Yearendyearend1140x150

ក្រសួងធម្មការ៖ក្នុងពិធីកាន់បិណ្ឌ៣ថ្ងៃមានវត្តចំនួន២ប៉ុណ្ណោះផ្ទុះកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក សេង សុមុនី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការនិងសាសនា

ភ្នំពេញ៖ ពិធីកាន់​បិណ្ឌ និងភ្ជុំបិណ្ឌ​​ ត្រូវបាន​រដ្ឋាភិបាល​សម្រេច​ឲ្យផ្អាក​ចាប់ពី​បិណ្ឌទី៤​នៅថ្ងៃសៅរ៍​ទី២៥កញ្ញា​ស្អែកនេះត​ទៅរហូត​ដល់ពិធីភ្ជុំបិណ្ឌ​។ការសម្រេចនេះបន្ទាប់ពី​មានការរកឃើញ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ១៩​ជាបន្ត​បន្ទាប់​ ហើយសម្រាប់​រាជធានី​ភ្នំពេញ។លោកសេង សុមុនី រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងធម្មការនិងសាសនា បានថ្លែងក្នុងក្នុងពិធីកាន់បិណ្ឌ៣ថ្ងៃមកនេះមានវត្តចំនួន២ប៉ុណ្ណោះដែលផ្ទុះកូវីដ។

លោក សេង សុមុនី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការនិងសាសនា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា នៅរយៈពេលពិធីបុណ្យកាន់បិណ្ឌចំនួន៣ថ្ងៃមកនេះ ការឆ្លងរាលដាលជំងឺកូវីដ១៩តាមទីវត្តអារាមនៅទូទាំងប្រទេសកម្ពុជាមានតែចំនួន២វត្តតែប៉ុណ្ណោះ។

បើតាមលោក សេង សុមុនី វត្តចំនួន២នោះ ស្ថិតនៅក្នុងរាជធានីភ្នំពេញមានតួយ៉ាង​ដូចជា​វត្តនាគវ័ន្ត​ នៅសង្កាត់បឹងកក់២ ខណ្ឌទួល​គោក និង ​វត្ត​មុនីសុវណ្ណ ហៅ​វត្ត​ចំពុះក្អែក ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។វត្តទាំង២នេះ ត្រូវបានអាជ្ញាធរសម្រេចបិទខ្ទប់រយៈពេល ១៤ ថ្ងៃ ក្រោយ​រកឃើញ​មាន​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩។

លោក សេង សុមុនី ថ្លែងថា "របាយការណ៍ពីមន្ទីរធម្មការ និងសាសនា រាយការណ៍មកកាន់ក្រសួងធម្មការនិងសាសនា គឺមិនមានវត្តអារាមនៅតាមខេត្តឆ្លងរីករាលដាលកូវីដ-១៩នោះទេ មានតែវត្ត២ប៉ុណ្ណោះនៅភ្នំពេញ។"

គួរបញ្ជាក់ថា ការឆ្លងរាលដាលជំងឺកូវីដ១៩តាមទីវត្តអារាម បានចាប់ផ្តើមកើតមានតាំងពីថ្ងៃកាន់បិណ្ឌទី១ នៅឯវត្តនាគវ័ន្តក្នុងរាជធានីភ្នំពេញ ហើយជាបន្តបន្ទាប់កាលពីថ្ងៃ២៣កញ្ញា អាជ្ញាធរបានរកករណីឆ្លងនៅឯវត្តចំពុះក្អែក ខណ្ឌច្បារអំពៅ ដែលមានករណីឆ្លងសរុបចុងក្រោយចំនួន៤៩នាក់ ក្នុងនោះពលរដ្ឋចំនួន៣នាក់ និងព្រះសង្ឃ៤៦អង្គ។

ដើម្បីបញ្ចៀសការឆ្លងរាលដាលជាបន្តនៃជំងឺកូវីដ១៩ទ្រង់ទ្រាយធំ រាជរដ្ឋាភិបាលកម្ពុជា បានបង្ខំចិត្តផ្អាកពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌចាប់ពីបិណ្ឌទី៤តទៅ និង បានណែនាំឲ្យអាជ្ញាធរតាមមូលដ្ឋានរៀបចំសម្រួលការប្រគេនចង្ហាន់ និងទេយ្យវត្ថុនានាដល់ព្រះសង្ឃនៅតាមទីវត្តអារាមទូទាំងប្រទេសផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង