Yearendyearend1140x150

ពលរដ្ឋនៅតំបន់ការពារធម្មជាតិ«តាំងយូ»ពីអ្នកកាប់ឈើក្លាយជាអ្នកនាំភ្ញៀវទេសចរ

បទយកការណ៍
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
លោកឡាត់ សុធ អ្នកនាំភ្ញៀវទេសចរនៅតំបន់ភ្នំត្បែង។  


ព្រះវិហារ៖ប្រជាពលរដ្ឋដែលអាស្រ័យផលនៅតំបន់ការពារធម្មជាតិភ្នំត្បែង ខេត្តព្រះវិហារ ប្ដូរមុខរបរពីអ្នកកាប់ឈើ និងបរបាញ់សត្វ មកជាអ្នកនាំផ្លូវ និងនាំភ្ញៀវដើរកម្សាន្ត។

គ្រប់ដណ្ដប់លើផ្ទៃដីប្រមាណ ១,៤៤៧ ហិកតា សហគមន៍ការ ពារធម្មជាតិ«តាំងយូ»ស្ថិតក្នុងខេត្តព្រះវិហារ មានព្រៃឈើ៨០%ដែលកំពុងការពារ។ ក្រៅតែពីព្រៃឈើ តំបន់ការពារធម្មជាតិនេះ ក៏សម្បូរទៅដោយសត្វព្រៃដូចជា ខ្លាឃ្មុំ និងក្ដាន់ ដែលជាតំបន់សកត្តានុពលសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លោក ចាន់ វណ្ណនូ ជាប្រធានសហគមន៍នៃតំបន់ការពារធម្មជាតិតាំងយូ។លោកថា នៅតំបន់ការពារធម្មជាតិនេះ ពីមុនប្រជាពលរដ្ឋកាប់ឈើ និងបរបាញ់សត្វដើម្បីប្រកបរបរចិញ្ចឹមជីវិត។លោកបន្តថា ព្រៃឈើត្រូវបានកាប់បំផ្លាញ ដោយសារប្រជាជន និងសម្លាប់សត្វ ប៉ុន្តែដោយសារកម្មវិធីរបស់ទីភ្នាក់ងារ USAID អ្នករាល់គ្នាបានចូលរួមការពារព្រៃឈើ បន្ទាប់ពីយល់ដឹងអំពីសារៈសំខាន់ និងបង្កើនការល្បាត ដើម្បីការពារព្រៃឈើដែលនៅសេដសល់។

លោក ឡាត់ សុធ លោកជាពលរដ្ឋមួយរូបដែលរស់នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ «តាំងយូ» ។កាលដើមឡើយលោកធ្លាប់ដើរកាប់ឈើ ដើម្បីចិញ្ចឹមគ្រួសារ តែក្រោយមកលោកប្តូរផ្នត់គំនិតក្រោយពីទទួលបានការអប់រំពីគម្រោង USAID ហើយបានប្រែក្លាយពីអ្នកកាប់ឈើទៅជាភ្នាក់ងារទេសចរណ៍។ ដោយឡែក សមាជិកសហគមន៍ក្នុងតំបន់ក៏ទទួលកំរ៉ៃខ្លះពីការដើរល្បាតព្រៃឈើផងដែរ ។

ចំណែកកញ្ញា ស្រីល័ក្ខ ជាសមាជិកមួយរូបនៃសហគមន៍ការពារធម្មជាតិតាំងយូ បានឱ្យដឹងថា តំបន់នេះក្លាយជាកន្លែងពេញនិយមសម្រាប់អ្នកទេសចរជាតិ និងអ្នកទេសចរអន្តរជាតិជាច្រើន។ ហើយតំបន់ធម្មជាតិនេះបាន ហុចផល និងផ្ដល់ការងារដល់ប្រជាជនក្នុងសហគមន៍ជួយសម្រាលជីវភាពមួយកម្រិតទៀតផង។

គួរបញ្ជាក់ថា ការផ្លាស់ប្ដូរផ្នត់គំនិតរបស់ប្រជាជននៅទីនេះ ដោយសារតែទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) នៅកម្ពុជាបានចូលរួមចំណែកក្នុងការជួយសង្គ្រោះព្រៃឈើនៅស្រុកត្បែងមានជ័យខេត្តព្រះវិហារ តាមរយៈការផ្តល់នូវជំនួយមួយចំនួនដូចជា ជំនួយហិរញ្ញវត្ថុនិងការអប់រំសហគមន៍មូលដ្ឋានអំពីសារៈសំខាន់នៃព្រៃឈើ៕



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង