Cct850x100 1

គ្រឹះស្ថានសិក្សាទូទាំងរាជធានីភ្នំពេញជាង២០០នឹងបើកទ្វារឡើងវិញនៅថ្ងៃទី១៥ ខែកញ្ញានេះ

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ គ្រឹះស្ថានសិក្សាទូទាំងរាជធានីភ្នំពេញចំនួនជាង ២០០ ចាប់ពីកំរិតអនុវិទ្យាល័យ ដល់វិទ្យាល័យ (ថ្នាក់ទី៧ ដល់ទី១២) នឹងបើកទ្វាឡើងវិញចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២១ខាងមុខនេះ។ការអនុញ្ញាតនេះ តាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និង ការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។

ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅភូមិសាស្ត្រដែលមានហានិភ័យទាប រដ្ឋបាលរាជធានីភ្នំពេញ សម្រេចអនុញ្ញាតឱ្យដំណើរការឡើងវិញសម្រាប់កម្រិតអនុវិទ្យាល័យ និង វិទ្យាល័យទាំងអស់ ចាប់ពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២១នេះតទៅ។ការសម្រេចនេះ ក្រោយពេលដែលគ្រឹះស្ថានសិក្សានីមួយៗបានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ស្រប តាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និង ការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។

ចំពោះគ្រឹះស្ថានសិក្សាកម្រិតមត្តេយ្យសិក្សា និងបឋមសិក្សា ណែនាំឱ្យគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាឯកជននីមួយៗត្រូវស្នើសុំគោលការណ៍មករដ្ឋបាលរាជធានីភ្នំពេញ ឬមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ត្រូវស្នើសុំមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់ក្រុមការងារចុះត្រួតពិនិត្យ និង វាយតម្លៃអំពីកម្រិតហានិភ័យទៅតាមស្ថានភាព ជាក់ស្ដែងមុននឹងសម្រេច។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា គ្រឹះស្ថានសិក្សាទូទាំងរាជធានីភ្នំពេញចំនួនជាង ២០០ ចាប់ពីកំរិតអនុវិទ្យាល័យ ដល់វិទ្យាល័យ (ថ្នាក់ទី៧ ដល់ទី១២) នឹងបើកទ្វាឡើងវិញចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២១ខាងមុខនេះ។ក្នុងនោះនឹងទទួលសិស្សានុសិស្សជាង ១៣ម៉ឺននាក់ ចូលរៀន។លោកថា រដ្ឋបាលរាជធានីភ្នំពេញក៏បានឱ្យដឹងថា មានកិច្ចការជាច្រើនទៀតដែលមន្ត្រីអាជ្ញាធរ និងមន្ត្រីអប់រំត្រូវគិតគូរឱ្យបានម៉ត់ចត់ ក្នុងការអនុញ្ញាតឱ្យបើកទ្វារសាលារៀនទទួលសិស្សឡើងវិញនេះ។

គួរបញ្ជាក់ថា នៅរាជធានីភ្នំពេញ មានគ្រឹះស្ថានអប់រំរបស់រដ្ឋមានចំនួនជាង២០០គ្រឹះស្ថាន ខណៈគ្រឹះស្ថានអប់រំឯកជន មានចំនួនជិត៥០០គ្រឹះស្ថាន៕ 


Khcct banner

អត្ថបទទាក់ទង