្រអាត្លង់ទិកកាលពីប៉ុន្មានថ្ងៃមុន។

អ្នកវិទ្យាសាស្ត្របានសង្កេតឃើញថា ការរញ្ជួយដីចំនួន ៨ លើកនៅក្នុងពេលមួយយប់ ដែលមានកម្រិត ៣.៥ រ៉ិចទ័រខ្ពស់បំផុត។ មន្រ្តីមូលដ្ឋានបាននិយាយថា ឧស្ម័ននិងផេះពីភ្នំភ្លើងបានហោះទៅលើមេឃឈានដល់កម្ពស់ ៦០០០ ម៉ែត្រ។ ហើយអាជ្ញាធរកំពុងធ្វើតេស្តគុណភាពខ្យល់នៅជុំវិញភ្នំភ្លើងនេះ។

យោងតាមរដ្ឋាភិបាលក្នុងតំបន់បានឲ្យដឹងថា កម្រិតនៃស្ពាន់ធ័រឌីអុកស៊ីតនៅលើអាកាសបានកើនឡើងប៉ុន្តែវាមិនទាន់ដល់កម្រឹតគំរាមកំហែងដល់សុខភាពនៅឡើយ។ ដោយមើលឃើញពីចំនួនកំអែលភ្នំភ្លើងដ៏ច្រើនបានហូរចុះនៅក្នុងតំបន់នោះ រដ្ឋាភិបាលបានណែនាំឱ្យប្រជាពលរដ្ឋកុំចេញក្រៅផ្ទះ ហើយពាក់ម៉ាស់និងវ៉ែនតាដើម្បីការពារភ្នែករបស់ពួកគេ។

ភ្នំភ្លើង Cumbre បានផ្ទុះឡើងនៅថ្ងៃទី ១៩ ខែកញ្ញា ដោយរដ្ឋាភិបាលក្នុងតំបន់បានជម្លៀសប្រជាជនជាង ៦.០០០ នាក់ចេញ ហើយមកទល់ពេលនេះមិនមានអ្នកស្លាប់និងរបួសឡើយ។ គិតត្រឹមថ្ងៃទី ២ ខែតុលា ភ្នំភ្លើងនេះបានបញ្ចេញកំអែលភ្នំភ្លើងប្រមាណ ៨០ លានម៉ែត្រគូប ហើយផ្ទៃដីប្រមាណ ៧០៩ ហិកតាត្រូវបានកំអែលភ្នំភ្លើងនេះលេបត្របាក់ អគារជាង ១០០០ ត្រូវបានខូចខាតរួមទាំងលំនៅដ្ឋាននិងហេដ្ឋារចនាសម្ព័ន្ធកសិកម្មក្នុងតំបន់នេះបានបង្កើតឡើង។

សូមបញ្ជាក់ថា កោះឡាប៉ាម៉ាមានទីតាំងស្ថិតនៅភាគពាយ័ព្យនៃកោះកាណារីប្រទេសអេស្បាញ វាមានផ្ទៃដី ៧០៨ គីឡូម៉ែត្រក្រឡា និងមានប្រជាជនប្រមាណ ៨៥.០០០ នាក់។ នេះជាការផ្ទុះភ្នំភ្លើងចំនួន ៧ នៅលើកោះ ចាប់តាំងពីកំណត់ត្រាដែលការផ្ទុះចុងក្រោយបានកើតឡើងក្នុងឆ្នាំ ១៩៧១៕

Khcct banner

អត្ថបទទាក់ទង