Cct850x100 1
1800px x h300px kh

រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលស្នើផែនការកសាងឡើងវិញនូវតំបន់ហ្គាហ្សា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ New in 24 English

អ៊ីស្រាអែល៖ រដ្ឋមន្រ្តីការបរទេសអ៊ីស្រាអែលលោក យែរ ឡាភីដ (Yair Lapid) បានស្នើផែនការ ដើម្បីស្តារឡើងវិញនូវតំបន់ហ្គាហ្សាស្ទ្រីបនៅថ្ងៃទី ១២ ដែលនឹងត្រូវបញ្ជូនទៅគណៈរដ្ឋមន្ត្រីអ៊ីស្រាអែលដើម្បីពិភាក្សា។

លោក Yair Lapid រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល បាននិយាយនៅក្នុងសន្និសីទមួយនៅថ្ងៃទី ១២ ថា ចាប់តាំងពីអ៊ីស្រាអែល ដកខ្លួនចេញពីតំបន់ហ្គាហ្សាស្ទ្រីបក្នុងឆ្នាំ ២០០៥ គោលនយោបាយរបស់ខ្លួនសម្រាប់តំបន់នេះ គឺការរឹតត្បិតការធ្វើដំណើររបស់មនុស្សនិងទំនិញ។ វិធីសាស្រ្តនេះ មិនបានរារាំងក្រុមប្រដាប់អាវុធនៅហ្គាហ្សាស្ទ្រីបមិនឱ្យមានការវាយប្រហារលើអ៊ីស្រាអែលទេ ហើយហ្កាហ្សាស្ទ្រីបគួរតែត្រូវបានអនុវត្តជាមួយនឹងគោលនយោបាយ “សេដ្ឋកិច្ចដើម្បីសន្តិសុខ” ដែលនឹងនាំមកនូវស្ថិរភាពដល់ព្រំដែនរវាងអ៊ីស្រាអែលនិងហ្គាហ្សាស្ទ្រីប។

ផែនការរបស់លោកYair Lapid ក្នុងការស្តារឡើងវិញនូវតំបន់ហ្គាហ្សាស្ទ្រីបត្រូវបានបែងចែកជាពីរដំណាក់កាល ដោយដំណាក់កាលទីមួយ គឺការស្តារឡើងវិញនូវប្រព័ន្ធអគ្គិសនី ប្រព័ន្ធវេជ្ជសាស្ត្រ និងមធ្យោបាយដឹកជញ្ជូននៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។ នៅដំណាក់កាលនេះអាជ្ញាធរជាតិប៉ាឡេស្ទីន នឹងស្តារការគ្រប់គ្រងកំពង់ផែនៅហ្កាហ្សាស្ទ្រីប។ ដំណាក់កាលទីពីរ នឹងអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំនៅហ្កាហ្សាស្ទ្រីបរួមទាំង ការបង្កើតតំបន់ឧស្សាហកម្មភ្ជាប់តំបន់ហ្គាហ្សាស្ទ្រីបជាមួយធនាគារខាងលិច និងលើកទឹកចិត្តការវិនិយោគបរទេស។

លោក Yair Lapid បានបញ្ជាក់ថា នេះមិនមានន័យថា អ៊ីស្រាអែលនឹងចរចាជាមួយចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន (ហាម៉ាស) ដែលគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីបទេ អ៊ីស្រាអែលជឿជាក់ថា អ្នកតំណាងជនជាតិប៉ាឡេស្ទីនគឺជាអាជ្ញាធរជាតិប៉ាឡេស្ទីនមិនមែនហាម៉ាសទេ។ លោកថា ផែនការនេះនឹងត្រូវបញ្ចប់ដោយមានការចូលរួមពីអាជ្ញាធរជាតិប៉ាឡេស្ទីន អេហ្ស៊ីប និងប្រទេសក្នុងតំបន់ផ្សេងទៀត។

នៅឆ្នាំ ២០០៥ អ៊ីស្រាអែល បានដកថយពីហ្គាហ្សាស្ទ្រីប ហើយបានបញ្ចប់ការកាន់កាប់តំបន់ហ្គាហ្សាស្ទ្រីបរយៈពេល ៣៨ ឆ្នាំ។ នៅឆ្នាំ ២០០៧ ក្រុមហាម៉ាស់បានដណ្តើមការត្រួតត្រាជាក់ស្តែងលើតំបន់ហ្គាហ្សាស្ទ្រីប ហើយអ៊ីស្រាអែលបានចាប់ផ្តើមអនុវត្តការបិទផ្លូវទាំងស្រុង ដោយគ្រប់គ្រងយ៉ាងតឹងរ៉ឹងក្នុងការចេញចូលទាំងបុគ្គលិកនិងទំនិញ៕

Khcct banner

អត្ថបទទាក់ទង