Yearendyearend1140x150

គ្រឹះស្ថានឯកជនកំពុងត្រៀមលក្ខណៈបើកដំណើរការឡើងវិញនៅពេលខាងមុខនេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា។

ភ្នំពេញ៖ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានសម្រេចអនុញ្ញាតឲ្យក្រសួងអប់រំត្រៀមរៀបចំបើកដំណើរការឡើងវិញគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន ចាប់ផ្តើមពីសប្តាស៍ទី៣ ខណៈការសម្រេចនេះ គ្រឹះស្ថានឯកជនមួយចំនួនកំពុងត្រៀមលក្ខណៈគ្រប់គ្រាន់ក្នុងការបើកដំណើរការឡើងវិញនៅពេលខាងមុខនេះ។

ក្នុងកិច្ចសម្ភាសន៍ជាមួយស៊ីស៊ីថាមស៍ លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានថ្លែងថា លោកបណ្ឌិតគាំទ្រ និងស្វាគមន៍ចំពោះការបើកឡើងវិញគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន ដែលរាជរដ្ឋាភិបាលសម្រេចអនុញ្ញាតឲ្យបើកដំណើរការចាប់ផ្តើមពីសប្តាស៍ទី៣។ លោកបណ្ឌិតបន្តថា ដើម្បីត្រៀមបើកដំណើរការគ្រឹះស្ថានឧត្តមសិក្សានាពេលខាងមុខនេះ គ្រឹះស្ថានឯកជនមួយចំនួនកំពុងត្រៀមលក្ខណៈគ្រប់គ្រាន់ក្នុងការបើកដំណើរការឡើងវិញ។

បើតាមលោកបណ្ឌិត ហេង វ៉ាន់ដា បានបញ្ជាក់ថា អំឡុងពេលមិនទាន់បើកដំណើរការឡើងវិញ គ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនបានជួបប្រទះបញ្ហាដូចជា វិបត្តិប្រព័ន្ធគ្រប់គ្រង និង វិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ បាត់បង់ចំណូលដែលពិបាកក្នុងការទូរទាត់ទៅលើប្រាក់ខែគ្រូបង្រៀន បុគ្គលិកអប់រំ និងបំណុលធនាគារ ជាដើម។ ចាប់តាំងពីមានការផ្ទុះរីករាលដាលជំងឺកូវីដ-១៩ គ្រឹះស្ថានសិក្សាឯកជនប្រហែល៨០ភាគរយបានប្រឈមនឹងវិបត្តិហិរញ្ញវត្ថុ។

លោកបណ្ឌិតបានបន្ថែមថា នៅពេលបើកដំណើរការសាលាឡើងវិញ ខាងសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជានឹងជួយសម្រួល ដល់គ្រឹះស្ថានឧត្តមសិក្សាដូចជា ការជួយផ្តល់មតិ , ជួយចែករំលែកសេចក្តីសម្រេចចិត្តរបស់ក្រសួង និង ពាំនាំសំណូមពរពីសមាជិកជូនក្រសួងអប់រំ។ ទន្ទឹមនេះ គ្រឹះស្ថានឧត្តមសិក្សាឯកជនកំពុងដំណើរការរៀបចំតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ដោយអនុវត្តតាមវិធានការសុខាភិបាល ការរៀបចំកន្លែងត្រួតពិនិត្យកម្តៅ អនាម័យ និងការប្រតិបត្តិស្តង់ដារSOPរបស់ក្រសួងអប់រំ។

សូមជម្រាបថា តាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ ក្នុងករណីមានការផ្ទុះឡើង ឬការឆ្លងរាលដាលជំងឺកូវីដ-១៩ ចំពោះបុគ្គលណាមួយដែលធ្លាប់មាន ឬកំពុងមានវត្តមាននៅក្នុងបរិវេណនៃគ្រឹះស្ថាននីមួយៗ គណៈគ្រប់គ្រងគ្រឹះស្ថានឧត្តមសិក្សាត្រូវ ចាត់វិធានការឆ្លើយតបជាបន្ទាន់ ដូចជាការផ្អាកដំណើរការគ្រឹះស្ថានជាបណ្តោះអាសន្ន និងធ្វើចត្តាឡីស័ក ១៤ថ្ងៃចំពោះអ្នកពាក់ព័ន្ធ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង