Cct850x100 1
1800px x h300px kh

មេដឹកនាំរដ្ឋប្រហារហ្គីណេកំពុងសម្របសម្រួលការប្រគល់អំណាចដើម្បីបង្កើតរដ្ឋាភិបាលថ្មី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ សារព័ត៌មានស៊ីនហួរ

ហ្គីណេ៖ ទីប្រឹក្សារបស់ប្រធានាធិបតីហ្គីណេ ដែលត្រូវបានទម្លាក់ពីតំណែងកាលពីថ្ងៃច័ន្ទ បាននិយាយថា របបយោធាដែលបានផ្តួលរំលំប្រធានាធិបតី អាល់ហ្វា ខនដេ(Alpha Conde) កំពុងសម្របសម្រួលការប្រគល់អំណាច ដើម្បីបង្កើតរដ្ឋាភិបាលថ្មី។

នៅព្រឹកថ្ងៃអាទិត្យសំឡេងកាំភ្លើងយ៉ាងខ្លាំងត្រូវបានគេលឺនៅក្នុងសង្កាត់កាលូម ទីប្រជុំជនខនណាគ្រីក្នុងប្រទេសហ្គីណេ ដែលជាកន្លែងវិមានប្រធានាធិបតីនិងនាយកដ្ឋានក្រសួងជាច្រើនស្ថិតនៅ។

លោកវរសេនីយ៍ ឡៃធឺណាន់ ខូឡូនេល ម៉ាម៉ាឌី ឌូមប៊ូយ៉ា (Lieutenant-Colonel Mamady Doumbouya) បានប្រកាសតាមកញ្ចក់ទូរទស្សន៍ជាតិថា កងកម្លាំងរបស់លោកបានចាប់ខ្លួនប្រធានាធិបតី អាល់ហ្វា ខនដេ ហើយបានរំលាយរដ្ឋាភិបាលនិងស្ថាប័នជាតិ។

លោក Sylla Naby Moussa ទីប្រឹក្សាសេដ្ឋកិច្ចរបស់ប្រធានាធិបតីបាននិយាយថា ប្រតិបត្តិការប្រគល់អំណាចរវាងរដ្ឋាភិបាលហ្គីណេ បានចាប់ផ្តើមដោយសារកម្លាំងយោធាក្នុងស្រុកភាគច្រើនចូលរួមជាមួយគណៈកម្មាធិការជាតិប្រមូលផ្តុំនិងអភិវឌ្ឍន៍ (CNRD) ដឹកនាំដោយប្រមុខរដ្ឋប្រហារ លោក ម៉ាម៉ាឌី ឌូមប៊ូយ៉ា ។

អង្គការអន្តរជាតិដូចជា អង្គការសហប្រជាជាតិ សហភាពអាហ្វ្រិក (AU) និងសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្រ្វិកខាងលិច (ECOWAS) ក៏ដូចជារដ្ឋាភិបាលមួយចំនួន បានថ្កោលទោសចំពោះការធ្វើរដ្ឋប្រហារនេះ និងបានអំពាវនាវឱ្យមានការដោះលែងលោកប្រធានាធិបតី ខនដេ ជាបន្ទាន់។

ខណៈពេលថ្លែងទៅកាន់រដ្ឋមន្រ្តីរដ្ឋាភិបាលនិងមន្រ្តីជាន់ខ្ពស់កាលពីថ្ងៃចន្ទលោក ឌូមប៊ូយ៉ា បានប្រកាសពីការចាប់ផ្តើមនៃការផ្លាស់ប្តូរមួយក្នុងទិសដៅ «ហ្គីណេថ្មី ហើយកូនប្រុសរបស់ប្រទេសនេះនឹងផ្សះផ្សាគ្នា»។

លោក ម៉ាម៉ាឌី ឌូមប៊ូយ៉ា បាននិយាយថា ពួកគេមានគម្រោងបង្កើតរដ្ឋាភិបាលថ្មី នៃការរួបរួមជាតិ ហើយបានហាមឃាត់មន្រ្តីរដ្ឋាភិបាល បើគ្មានមការអនុញ្ញាតមិនអាចចេញពីប្រទេសហ្គីណេបានឡើយ ៕

Khcct banner

អត្ថបទទាក់ទង