Yearendyearend1140x150

កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន៥នាក់នៅតំបន់វេសប៊េង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ Daily Bangladesh

ជេរូសាឡឹម៖ កងទ័ពអ៊ីស្រាអែល បានធ្វើការវាយឆ្មក់និងចាប់ខ្លួនក្រុមសកម្មប្រយុទ្ធហាម៉ាសជាបន្តបន្ទាប់ដែលសង្ស័យនៅទូទាំងតំបន់វេសប៊ែងកាលពីព្រឹកថ្ងៃអាទិត្យ ហេតុការណ៍នេះបានបង្កឱ្យមានការប្រយុទ្ធគ្នាដោយកាំភ្លើង ហើយជនជាតិប៉ាឡេស្ទីន ៥ នាក់ត្រូវបានសម្លាប់ និងទាហានអ៊ីស្រាអែលពីរនាក់បានរងរបួសធ្ងន់។

នេះ គឺជាអំពើហឹង្សាដ៏សាហាវបំផុតរវាងកងកម្លាំងអ៊ីស្រាអែលនិងពួកសកម្មប្រយុទ្ធប៉ាឡេស្ទីននៅតំបន់វេសប៊ែងក្នុងរយៈពេលជាច្រើនសប្តាហ៍។ តំបន់នេះមានការកើនឡើងនូវការប្រយុទ្ធគ្នាក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ភាពតានតឹងនេះ បានបង្កឡើងដោយការសាងសង់ការតាំងទីលំនៅរបស់អ៊ីស្រាអែល សកម្មភាពរបស់ក្រុមសកម្មប្រយុទ្ធនៅភាគខាងជើងតំបន់វេសប៊ែង និងបន្ទាប់ពីសង្គ្រាមបង្ហូរឈាមរវាងអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធហាម៉ាសនៅហ្គាហ្សាស្ទ្រីបកាលពីខែឧសភា។

យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានតាមដានក្រុមសកម្មប្រយុទ្ធហាម៉ាសអស់រយៈពេលជាច្រើនសប្តាហ៍ ហើយការវាយឆ្មក់នេះត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងភ្លាមៗ។ យោធាអ៊ីស្រាអែលបានបញ្ជាក់ទៀតថា ខ្លួនបានបើកការវាយឆ្មក់ចំនួន ៥ ក្នុងពេលដំណាលគ្នា ហើយការវាយប្រហារនេះបានធ្វើជនសកម្មប្រយុទ្ធ ៥ នាក់ត្រូវបានសម្លាប់និងជាច្រើននាក់ទៀតត្រូវបានចាប់ខ្លួន។

ក្រសួងសុខាភិបាលប៉ាឡេស្ទីនបានឆ្លើយតបថា ជនជាតិប៉ាឡេស្ទីនពីរនាក់ត្រូវបានគេបាញ់សម្លាប់នៅជិតទីក្រុងជេនីនក្នុងតំបន់វេសប៊េង និង ៣ នាក់ផ្សេងទៀតត្រូវបានសម្លាប់នៅប៊ីដឌូភាគខាងជើងទីក្រុងជេរូសាឡឹម។

អាជ្ញាធរប៉ាឡេស្ទីនដែលគ្រប់គ្រងតំបន់ពាក់កណ្តាលស្វយ័តនៅវេសប៊ែងបានថ្កោលទោស ការសម្លាប់នេះ ហើយបាននិយាយថា រដ្ឋាភិបាលអ៊ីស្រាអែលទទួលខុសត្រូវទាំងស្រុងនិងដោយផ្ទាល់ចំពោះការបង្ហូរឈាមនៅព្រឹកថ្ងៃអាទិត្យនេះ និងឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយកងកម្លាំងកាន់កាប់។

ប៉ុន្មានខែថ្មីៗនេះ មានការកើនឡើងនៃអំពើហឹង្សានៅតំបន់វេសប៊ែងដោយមានជនជាតិប៉ាឡេស្ទីនពីរនាក់បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នាជាមួយកងទ័ពអ៊ីស្រាអែលនិងអំឡុងពេលតវ៉ា។ ការប៉ះទង្គិចគ្នាជាច្រើនបានកើតឡើងនៅជិតទីក្រុងបេអ៊ីតាជាភូមិរបស់ជនជាតិប៉ាឡេស្ទីននិងជាកន្លែងដែលប្រជាពលរដ្ឋធ្វើបាតុកម្មជាប្រចាំប្រឆាំងនឹងការតាំងទីលំនៅដោយគ្មានការអនុញ្ញាតនៅជិតទីក្រុងជេនីនដែលត្រូវបានគេស្គាល់ថាជាបន្ទាយរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស។

កាលពីខែមុនកងទ័ពអ៊ីស្រាអែល បានប៉ះទង្គិចជាមួយខ្មាន់កាំភ្លើងប៉ាឡេស្ទីនអំឡុងការវាយឆ្មក់មួយយប់នៅទីក្រុងជេនីនដោយសម្លាប់ជនជាតិប៉ាឡេស្ទីន ៤ នាក់។ ការប៉ះទង្គិចគ្នានៅថ្ងៃអាទិត្យបានកើតឡើងមួយសប្តាហ៍បន្ទាប់ពីអ៊ីស្រាអែលដណ្តើមបានមកវិញនូវជនភៀសខ្លួនប៉ាឡេស្ទីន ៦ នាក់ចុងក្រោយ ដែលបានរត់ចេញពីគុកអ៊ីស្រាអែលកាលពីដើមខែនេះ។ អ្នករត់គេចខ្លួន គឺមកពីទីក្រុងជេនីនហើយពីរនាក់ត្រូវបានចាប់ខ្លួននៅទីនោះ បន្ទាប់ពីការស្វែងរកយ៉ាងទូលំទូលាយ។

គួររំលឹកថា អ៊ីស្រាអែលបានកាន់កាប់តំបន់វេសប៊ែងក្នុងសង្គ្រាមមជ្ឈឹមបូព៌ាឆ្នាំ ១៩៦៧ ហើយបានបង្កើតការតាំងទីលំនៅរាប់សិបកន្លែង ដែលមានអ្នកតាំងទីលំនៅជិត ៥០០.០០០ នាក់រស់នៅទីនោះ។ ជនជាតិប៉ាឡេស្ទីនស្វែងរកតំបន់វេសប៊ែងជាផ្នែកមួយនៃរដ្ឋអនាគតរបស់ពួកគេ ហើយចាត់ទុកការតាំងទីលំនៅជាឧបសគ្គចម្បងក្នុងការដោះស្រាយជម្លោះនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង