Cct850x100 1
1800px x h300px kh

ក្រសួងទេសចរណ៍៖មគ្គុទ្ទេសក៍ទេសចរណ៍ដែលមិនចាក់វ៉ាក់សាំងមិនអាចផ្តល់សេវាកម្មទេសចរណ៍ឡើយ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ (រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ ក្រសួងទេសចរណ៍បានក្រើនរំលឹកដល់មគ្គុទ្ទេសក៍ទេសចរណ៍រួសរាន់ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីត្រៀមខ្លួនទទួល និងផ្តល់សេវាកម្មទេសចរណ៍ជូនភ្ញៀវទេសចរ។ ការក្រើនរំលឹកនេះ ធ្វើឡើងបន្ទាប់ពីមានការបញ្ជាពីសម្តេច ហ៊ុន សែន ឱ្យមគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ត្រូវចាក់វ៉ាក់ដើម្បីត្រៀមបើកទទួលភ្ញៀវទេសចរដែលចាក់វ៉ាក់សាំងរួចនាពេលខាងមុខនេះ។

ដើម្បីបង្កើតទំនុកចិត្តដល់ទេសចរផ្ទៃក្នុង និងត្រៀមទទួលទេសចរអន្តរជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នាពេលខាងមុខនេះ ក្រសួងទេសចរណ៍បានជូនដំណឹងដល់គ្គុទ្ទេសក៍ទេសចរណ៍គ្រប់កម្រិតថា ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១តទៅ ការស្នើសុំអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍គ្រប់កម្រិតទាំងថ្មី និងបន្តត្រូវភ្ជាប់កាតចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជាឯកសារថតចម្លង បន្ថែមលើលក្ខខណ្ឌដែលបានកំណត់ក្នុងប្រកាសស្តីពីការផ្តល់អាជ្ញាបណ្ណទេសចរណ៍ដល់មគ្គុទ្ទេសក៍ទេសចរណ៍។

ក្រសួងបន្ថែមថា មគ្គុទ្ទេសក៍ទេសចរណ៍គ្រប់កម្រិតតម្រូវឱ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ដូស តាមការកំណត់របស់ក្រសួងសុខាភិបាល។ ការខកខានមិនបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយប្រការណាមួយដែលគ្មានហេតុផលសុខាភិបាលច្បាស់លាស់ ជាកម្មវត្ថុនៃការមិនអនុញ្ញាតឱ្យផ្តល់សេវាកម្មមគ្គុទ្ទេសក៍ទេសចរណ៍ដល់ទេសចរទ្បើយ។

ទន្ទឹមនឹងនេះ មគ្គុទ្ទេសក៍ទេសចរណ៍ដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយហេតុផលសុខាភិបាលណាមួយ ត្រូវមានការបញ្ជាក់ពីអាជ្ញាធរសុខាភិបាលក្នុងភូមិសាស្រ្តរបស់ខ្លួន។ នេះបើតាមការជូនដំណឹងរបស់ក្រសួងទេសចរណ៍។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកំពុងគិតគូរបើកដំណើរការឡើងវិញនូវអាជីវកម្មមួយចំនួនទាំងផ្នែកសេវាកម្មក្នុងផ្នែកទេសចរណ៍ផងដែរ។ការរៀបចំនេះធ្វើឡើងដើម្បីត្រៀមបើកទទួលអ្នកទេសចរដែលចាក់វ៉ាក់សាំងកូវីដ-១៩រួច ហើយទេសចរដែលចូលមកកម្ពុជាអាចនឹងតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល៧ថ្ងៃ ហើយភ្ញៀវទេសចរនោះអាចមានសិទ្ធិដើរកំសាន្តក្នុងទីក្រុងដែលខ្លួនបានចុះចតផងដែរ។

នៅក្នុងឆ្នាំ២០២១នេះ ស្ថានការណ៍នៃវិស័យទេសចរណ៍នៅតែមិនទាន់ល្អប្រសើរ រយៈពេល៧ខែក្នុងឆ្នាំ២០២១ កម្ពុជាទទួលបាទេសចរណ៍ផ្ទៃក្នុងសរុបចំនួន ២.៣០០.៨៥១ នាក់ ដែលក្នុងនោះភ្ញៀវជាតិមានចំនួនប្រមាណជា ២.១៤៦៩៥៩ នាក់ ថយចុះ ៣៨%ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ខណៈទេសចរបរទេសផ្ទៃក្នុងមានចំនួនសរុបប្រមាណជា ១៥៣៩៩២ នាក់ថយចុះ៩០% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។ភ្ញៀវទេសចរបរទេសដែលមកកម្សាន្តនៅកម្ពុជាច្រើនជាងគេ គឺទេសចរជនជាតិថៃ តាមពីក្រោយដោយភ្ញៀវទេសចរជនជាតិចិន និងជនជាតិវៀតណាម ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង តៃវ៉ាន់ អាមេរិក បារាំង និងជប៉ុនជាដើម៕

Khcct banner

អត្ថបទទាក់ទង