Cct850x100 1
1800px x h300px kh

តួរគីកំពុងពិភាក្សាពីកិច្ចសហប្រតិបត្តិការការពារជាតិជាមួយរុស្ស៊ី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រធានាធិបតីតួកគីលោក រ៉េសិបតៃយីប អេរដូហ្គែន ប្រភពរូប៖ សារព័ត៌មានស៊ីនហួរ

តួរគី៖ ថ្ងៃទី ១ ខែតុលាប្រធានាធិបតីតួកគីលោក រ៉េសិបតៃយីប អេរដូហ្គែន (Recep Tayyip Erdogan) បានបង្ហើបឲ្យដឹងថា លោកពិភាក្សាអំពីចក្ខុវិស័យនៃកិច្ចសហប្រតិបត្តិការការពារជាតិជាមួយប្រទេសរុស្ស៊ីកាន់តែស៊ីជម្រៅនៃគម្រោងជាច្រើនប្រភេទ។

ការបង្ហើបឲ្យដឹងនេះ ធ្វើឡើងក្រោយជំនួបលោករ៉េសិបតៃយីប អេរដូហ្គែន (Recep Tayyip Erdogan)និងប្រធានាធុបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន(Vladimir Putin) បានជួបពិភាក្សាគ្នារយៈពេល ៣ ម៉ោងនៅទីក្រុងសូជី ដែលជាទីក្រុងមួយនៅសមុទ្រខ្មៅក្នុងប្រទេសរុស្ស៊ីកាលពីថ្ងៃទី ២៩ ខែកញ្ញា។ តែអ្នកទាំងពីរមិនបានធ្វើសន្និសីទសារព័ត៌មានទេបន្ទាប់ពីកិច្ចប្រជុំនេះ។

ក្នុងដំណើរវិលត្រឡប់មកកាន់ប្រទេសតួរគីវិញ លោក អេរដូហ្គែន បានប្រាប់អ្នកយកព័ត៌មានថា លោកកំពុងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការការពារជាតិជាមួយលោកពូទីន។ យោងតាមរបាយការណ៍ពីស្ថានីយ៍ទូរទស្សន៍ NTV របស់តួរគី លោក អេរដូហ្គែនបានពិភាក្សាអំពីវិធីលើកកម្ពស់កិច្ចសហប្រតិបត្តិការដូចជាការបង្កើតយន្តហោះយោធានិងម៉ាស៊ីន ហើយក៏អាចសហការក្នុងការបង្កើតនាវាមុជទឹកផងដែរ។

ទីភ្នាក់ងារ AFP-Presse បានរាយការណ៍ថា សុន្ទរកថារបស់លោកអេរដូហ្គែន នឹងធ្វើឱ្យមានការមិនពេញចិត្តនៅក្នុងបណ្តាប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក។ ដោយសារប្រទេសតួរគី គឺជាសមាជិកនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង។

កន្លងមកតួរគីបានទិញប្រព័ន្ធមីស៊ីលការពារអាកាស S-400 ពីរុស្ស៊ី ដែលត្រូវបានជំទាស់និងរិះគន់យ៉ាងខ្លាំងពីអង្គការណាតូនិងសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកថែមទាំងហាមឃាត់សម្ព័ន្ធមិត្តណាតូ ពីការចូលរួមផលិតនិងទិញយន្តហោះចម្បាំង F-35 ដែលសហរដ្ឋអាមេរិកកំពុងដឹកនាំការអភិវឌ្ឍ។

ទោះជាយ៉ាងនេះក្តី លោក អេរដូហ្គែន បាននិយាយកាលពីសប្តាហ៍មុនថា ខ្លួនមានបំណងទិញប្រព័ន្ធមីស៊ីលការពារអាកាស S-400 ជំនាន់ទីពីរ។ លោកបានបញ្ជាក់ជាថ្មីនៅតាមផ្លូវត្រឡប់មកពីសូជីវិញថា «ដំណើរការនៃការទិញ S-400 នឹងបន្ត»។

លោកអេរដូហ្គែន ក៏បានស្នើរុស្ស៊ីឲ្យជួយបង្កើតរោងចក្រថាមពលនុយក្លេអ៊ែរពីរបន្ថែមទៀត ដោយរោងចក្រថាមពលនុយក្លេអ៊ែរដំបូងរបស់ប្រទេសតួរគីត្រូវបានសាងសង់ដោយក្រុមហ៊ុនថាមពលបរិមាណូជាតិរុស្ស៊ី ហើយត្រូវបានគេរំពឹងថានឹងដាក់ឲ្យដំណើរការនៅឆ្នាំ ២០២៣ ក្នុងខួប ១០០ ឆ្នាំនៃការបង្កើតប្រទេសទួរគី៕


Khcct banner

អត្ថបទទាក់ទង