Yearendyearend1140x150

អត្រាប្តូរប្រាក់ដុល្លារនៅទីផ្សារកម្ពុជារក្សានូវស្ថិរភាព តែចំនួនអ្នកមកទិញ-ប្តូរប្រាក់ធ្លាក់ចុះ

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖នៅក្នុងបរិបទកូវីដ-១៩អត្រាប្តូរប្រាក់ដុល្លារនៅលើទីផ្សារប្រទេសកម្ពុជា គឺរក្សានូវស្ថិរភាពដដែល ពោលគឺមិនមានការឡើងថ្លៃខ្លាំងដោយស្ថិតនៅក្នុងតម្លៃចន្លោះពី៤១២០រៀល ទៅ៤១៣០រៀលក្នុងមួយដុល្លារអាមេរិក។ប៉ុន្តែតម្រូវការប្តូរប្រាក់មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់។

ម្ចាស់អាជីវកម្មប្តូរប្រាក់លីហួរ លោកស្រី ស៊ាង លីម បានឱ្យដឹងថា អត្រាប្តូរប្រាក់នៅលើទីផ្សារបច្ចុប្បន្ននេះ គឺមិនមានការឡើងថ្លៃពេក និងធ្លាក់ចុះពេកដែរ ជារួមអត្រាប្តូរប្រាក់នៅលើទីផ្សារនៅតែរក្សាបាននូវស្ថិរភាពដដែល ហើយស្ថិតក្នុងតម្លៃមួយដែលប្រជាពលរដ្ឋអាចទទួលយកបាន។

លោកស្រី ស៊ាង លីម បន្តថា កាលពីមុន ស្ថានភាពប្តូរប្រាក់ធ្លាប់តែមានភ្ញៀវច្រើន ហើយដំណើរការបាន១០០ភាគរយ ប៉ុន្តែមកទល់ពេលនេះ ស្ថានភាពប្តូរប្រាក់មានភាពស្ងប់ស្ងាត់ ហើយភ្ញៀវដែលមកទិញ-ប្តូរប្រាក់មានត្រឹមតែ២០ភាគរយ ទៅ៣០ភាគរយតែប៉ុណ្ណោះ ហើយភ្ញៀវ៧០ភាគរយទៀតត្រូវបានបាត់បង់។

ម្ចាស់អាជីវកម្មប្តូរប្រាក់រូបនេះ បានថ្លែងទៀតថា បើទោះបីជា ចរន្ដនៃការប្ដូរប្រាក់ក្នុងស្រុកមានការថយចុះក៏ពិតមែន ប៉ុន្ដែចំពោះស្ថិរភាពអត្រាប្ដូរប្រាក់ គឺមិនមានការប្រែប្រួលគួរឲ្យកត់សម្គាល់នោះទេ ហើយប្រជាពលរដ្ឋក៏មិនមានការត្អូញត្អែរពីបញ្ហានេះផងដែរ។

ក្រៅពីនេះមានអាជីវករប្តូរប្រាក់មួយចំនួននៅតាមផ្សារនានានៃរាជធានីភ្នំពេញ បានប្រាប់ស៊ីស៊ីថាមស៍ដោយសុំមិនបញ្ចេញឈ្មោះថា តម្រូវការនៃការប្តូរប្រាក់បានធ្លាក់ចុះជាបន្តបន្ទាប់ គឺមិនសូវមានតម្រូវការដូចមុនទេ ជារួមតម្រូវការទីផ្សារប្តូរប្រាក់នេះ បានការធ្លាក់ចុះយ៉ាងលឿននៅក្នុងអំឡុងនៃវិបត្តិកូវីដ-១៩។

អាជីវករបន្ថែមថា ភ្ញៀវដែលមកប្តូរប្រាក់ភាគច្រើនបានប្តូរប្រាក់ចន្លោះពី៥០ដុល្លារទៅ១០០ដុល្លារតែប៉ុណ្ណោះ ហើយភ្ញៀវប្តូរប្រាក់ក្នុងទំហំនេះ គឺដើម្បីយកទៅផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃតែប៉ុណ្ណោះ ដូចជា ទិញម្ហូប ទិញសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ និងសម្លៀកបំពាក់តិចតួចតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា នៅរយៈពេលចុងក្រោយនេះ បានដាក់ឱ្យដេញថ្លៃប្រាក់ដុល្លារអាមេរិក។ លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានថ្លែងប្រាប់ស៊ីស៊ីថាមសន៍ ថាការដាក់ដេញថ្លៃប្រាក់ដុល្លារមានគោលបំណងពង្រឹងស្ថិរភាពអត្រាប្តូរប្រាក់ ដើម្បីចៀសវាងការប្រែប្រួលខ្លាំងនៃអត្រាប្តូរប្រាក់នៅប្រទេសកម្ពុជា។

លោកជំទាវ ជា សិរី បានសង្កេតឃើញថា ក្នុងបរិបទនៃសេដ្ឋកិច្ចកម្ពុជា ដែលមានទំនាក់ទំនងវិស័យសេដ្ឋកិច្ចខ្លាំងជាមួយពិភពលោក ការចាប់ផ្តើមរីករាលដាលនៃជម្ងឺកូវីដ១៩ក្នុងឆ្នាំ២០២០ បានជះឥទ្ធិពលអវិជ្ជមាន ដល់សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ក៏ដូចជាអត្រាប្តូរប្រាក់ ដែលកន្លងមកធនាគារជាតិនៃកម្ពុជាបានតាមដាន និងអនុវត្តឧបករណ៍នយោបាយរូបិយវត្ថុជាប្រចាំ ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់ និងគាំទ្រដល់ការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ច៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង