Cct850x100 1

គ្រូនិងបុគ្គលិកអប់រំ២៤នាក់នៅភ្នំពេញវិជ្ជមានកូវីដ ខណៈបើកសាលាចាប់ផ្តើមស្អែកនេះ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ការយកសំណាកដល់លោកគ្រូអ្នកគ្រូសាលាវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន វត្តភ្នំ នៅថ្ងៃទី ១៤ សីហា ឆ្នាំ២០២១។

ភ្នំពេញ៖ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នឹងអនុញ្ញាតឱ្យដំណើរការឡើងវិញ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ទេរតទៅ និង ក្រោយពេលដែលគ្រឹះស្ថានសិក្សានីមួយៗបានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ស្របតាមគោល ការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។មុនបើកសាលាមួយថ្ងៃ អាជ្ញាធររាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន រកឃើញគ្រូ និងបុគ្គលិកអប់រំ ចំនួន ២៤នាក់នៅរាជធានីភ្នំពេញ វិជ្ជមានកូវីដ-១៩។

អាជ្ញាធររាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានដោយបានបញ្ជាក់ថា មុនពេលបើកដំណើរការសាលារៀនទីមួយៗឡើងវិញ ក្រសួងសុខាភិបាលបានធ្វើតេស្តលោកគ្រូ-អ្នកគ្រូ និងបុគ្គលិកអប់រំចំនួន ១០.៤៤៣ នាក់ ក្នុងនោះ លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកអប់រំចំនួន ១០.៤១៩ នាក់ ស្មើនឹង ៩៩,៧៧% ទទូលបានលទ្ធផលតេស្តអវិជ្ជមានជំងឺកូវីដ-១៩ និង លោកគ្រូ-អ្នកគ្រូ និង បុគ្គលិកអប់រំចំនួនត្រឹមតែ ២៤ នាក់ ស្មើនឹង ០,២៣% ប៉ុណ្ណោះ ទទួលបានលទ្ធផលតេស្តវិជ្ជមានជំងឺកូវីដ-១៩ ។

បើតាមអាជ្ញាធររាជធានីភ្នំពេញ ក្នុងចំណោមលោកគ្រូ-អ្នកគ្រូ និងបុគ្គលិកអប់រំ ដែលបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ គឺមានស្ថានភាពសុខភាពធម្មតា និង មិនមានរោគសញ្ញាធ្ងន់ធ្ងរឡើយ ដោយសារពួកគាត់បានទទួលវ៉ាក់សាំងចំនួន ២ ដូស និងខ្លះទៀតបានទទួលវ៉ាក់សាំងដូសទី៣ ដូសជំរុញ រួចហើយ។មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញបានសហការជាមួយមន្ទីរសុខាភិបាលនៃ រដ្ឋបាលរាជធានីភ្នំពេញ បញ្ជូនពួកគាត់ទៅទទួលការព្យាបាលពីក្រុមគ្រូពេទ្យជំនាញរួចរាល់ផងដែរ។

គួរបញ្ជាក់ថា គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នឹងបើកដំណើរការឱ្យសិស្សចូលរៀនវិញ ចាប់ពីថ្ងៃ១៥ ខែកញ្ញានេះ។ក្នុងពេលចាប់ផ្តើមដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ លោកគ្រូអ្នកគ្រូ បុគ្គលិកអប់រំ និងសិស្សានុសិស្សទាំងអស់ ត្រូវបង្ហាញប័ណ្ណចាក់វ៉ាក់សាំងការពារជំងឺកូវី៥-១៩ មុនពេលចូល ក្នុងគ្រឹះស្ថានសិក្សា។ 

ចំពោះលោកគ្រូ-អ្នកគ្រូ និងបុគ្គលិកអប់រំ ដែលមានអាយុលើសពី ៥០ ឆ្នាំឡើង ឬ មិនបាន ចាក់វ៉ាក់សាំងការពារជំងឺកូវី៥-១៩ ដោយសារបញ្ហាសុខភាព ក៏ដូចជាសិស្សានុសិស្សដែលមានជំងឺប្រចាំកាយ មិនអាចចាក់វ៉ាក់សាំងបាន ត្រូវបន្តការបង្រៀន និងការរៀនតាមប្រព័ន្ធអនឡាញ៕

Khcct banner

អត្ថបទទាក់ទង