Cctime ezgif.com resize
Img 0571

និស្សិតកម្ពុជា១៨០០នាក់រង់ចាំដំណឹងទៅរៀននៅចិន ខណៈរដ្ឋាភិបាលកំពុងសម្រួលជាមួយស្ថានទូត

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ ACSC

ភ្នំពេញ៖ និស្សិតកម្ពុជាចំនួន១៨០០នាក់ បច្ចុប្បន្នកំពុងរង់ចាំដំណឹងវិលត្រលប់ទៅសិក្សានៅប្រទេសចិន ខណៈរដ្ឋាភិបាលកម្ពុជាកំពុងពិភាក្សាជាមួយស្ថានទូតចិន ដើម្បីសម្របសម្រួលនិស្សិតកម្ពុជាឲ្យបានវិលត្រលប់ទៅសិក្សានៅប្រទេសចិនវិញ។

លោក អ៊ុំ វុទ្ធទី ប្រធានកិត្តិយសសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា បច្ចុប្បន្ននេះមាននិស្សិតកម្ពុជាចំនួន១៨០០នាក់មិនទាន់បានត្រលប់ទៅចិនវិញទេ ដោយក្នុងនោះក៏មាននិស្សិតកម្ពុជា ១៤៤នាក់ដែលជានិស្សិតទើបតែជាប់អាហារូបករណ៍តាមរយៈក្រសួងអប់រំ និងស្ថានទូតចិនផងដែរ។ ក្នុងចំណោមនិស្សិតទាំងនោះ មានមួយចំនួនធំបានត្រលប់មកពីប្រទេសចិនមុនការផ្ទុះនូវជំងឺកូវីដនៅចិន ក្នុងអំឡុងពេលខែមករា ឆ្នាំ២០២០ ដោយសារខែអំឡុងពេលនោះគឺជាចំពេលសាលាវិស្សមកាលតូច។

បើតាមលោក អ៊ុំ វុទ្ធទី ក្នុងអំឡុងពេលសិក្សាអនឡាញនិស្សិតកម្ពុជាបានជួបបញ្ហាប្រឈមមួយចំនួនដូចជាការប្រើប្រាស់ភាសាដោយសារភាគច្រើននិស្សិតកម្ពុជាសិក្សាជំនាញនានាជាភាសាចិន,ពេលវេលាសិក្សា និស្សិតកម្ពុជាមួយចំនួនបានធ្វើការងារពេញម៉ោង និងក្រៅម៉ោង ដោយសារការសិក្សាអំឡុងពេលអនឡាញ និស្សិតមិនទទួលបានប្រាក់អាហារូបករណ៍ ដូច្នេះនិស្សិតខ្លះក៏បានសម្រេចចិត្តរៀនបណ្តើរ និងធ្វើការបណ្តើរ ដែលអាចប៉ះពាល់ដល់ម៉ោងរៀន,និស្សិតនៅតាមបណ្តាខេត្តបានជួបបញ្ហាអ៊ីនធើណេតខ្សោយ និងបញ្ហាបច្ចេកទេសនៅពេលរៀនអនឡាញ និងនិស្សិតកម្ពុជាពិបាករៀន និងពិបាកតាមទាន់ក្នុងការរៀនអនឡាញចំពោះនិស្សិតជំនាញដូចជាវិស្វករ សេដ្ឋកិច្ច ច្បាប់ និងជំនាញផ្សេងទៀត។

លោក អ៊ុំ វុទ្ធទី ថ្លែងថា “និស្សិតមួយចំនួនទៀត បានទាមទារមកកម្ពុជាក្នុងអំឡុងកូវីដខ្លាំង ពេលនោះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើសុំដល់និស្សិតកម្ពុជាឲ្យរួមរស់ជានិស្សិតចិន។ បន្ទាប់មកទៀត ក្រោយពីស្ថានភាពប្រទេសចិនបានធូរស្បើយពីកូវីដ និស្សិតកម្ពុជាមួយចំនួនបានវិលត្រឡប់មកកម្ពុជាជាបន្តបន្ទាប់ក្នុងអំឡុងខែ៤-៥ ឆ្នាំ២០២០។”

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៧ កញ្ញានេះ បានណែនាំឱ្យរដ្ឋមន្ត្រីក្រសួងអប់រំធ្វើការពិភាក្សាជាមួយភាគីចិន ដើម្បីសម្របសម្រួលនិស្សិតកម្ពុជាឲ្យបានវិលត្រលប់ទៅសិក្សានៅប្រទេសចិនវិញ។ សម្តេចអះអាងថា រាជរដ្ឋាភិបាលមិនបោះបង់និស្សិតកម្ពុជានោះទេ ហើយនឹងបន្តជួយសម្របសម្រួលជួយដល់និស្សិតកម្ពុជាមិនទាន់បានវិលត្រលប់ទៅសិក្សានៅប្រទេសចិន និងការប្រឈមនឹងបញ្ហានានាដែលនិស្សិតជួបប្រទះកន្លងមក។

ជាមួយគ្នានេះ សមាគមនិស្សិតកម្ពុជាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ និងគិតគូរពីអនាគតរបស់បងប្អូននិស្សិតកម្ពុជាសិក្សានៅប្រទេសចិនបង្កើនការជំរុញបានត្រលប់ទៅសិក្សានៅប្រទេសចិន។

គួរបញ្ជាក់ថា ដោយសារតែមានការរឹតបន្តឹងពីអាជ្ញាធរចិនពាក់ព័ន្ធនឹងបញ្ហាកូវីដ ជើងហោះហើរមួយចំនួនធំត្រូវបានផ្អាកជាបណ្តោះអាសន្ន ជាពិសេសសំបុត្រយន្តហោះឡើងថ្លៃហួសពីធម្មតា ដូច្នេះធ្វើឲ្យមានផលលំបាកទាំងនិស្សិតកម្ពុជា និងជនជាតិចិនខ្លួនឯងពេលចង់វិលត្រលប់ទៅប្រទេសចិន។ ម្យ៉ាងទៀតអាជ្ញាធរចិនក៏បានរឹតបន្តឹងក្នុងប្រទេសចិន ដោយមិនអនុញ្ញាតឲ្យនិស្សិតមានការធ្វើដំណើរពីតំបន់មួយទៅតំបន់មួយទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង